ខ្មែរប៉ុស្ដិ៍ Close

រមណីយដ្ឋានបក្សីមេគង្គ ខេត្តស្ទឹងត្រែង កំពុងអង្រួនចិត្តភ្ញៀវទេសចរ ជាមួយនឹងកន្លែងកម្សាន្តប្លែកភ្នែក អមដោយទេសភាពយ៉ាងស្រស់ត្រកាល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 108
រមណីយដ្ឋានបក្សីមេគង្គ ខេត្តស្ទឹងត្រែង កំពុងអង្រួនចិត្តភ្ញៀវទេសចរ ជាមួយនឹងកន្លែងកម្សាន្តប្លែកភ្នែក អមដោយទេសភាពយ៉ាងស្រស់ត្រកាល រមណីយដ្ឋានបក្សីមេគង្គ ខេត្តស្ទឹងត្រែង កំពុងអង្រួនចិត្តភ្ញៀវទេសចរ ជាមួយនឹងកន្លែងកម្សាន្តប្លែកភ្នែក អមដោយទេសភាពយ៉ាងស្រស់ត្រកាល

រមណីយដ្ឋានទេសចរណ៍បក្សីមេគង្គ ក្នុងខេត្តស្ទឹងត្រែង បានលាតត្រដាងនូវទេសភាពយ៉ាងស្រស់ត្រកាល ដែលអង្រួនចិត្តភ្ញៀវទេសចរឱ្យចង់ទៅលេងកម្សាន្តម្តងហើយម្តងទៀត មិនចេះនឿយណាយ។

លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា បក្សីមេគង្គ គឺជារមណីយដ្ឋានទេសចរណ៍ កែច្នៃបែបធម្មជាតិមួយ ត្រូវបានបង្កើតឡើងដើម្បីស្វាគមន៍ភ្ញៀវទេសចរ ដែលនិយមចូលចិត្តការកម្សាន្តបែបធម្មជាតិ មកពីគ្រប់ទិសទី។ មិនត្រឹមតែប៉ុណ្ណោះ រមណីយដ្ឋានកែច្នៃបែបខ្មែរមួយនេះ បានជួយលើកមុខមាត់ខេត្តស្ទឹងត្រែងបច្ចុប្បន្នឱ្យប្រែក្លាយទៅជាខេត្តដែលធ្វើឱ្យអ្នកដំណើរមិនអាចមើលរំលងបាន។

លោកបន្តថា ភ្ញៀវទេសចរដែលបានមកកម្សាន្តនៅទីនេះ ប្រាកដជាស្រស់ស្រាយក្នុងចិត្ត និងប្លែកភ្នែកជាមួយនឹងការរៀបចំ ប្រកបដោយការច្នៃប្រឌិតខ្ពស់ ផ្ដោតទៅលើវប្បធម៌ប្រពៃណីរបស់ខេត្តស្ទឹងត្រែង ដោយមានរៀបចំជាផ្ទះស្នាក់បែបបឹងកាឡូយ៉ាងប្រណិត មានសេវានាំផ្លូវដើរលេងកម្សាន្ត មានការរៀបចំជាសារមន្ទីរពាងបុរាណរាប់រយពាង មានការតាំងបង្ហាញនូវការត្បាញកន្ទេលយ៉ាងស្រស់ស្អាត មានការដាំបន្លែធម្មជាតិជាច្រើនប្រភេទ សម្រាប់ផ្គត់ផ្គង់អាហារបែបធម្មជាតិ សម្រាប់ភ្ញៀវទេសចរដែលមកទទួលសេវានៅទីនេះ ។

« រមណីយដ្ឋានទេសចរណ៍បក្សីមេគង្គ ដែលគ្រប់គ្រងដោយវិស័យឯកជនអញ្ចឹងសម្រាប់ការរៀបចំបម្រើសេវាកម្មដល់ភ្ញៀវទេសចរ មានដូចជាកន្លែងស្នាក់នៅ សេវាដឹកជញ្ជូនភ្ញៀវទេសចរ និងមានការរៀបចំជាសេវាកម្មម្ហូបអាហារសម្រាប់ភ្ញៀវទេសចរដែលមកកម្សាន្ត »។

លោក វី សាវ័ន្ត អ្នកគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍បក្សីមេគង្គបានមានប្រសាសន៍ថា រមណីយដ្ឋានបក្សីមេគង្គ មានរៀបចំ ជាកញ្ចប់សេវាទេសចរណ៍សម្រាប់ភ្ញៀវទេសចរដើរកម្សាន្ត ដោយមានការជិះកង់ ជិះទូកកាយ៉ាក់តាមតំបន់រ៉ាមសារ បោះជំរុំលើកោះ រៀបចំម្ហូបញ៉ាំលើកោះ នាំភ្ញៀវមើលសត្វស្លាបរាប់ម៉ឺនក្បាល ស្ទូចត្រី មុជលេងកម្សាន្ត បង្ហោះគោម ក៏ដូចជារៀបចំដុតភ្លើងសម្រាប់ពិធីជប់លៀងនាពេលត្រីជាដើម។

« រមណីយដ្ឋាននេះអ្វីដែលសំខាន់ គឺយើងមានការរៀបចំជូនភ្ញៀវទៅលេងលើកោះ មានការញ៉ាំអាហារ ការងូតទឹក ការជិះទូកមើលសត្វព្រៃសត្វស្លាប មើលព្រៃលិចទឹក ជាពិសេសគឺយើងមានរៀបជាកញ្ចប់ញ៉ាំអាហារនៅលើកោះ ដែលយើងមានដុតទៀន បង្ហោះគោម ហើយនឹងដុតភ្លើង ដែលទាំងនេះគឺសំខាន់ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមក កម្សាន្តនៅខេត្តស្ទឹងត្រែងកាន់តែច្រើន »។

លោកបន្ថែមទៀតថា រមណីយដ្ឋានទេសចរណ៍កែច្នៃបែបធម្មជាតិបក្សីមេគង្គ បានបង្កើតឡើងតាំងពីឆ្នាំ២០០៨ ក្នុងភូមិថ្មី សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដែលមានចម្ងាយ៩គីឡូម៉ែត្រពីរង្វង់មូលក្រុងស្ទឹងត្រែង ។

សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែងមានតំបន់ទេសចរណ៍សរុបចំនួន២២ រួមមាន សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ, តំបន់ទេសចរណ៍រ៉ាមសា, សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន, សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ, រមណីយដ្ឋានបក្សីមេគង្គ, ស្ទឹងត្រែងរីសត, រមណីយដ្ឋានចម្ការក្រូច និង តំបន់ទេសចរណ៍អូរឫស្សីកណ្ដាលជាដើម៕

អត្ថបទទាក់ទង