ខ្មែរប៉ុស្ដិ៍ Close

ក្រសួងកសិកម្មចាប់ផ្តើមពង្រីក ការចិញ្ចឹមកង្កែប ត្រីអណ្តែងដល់កសិករជាង៦០០០គ្រួសារ នៅទូទាំងប្រទេស

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២០ នគរគំនិត 51
ក្រសួងកសិកម្មចាប់ផ្តើមពង្រីក ការចិញ្ចឹមកង្កែប ត្រីអណ្តែងដល់កសិករជាង៦០០០គ្រួសារ នៅទូទាំងប្រទេស ក្រសួងកសិកម្មចាប់ផ្តើមពង្រីក ការចិញ្ចឹមកង្កែប ត្រីអណ្តែងដល់កសិករជាង៦០០០គ្រួសារ នៅទូទាំងប្រទេស

MC៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចាប់ផ្តើមពង្រីក ការចិញ្ចឹមកង្កែប ត្រីអណ្តែង ដល់កសិករជាង៦០០០គ្រួសារ នៅទូទាំងប្រទេស ក្រោយពីទទួលការគាំទ្រហិរញ្ញប្បទានជាបឋម ចំនួនប្រមាណជាង៤លាន៦សែនដុល្លារអាមេរិក ដើម្បីចាប់ផ្តើមសកម្មភាព ចុះជួយដល់កសិករបានបង្កើនប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារ។
អ្នកយកព័តមានយើងធ្វើសេចក្តីរាយការណ៍…….
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានប្រសាសន៍ថា គម្រោងចិញ្ចឹមត្រីអណ្តែង និងកង្កែបនេះមាន៣គម្រោង ដោយគម្រោងទី១ អនុវត្តនៅខេត្តចំនួន១០ រួមមាន៖ ខេត្តរតនគីរី មណ្ឌលគីរី ព្រះវិហារ ឧត្តរមានជ័យ កំពត ព្រះសីហនុ ត្បូងឃ្មុំ ស្វាយរៀង កំពង់ស្ពឺ និងខេត្តប៉ៃលិន ដោយចិញ្ចឹមនៅក្នុងតង់ប្លាស្ទីក ដោយប្រើរយៈពេលខ្លី ចំណាយដើមទុនតិច និងទទួលបានប្រាក់ចំណូលខ្ពស់។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា គម្រោងនេះបានប្រើប្រាស់កញ្ចប់ថវិកាពិសេសរបស់រាជរដ្ឋាភិបាល ចំនួន២០០០ពាន់លានរៀល ផ្តោតលើសកម្មភាពសំខាន់ដូចជា៖ ការចិញ្ចឹមត្រីអណ្តែងក្នុងតង់ប្លាស្ទីក ចំនួន១០០០គ្រួសារ, ការចិញ្ចឹមកង្កែបក្នុងតង់ប្លាស្ទីក ចំនួន៧០០គ្រួសារ និងពង្រឹងសមត្ថភាពកសិករផលិតកូនត្រីពូជ (ដោយផ្តល់អ័រម៉ូន ចំណី និងកូនត្រីពូជ) ចំនួន ៥០គ្រួសារកសិករ។

ឯកឧត្តបន្តទៀតថា ចំពោះគម្រោងទី២ គឺអនុវត្តនៅខេត្តចំនួនទៀតខេត្ត រួមមាន៖ ខេត្តតាកែវ កំពង់ចាម បាត់ដំបង សៀមរាប ពោធិ៍សាត់ ព្រៃវែង កណ្តាល កំពង់ឆ្នាំង កំពង់ធំ និងខេត្តបន្ទាយមានជ័យ។ ឯកឧត្តមបញ្ជាក់ថា គម្រោងនេះមានការឧបត្ថម្ភថវិកាដោយសហភាពអ៊ឺរ៉ុប ហៅកាត់ថា EU និងគ្រប់គ្រងដោយភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) បានអនុម័តលើការគាំទ្រគម្រោងជម្រុញវារីវប្បកម្មតាមជនបទ ឆ្លើយតបនឹងជំងឺរាតត្បាតជំងឺកូវីដ ១៩ (Covid 19) ដែលមានរយៈពេល១ឆ្នាំ។ ហើយគម្រោងមានទឹកប្រាក់សរុបចំនួន ១ ១២៩ ៧៩៧ ដុល្លារ ផ្តោតលើការគាំទ្រការចិញ្ចឹមត្រីអណ្តែង ចំនួន១០០០គ្រួសារកសិករ និងកង្កែប១០០០ គ្រួសារ និងគាំទ្រកសិករផលិតកូនត្រីអណ្តែងចំនួន២០គ្រួសារ និងកសិករផលិតកូនកង្កែបចំនួន៣៥គ្រួសារ។

ឯកឧត្តមបញ្ជាក់ថា ចំណែកគម្រោងទី៣វិញ គឺអនុវត្តនៅក្នុងខេត្តគោលដៅចំនួន១២ខេត្ត រួមមាន៖ ខេត្តកំពង់ឆ្នាំង បាត់ដំបង សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្តាល កំពង់ស្ពឺ និងរាជធានីភ្នំពេញ ដែលឧបត្ថម្ភដោយហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក (WorldBank) ដែលមានទឹកប្រាក់សរុបជាង ៣លានដុល្លារ។ ឯកឧត្តមបញ្ជាក់ថា គម្រោងនេះនឹងអនុវត្តជួយផ្តល់បច្ចេកទេសចិញ្ចឹមត្រីអណ្តែង និងកង្កែបក្នុងតង់ប្លាស្ទីកចំនួន២០០០គ្រួសារ និងជួយឧបត្ថម្ភដល់កសិករផលិតខ្នាតមធ្យម ចំនួន ២៦០គ្រួសារកសិករ។
«សំឡេង៖ ខ្ញុំសូមអំពាវនាវប្រជាជនទាំងអស់ គួរចាប់យកឱកាស ក្នុងការចិញ្ចឹម ព្រោះមិនចំណាយលុយច្រើននោះទេ ដូច្នោះយើងគួរតែមានលទ្ធភាពក្នុងការចិញ្ចឹមកង្កែបដោយចំណាយដើមទន់តិច គ្រាន់តែទិញតង់មួយក៏អាចចិញ្ចឹមបានដែរ។ ប៉ុន្តែទន្ទឹមនឹង រដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយថ្មីៗ ក្នុងការបង្កើនទន់ នៅក្នុងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដើម្បីផ្ដល់លទ្ធភាពឲ្យប្រជាជនមានបំណងខ្ចីយកទន់ធ្វើការវិនិយោគចិញ្ចឹមអីផ្សេងៗដាំដុះបាន។ ក្នុងនោះក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែលមានរដ្ឋបាលជលផល គឺកំពុងខិតខំស្វែងរកថវិកាដើម្បីរុញយុទ្ធនាការ ក្នុងការចិញ្ចឹមផលិតវារីប្បកម្មនៅកម្ពុជា ។»

សូមបញ្ជាក់ថា ក្នុងស្ថានភាពដែលមានការ ប៉ះពាល់ជាសកលបង្កដោយជំងឺកូវីដ-១៩ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលការការគាំទ្រហិរញ្ញប្បទានជាបឋមចំនួនប្រមាណជាង ៤,៦៨លានដុល្លារអាមេរិក ដើម្បីចាប់ផ្តើមសកម្មភាព ចុះជួយដល់កសិករជាង ៦០០០គ្រួសារ បន្ថែមទៀត៕

អត្ថបទទាក់ទង