ខ្មែរប៉ុស្ដិ៍ Close

IMF កោតសរសើរពីភាពរឹងមាំនៃវិស័យធនាគាររបស់កម្ពុជា ទោះមានសម្ពាធដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ច នៅឆ្នាំ២០២០ក្តី !

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 34
IMF កោតសរសើរពីភាពរឹងមាំនៃវិស័យធនាគាររបស់កម្ពុជា ទោះមានសម្ពាធដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ច នៅឆ្នាំ២០២០ក្តី ! IMF កោតសរសើរពីភាពរឹងមាំនៃវិស័យធនាគាររបស់កម្ពុជា ទោះមានសម្ពាធដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ច នៅឆ្នាំ២០២០ក្តី !

(ភ្នំពេញ)៖ ក្រុមបេសកកម្ម Staff Visit របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កោតសរសើរពីភាពរឹងមាំនៃវិស័យធនាគាររបស់កម្ពុជា ទោះមានសម្ពាធដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ច នៅឆ្នាំ២០២០ យ៉ាងណាក្តី ។

ក្រុមបេសកកម្ម Staff Visit របស់មូលនិធិរូបិយវត្ថុអន្តរជាតិបានរំពឹងថា វិស័យធនាគារ នឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគាំទ្រកំណើន ក្នុងដំណាក់កាលស្តារសេដ្ឋកិច្ចក្រោយវិបត្តិ។

ការកោតសសើរ របស់ក្រុមបេសកកម្ម Staff Visit របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ធ្វើឡើងក្នុងឱកាសលោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានចូលរួមកិច្ចប្រជុំជាមួយក្រុមបេសកកម្ម Staff Visit របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដឹកនាំដោយ លោក Alasdair Scott ប្រធានក្រុមបេសកកម្ម IMF សម្រាប់កម្ពុជា ដើម្បីពិភាក្សាពីលទ្ធផលបេសកកម្ម Staff Visit របស់មូលនិធិរូបិយវត្ថុអន្តរជាតិនៅកម្ពុជា ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញ។

ក្រុមបេសកកម្ម IMF បានវាយតម្លៃខ្ពស់ពីវិធានការដែលរាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជាបានដាក់ចេញ ដោយបានឆ្លើយតបយ៉ាងឆាប់រហ័ស ទាន់ពេលវេលា និងសមស្រប ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា និងជួយគាំទ្រសកម្មភាពអាជីវកម្ម កាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច-សង្គម ជាពិសេសមកលើប្រជាជនក្រីក្រ។

រាជរដ្ឋាភិបាលបានបង្វែរទិសដៅគោលនយោបាយសារពើពន្ធ ទៅរកផ្នែកអាទិភាពបានយ៉ាងល្អប្រសើរ ហើយធនាគារជាតិនៃកម្ពុជា បានកាត់បន្ថយប្រាក់បម្រុងកាតព្វកិច្ចយ៉ាងឆាប់រហ័ស និងបានចេញសេចក្តីណែនាំ ដើម្បីជួយសម្រួលដល់ការរៀបចំឥណទានឡើងវិញ។

ក្រុមបេសកកម្ម IMF បានយល់ឃើញស្របតាមការវាយតម្លៃស្ថានភាពប្រឈម ហានិភ័យ និងទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ច របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា។

ចំពោះកម្ពុជា តម្រូវការខាងក្រៅមានភាពមិនច្បាស់លាស់ខ្លាំង ក៏ប៉ុន្តែក្រុមបេសកកម្មមានសុទិដ្ឋិនិយម ចំពោះកំណើនក្នុងវិស័យចម្បងៗរបស់សេដ្ឋកិច្ចកម្ពុជា ជាពិសេស វិស័យកម្មន្តសាល ខណៈដែលវិស័យទេសចរណ៍នឹងងើបឡើងយឺត។

ជារួម IMF បានផ្តល់អនុសាសន៍ដល់បណ្តាប្រទេសជាច្រើន ដោយបណ្តាប្រទេសដែលទទួលរងផលប៉ះពាល់គួរ៖ ១៖ ផ្តល់អាទិភាពទៅលើបញ្ហាសុខភាពសាធារណៈនិងវិធានការការពារការរីករាលដាលនៃជំងឺកូវីដ-១៩។

២៖ ផ្តល់នូវគោលនយោបាយគាំទ្រគ្រប់គ្រាន់ទាំងផ្នែកសារពើពន្ធនិងរូបិយវត្ថុ និងចៀសវាងការដកចេញនូវគោលនយោបាយគាំទ្រទាំងនេះលឿនពេក។

៣៖ បន្តរក្សាស្ថិរភាពហិរញ្ញវត្ថុ និងតាមដានហានិភ័យនៃប្រព័ន្ធហិរញ្ញវត្ថុ។

កែទម្រង់បញ្ហារចនាសម្ព័ន្ធ ដោយផ្តោតលើការកាត់បន្ថយផលប៉ះពាល់ និងជំរុញសក្តានុពលសម្រាប់កំណើនសេដ្ឋកិច្ច។

ក្រុមបេសកកម្ម IMF ក៏បានវាយតម្លៃខ្ពស់ចំពោះការប្រើប្រាស់ជំនួយបច្ចេកទេស ដែលធនាគារជាតិនៃកម្ពុជា ទទួលបានពីមូលនិធិរូបិយវត្ថុអន្តរជាតិ ថាមានប្រសិទ្ធភាព និងចំគោលដៅល្អ។

ដូចនេះមូលនិធិរូបិយវត្ថុអន្តរជាតិ នឹងបន្តផ្តល់ជំនួយបច្ចេកទេស ក៏ដូចជាជួយកសាងសមត្ថភាពបន្ថែមទៀត ក្នុងគោលដៅពង្រឹងភាពធន់ និងការអភិវឌ្ឍនៃវិស័យធនាគារកម្ពុជា៕

អត្ថបទទាក់ទង