ខ្មែរប៉ុស្ដិ៍ Close

ធនាគារជាតិនៃកម្ពុជា ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធទូទាត់និងផ្ទេរប្រាក់ថ្មី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 59
ធនាគារជាតិនៃកម្ពុជា ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធទូទាត់និងផ្ទេរប្រាក់ថ្មី ធនាគារជាតិនៃកម្ពុជា ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធទូទាត់និងផ្ទេរប្រាក់ថ្មី

ធនាគារជាតិនៃកម្ពុជា បានប្រកាស «ការដាក់ឱ្យដំណើរការជាផ្លូវការ ‍‍‍‍‍‍‍‍‍ប្រព័ន្ធរីធែលផេ‍ (Retail Pay)» ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការផ្តល់នូវការទូទាត់ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងជាឧបករណ៍ទូទាត់ដោយរហ័ស សម្រាប់ការទូទាត់ពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រព័ន្ធទូទាត់ថ្មីត្រូវបានបង្កើតឡើងក្រោមការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)។

លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថាប្រព័ន្ធទូទាត់ប្រាក់មានតួនាទីសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ដោយផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពដើម្បីជួយសម្រួលដល់ការផ្ទេរមូលនិធិនិងសកម្មភាពទូទាត់នានា។ ប្រព័ន្ធនេះក៏មានអំណោយផលផងដែរក្នុងការពន្លឿនបរិយាប័ន្នហិរញ្ញវត្ថុតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុដែលមានលក្ខណៈច្នៃប្រឌិតថ្មីសម្រាប់ប្រជាជនជនបទដែលមិនមានសេវាធនាគារ។

ធនាគារជាតិ នៃកម្ពុជាមានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអភិវឌ្ឍនិងធ្វើនិយ័តកម្មប្រព័ន្ធទូទាត់សម្រាប់សុវត្ថិភាព ប្រសិទ្ធភាព ការប្រកួតប្រជែង និងការការពារអតិថិជន ក៏ដូចជាការបង្កើតនូវសកម្មភាពថ្មីនៅក្នុងវិស័យទូទាត់។

លោកស្រីបន្តថា ធនាគារជាតិ នៃកម្ពុជា បាននិងកំពុងធ្វើការលើការអភិវឌ្ឍរបស់ខ្លួនជាអាទិភាពមួយដើម្បីកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ និងជំរុញការប្រើប្រាស់ការទូទាត់តាមអេឡិចត្រូនិកក្នុងសេដ្ឋកិច្ច ក៏ដូចជាជំរុញបរិយាប័ន្នហិរញ្ញវត្ថុស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរបស់រដ្ឋាភិបាល។

យោងតាមសេចក្តីថ្លែងការណ៍របស់ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈប្រព័ន្ធរីធែលផេ‍ នៅពេលដែលអ្នកផ្ញើប្រាក់ផ្ញើប្រាក់ (រៀលឬដុល្លារ) ដោយធនាគារឬប្រើប្រាស់ធនាគារចល័ត វាត្រូវបានដាក់ទៅក្នុងគណនីធនាគាររបស់អ្នកទទួលក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ សេវាកម្មនេះអនុញ្ញាតឱ្យប្រជាជនបង់ថ្លៃឈ្នួល ថ្លៃថែទាំ និងវិក័យប័ត្រប្រើប្រាស់ទឹក អគ្គិសនី ដែលកាត់បន្ថយហានិភ័យនៃការបាត់បង់សាច់ប្រាក់។

ភ្នាក់ងារ KOICA បានឲ្យដឹងថា សាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា បានព្រមព្រៀងធ្វើការរួមគ្នាលើគម្រោងការពង្រឹងប្រព័ន្ធទូទាត់ជាតិក្នុងប្រទេសកម្ពុជា ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ ដោយផ្តល់ជំនួយឥតសំណងចំនួន ៨ ០០០ ០០០ លានដុល្លារ (ប្រាំបីលានដុល្លារអាម៉េរិក) តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) សម្រាប់ការធ្វើផែនការ ការកំណត់អត្តសញ្ញាណ ការបញ្ជាក់ ការរចនា ការអនុវត្ត ការសាកល្បង និងការបង្កើតប្រព័ន្ធទូទាត់ចំនួន៣ រួមមាន ប្រព័ន្ធផ្ទេរមូលនិធិភ្លាមៗ(real-time fund transfer “RFT”) ប្រព័ន្ធទូទាត់ចល័ត(mobile payment system “MPS”) និងប្រព័ន្ធទូទាត់តាមរយៈQRកូដ (QR-code payment system “QPS”) ។ ទន្ទឹមនេះ វាក៏រួមបញ្ចូល ប្រព័ន្ធផាត់ទាត់អេឡិចត្រូនិក (electronic clearing system “ECS”) ផងដែរ។

ជាមួយគ្នានេះផងដែរ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថាប្រព័ន្ធទូទាត់អេឡិចត្រូនិក‍‍‍‍‍‍‍‍‍ Retail Pay អនុញ្ញាតឱ្យអតិថិជនធ្វើការផ្ទេរប្រាក់តាមពេលវេលាជាក់លាក់ពីគណនីធនាគារមួយទៅកាន់គណនីមួយផ្សេងទៀតប្រសិនបើធនាគារទាំងពីរជាសមាជិកនៃប្រព័ន្ធនេះ។

លោកស្រីបានបន្ថែមថា៖ «បច្ចុប្បន្ននេះ យើងមានស្ថាប័នធនាគារនិងហិរញ្ញវត្ថុចំនួន ២២ ដែលជាសមាជិកនៃប្រព័ន្ធនេះ។ អតិថិជនអាចធ្វើប្រតិបត្តិការដោយផ្ទេរមូលនិធិ retail fund លេខកូដ QR ឬតាមទូរស័ព្ទចល័ត។ ប្រព័ន្ធនេះនឹងត្រូវបានប្រើប្រាស់ដោយប្រើរូបិយប័ណ្ណទាំងពីរ ហើយវាក៏អាចដំណើរការជាមួយរូបិយប័ណ្ណផ្សេងៗផងដែរ»។

លោកស្រីបន្តថានៅពេលដែលអតិថិជនធ្វើប្រតិបត្តិការតាមអេឡិចត្រូនិក រាល់ព័ត៌មានទាំងអស់ត្រូវបានកត់ត្រាទុក។ ដូច្នេះ ធនាគារអាចប្រើទិន្នន័យដើម្បីវិភាគលំហូរសាច់ប្រាក់លើប្រាក់ចំណូលប្រចាំថ្ងៃនិងប្រចាំខែ ខណៈដែលសកម្មភាពនេះជាលក្ខណៈវិនិច្ឆ័យមួយដែលត្រូវបានប្រើដោយធនាគារក្នុងការសម្រេចអនុម័តប្រាក់កម្ចី។

លោក​ ​សាយ​ ​សូ​នី​ ​អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បានមានប្រសាសន៍ថាប្រសិនបើអតិថិជនមានគណនីធនាគារចល័តប្រាសាក់នោះ ប្រព័ន្ធ Retail Pay នឹងផ្តល់លទ្ធភាពដល់ពួកគេក្នុងការផ្ទេរប្រាក់ទៅអ្នកកាន់គណនីនៅធនាគារដែលមានសមាជិកជាង ២០ ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា និងជាប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដាបានឲ្យដឹងផងដែរថា ប្រជាជនបច្ចុប្បន្នកំពុងប្រើប្រាស់បញ្ជរធនាគារដើម្បីធ្វើប្រតិបត្តិការដែលមានចំនួនប្រមាណជា ១៨ ភាគរយនៃអតិថិជនអេស៊ីលីដាចំនួន ២ លាននាក់ ខណៈដែលចំនួនដែលនៅសល់ប្រើកម្មវិធីចល័តនិងមជ្ឈមណ្ឌលស្វ័យប្រវត្តិ។ ឆ្នាំនេះ អេស៊ីលីដាប៉ាន់ប្រមាណថាចំនួននឹងកើនឡើងពី ១០ ទៅ ១២ ភាគរយ៕ Khmer Times

អត្ថបទទាក់ទង