លោក ជា ចាន់តូ ទទួលចំណាត់ថ្នាក់ជាថ្នាក់ដឹកនាំធនាគារកណ្តាលឆ្នាំ២០២១ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក
ក្រោមការដឹកនាំរបស់ លោក ជា ចាន់តូ ធនាគារជាតិនៃកម្ពុជាទទួលបានជោគជ័យក្នុងការគ្រប់គ្រងប្រព័ន្ធធនាគារបានល្អប្រសើរ ក្នុងដំណាក់កាលដែលកម្ពុជា ក៏ដូចជាពិភពលោកកំពុងជួបនឹងវិបត្តិ នៅឆ្នាំ២០២០ កន្លងទៅ។
ជាលទ្ធផល លោកត្រូវបានជាប់ចំណាត់ថ្នាក់ជាថ្នាក់ដឹកនាំធនាគារកណ្តាលឆ្នាំ២០២១ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្ដល់ ដោយ The Banker ដែលជាភ្នាក់ងារប្រមូលផ្តុំទិន្នន័យនិងផ្សព្វផ្សាយព័ត៌មានផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសកលលោក។
បញ្ហាប្រឈមនានាដែលបានជួបប្រទះក្នុងឆ្នាំកន្លងទៅនេះរួមមានវិបត្តិនៃជម្ងឺរាតត្បាត ខណៈដែលប្រទេសក៏បានរងផលប៉ះពាល់យ៉ាងខ្លាំងពីការបាត់បង់ចំណូលទេសចរណ៍ និងគ្រោះទឹកជំនន់ដែលបានប៉ះពាល់ដល់ប្រជាជន ៥ លាននាក់។
បើទោះបីជាមានការប្រឈមនឹងលក្ខខណ្ឌទាំងនេះក៏ដោយ ក៏ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថានឹងមានការកើនឡើងចំនួន ១,៩ ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ ២០២០ ដែលជាចំនួនគួរឱ្យកត់សម្គាល់មួយ។
បន្ទាប់ពីមានផងលប៉ះពាល់ដែលបង្កឡើងដោយករណីជំងឺរាតត្បាតនិងទឹកជំនន់លើអាជីវកម្មនានា ធនាគារជាតិ នៃកម្ពុជាបានដាក់ចេញនូវវិធានការគាំទ្រមួយចំនួនដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងនោះរួមមាន ការរៀបចំឥណទានឡើងវិញដែលបានដាក់ឱ្យអនុវត្តកាលពីខែមីនា ឆ្នាំ២០២០កន្លងមក និងបន្តអនុវត្តដល់ដំណាច់ខែមិថុនា ឆ្នាំ២០២១នេះ។
ការរៀបចំឥណទានឡើងវិញត្រូវបានអនុញ្ញាតរហូតដល់ទៅ៣ដង ដោយមិនមានប៉ះពាល់ដល់ចំណាត់ថ្នាក់ឥណទាននោះទេ។
បទប្បញ្ញត្តិបន្ថែមរួមមាន៖ ការកាត់បន្ថយអត្រាការប្រាក់ និងការលើកលែងថ្លៃសេវា ជាដើម។ ការដាក់ចេញនេះបានធ្វើឱ្យឥណទានមិនដំណើរការស្ថិតក្នុងកម្រិតទាប ២,៥%។
ធនាគារជាតិ នៃកម្ពុជា ក៏បានដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធបាគង កាលពីខែតុលា ឆ្នាំ២០២០ ដែលបានរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ដោយសារមានក្រុមហ៊ុនឯកជនជាច្រើនបើកប្រាក់បៀវត្សរ៍ជូនបុគ្គលិករបស់ខ្លួនជាសាច់ប្រាក់នៅឡើយ។ ប្រព័ន្ធបាគងត្រូវបានបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន និងអាចធ្វើប្រតិបត្តិការទូទាត់បានទាំងជាប្រាក់រៀលនិងប្រាក់ដុល្លារអាមេរិក តាមរយៈទូរស័ព្ទដៃ ដោយអ្នកប្រើប្រាស់អាចស្កេនលេខកូដ ឬវាយបញ្ចូលលេខទូរស័ព្ទរបស់អ្នកទទួលប្រាក់។ ប្រព័ន្ធបាគងមានសមាជិកប្រមាណ ២០ធនាគារ។
ជាមួយគ្នានេះ រូបិយវត្ថុជាតិក៏ត្រូវបានជំរុញឱ្យប្រើប្រាស់យ៉ាងខ្លាំងក្លាផងដែរ សំដៅជំរុញកំណើនប្រកបដោយចីរភាព និងអភិវឌ្ឍប្រព័ន្ធធនាគារប្រកបដោយប្រសិទ្ធភាព និងជាពិសេសកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក។ បច្ចុប្បន្ន ការទូទាត់ដែលមានទឹកប្រាក់តិចជាង១០០ដុល្លារអាមេរិកត្រូវបានធ្វើឡើងជាប្រាក់រៀល ខណៈដែលការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកដែលមានទំហំទឹកប្រាក់តូចបានថយចុះជាបណ្តើរៗ៕ ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា ខ្មែរថែមស៍