អភិបាលខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ រងគ្រោះទឹកជំនន់ក្នុងស្រុកសៀមប៉ាង
ស្ទឹងត្រែង៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងលោក ឈឹម រចនា ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ ៤៣៨គ្រួសារ នៅឃុំស្រែសំបូរ ឃុំថ្មកែវ និងឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលរងគ្រោះដោយទឹកជំនន់ហូរចូលទន្លេសេកុង ដោយសារការបាក់ទំនប់វារីអគ្គិសនី សេពានសេណាមណយ ខេត្តអត្តពឺ ប្រទេសឡាវ ដែលមានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ឡាវ។
ក្នុងឱកាសចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌នេះ លោកអភិបាលខេត្ត បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់នៅស្រុកសៀមប៉ាងទាំងអស់ផងដែរ។
លោកអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយមិនឲ្យប៉ះពាល់ដល់អាយុជីវិតបងប្អូនណាម្នាក់ឡើយ។ ជាក់ស្តែងក្នុងអំឡុងពេលគ្រោះទឹកជនន់នេះ អាជ្ញាធរខេត្តបានដាក់ចេញនូវផែនការសរុប និងប្រើប្រាស់ធម្យោបាយសរុប កម្លាំងសរុប ដើម្បីជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព និងបញ្ជូនសម្ភារៈប្រើប្រាស់ តង់ មុងជ្រលក់ថ្នាំការពារមូស ឱសថ កានទឹក ក្រុមគ្រូពេទ្យប្រចាំការ និងស្បៀងអាហារ ជូនបងប្អូនដែលកំពុងនៅទីទួលសុវត្ថិភាព។
លោកអភិបាលខេត្ត បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋរងគ្រោះទាំងអស់ ឲ្យថែរក្សាសុខភាពឲ្យបានល្អ និងសម្អាតភូមិ លំនៅដ្ឋានរបស់ខ្លួន នៅពេលបងប្អូនប្រឡប់មកកាន់លំនៅដ្ឋានវិញបន្ទាប់ពីទឹកជំនន់ស្រកចុះ។ ជាមួយគ្នានេះ អភិបាលខេត្ត បានថ្លែងអំណរគុណដល់អង្គការភ្លែនអន្តរជាតិកម្ពុជា និងអង្គការការីសតាសកម្ពុជា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលដោយផ្តល់ជាអំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នៅស្រុកសៀមប៉ាងទាំងអស់។
គួរបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌របស់អង្គការភ្លែនអន្តរជាតិកម្ពុជា អង្គការការីសតាសកម្ពុជា និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះចំនួន ៤៣៨គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន ធុងចំរោះទឹក១ កំសៀវទឹក១ បោយដងទឹក១ កែវទឹកចំនួន៦ ធុងទឹកចំណុះ១៦លីត្រចំនួន១ ធុងទឹកចំណុះ ២០លីត្រចំនួន១ កានទឹកចំណុះ២០លីត្រចំនួន១ កន្រ្តៃកាត់ក្រចក១ មុង២ កន្ទេល២ កន្សែងជូតដៃ១ ក្រមា១ សារុង១ តង់១ សាប៊ូ២ដុំ សាប៊ូកញ្ចប់១គីឡូក្រាម និងម្សៅធ្វើឲ្យទឹកស្អាតចំនួន ៥០កញ្ចប់ផងដែរ ៕