ខ្មែរប៉ុស្ដិ៍ Close

ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោដែលជាជំនួយរបស់រដ្ឋាភិបាលចិន សម្រេចបាន៩០ភាគរយហើយ ​

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 39
ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោដែលជាជំនួយរបស់រដ្ឋាភិបាលចិន សម្រេចបាន៩០ភាគរយហើយ ​ ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោដែលជាជំនួយរបស់រដ្ឋាភិបាលចិន សម្រេចបាន៩០ភាគរយហើយ ​

ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបាន៩០ភាគរយហើយ ដោយគ្រោងឱ្យហើយនៅពេលពេល ឆាប់ៗនេះ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ ។

លោក វ៉ា ហេងដាវុធ អនុប្រធានរៀបចំទីលានប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៃគណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡា និងជាលេខាធិការដ្ឋានបច្ចេកទេសសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ចំពោះដំណើរការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញកំពុងដំណើរការ សាងសង់យ៉ាងសកម្ម មិនផ្អាកនោះឡើយ ពោលគឺនៅដំណាច់ចុងខែឧសភា ឆ្នាំ២០២១នេះ នឹងសម្រេចរួចរាល់ ជាស្ថាពរ ដើម្បីធ្វើការសម្ពោធ សម្រាប់ទទួលកីឡាជាតិលើកទី៣នៅឆ្នាំ២០២២ និងដើម្បីត្រៀមទទួលកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

លោកបានបន្តថា កម្ពុជាបានត្រៀមរួចជាបណ្តើរៗហើយ នូវហេដ្ឋារចនាសម្ព័ន្ធ ការប្រមូលផ្តុំក្រុមកីឡាករជម្រើសជាតិ ដើម្បីត្រៀមកីឡាស៊ីហ្គេម ក្នុងចន្លោះប្រភេទកីឡាពី៣០ទៅ៣៥ប្រភេទកីឡា ដើម្បីឆ្ពោះ ទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា។

«គម្រោងពហុកីឡដ្ឋានដ៏ធំនេះវាជាគម្រោងដ៏ធំជាងគេនៅក្នុងអាស៊ីអាគ្នេយ៍របស់យើង គម្រោងសាងសង់នេះ ជំនួយប្រហែលជាង១រយលានដុល្លារអាមេរិក វាជាជំនួយអត់សំណងរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន សម្រាប់សាងសង់ពហុកីឡាដ្ឋាននេះជូនប្រជាជនកម្ពុជា ឥឡូវបានប្រហែលជា៩០ភាគរយហើយ។ ជារួមសភាពសព្វថ្ងៃ យើងនៅតែពិនិត្យឃើញថា ទាន់ពេលវេលាកំណត់ ព្រោះសព្វថ្ងៃនេះពហុកីឡដ្ឋានទាំងមូល ផ្នែកសាងសង់គ្រោងបង្គុំអគារ បានចប់សព្វគ្រប់រួចហើយ យើងនៅសល់តែការតុបតែងលម្អនិងការបំពាក់ ក្នុងពហុកីឡដ្ឋានធំនេះ អាចផ្ទុកចំនួនទស្សនិកជន បានរហូតដល់៦ម៉ឺននាក់»។

សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ លើកទី៣២នេះ បែងចែកជា១៤គណៈកម្មការ ក្នុងនោះ ទី១. គឺគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ , ទី២.គណៈកម្មការកីឡា និងបទបញ្ញត្តិ ,ទី៣.គណៈកម្មការហរិញ្ញវត្ថុ និងផ្គត់ផ្គង់, ទី៤.គណៈកម្មការហ្គេមព័ត៌មានវិទ្យា, ទី៥.គណៈកម្មការទីលានប្រកួត,ទី៦.គណៈកម្មការវេជ្ជសាស្ត្រនិងដូភីង, ទី៧.គណៈកម្មការអ្នកស័្មគ្រចិត្ត ,ទី៨. គណៈកម្មការវប្បធម៌ បរិស្ថាននិងអប់រំកីឡា,ទី៩.គណៈកម្មការស្នាក់នៅ ហូបចុកនិងដឹកជញ្ជូន, ទី១០. គណៈកម្មការផ្សព្វផ្សាយនិងព័ត៌មាន, ទី១១.គណៈកម្មការទីផ្សារនិងចលនូបត្ថម្ភ, ទី១២. គណៈកម្មការពិធីការ, ទី១៣. គណៈកម្មការពិធីបើកនិងបិទ និងទី១៤. គណៈកម្មការលេខាធិការដ្ឋាន៕

អត្ថបទទាក់ទង