ខ្មែរប៉ុស្ដិ៍ Close

ស្រុកបន្ទាយស្រី បង្ហាញពីមោទនភាពចំពោះការបង្កើនផលដំណាំរបស់ពលរដ្ឋក្នុងមូលដ្ឋានខ្លួន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 54
ស្រុកបន្ទាយស្រី បង្ហាញពីមោទនភាពចំពោះការបង្កើនផលដំណាំរបស់ពលរដ្ឋក្នុងមូលដ្ឋានខ្លួន ស្រុកបន្ទាយស្រី បង្ហាញពីមោទនភាពចំពោះការបង្កើនផលដំណាំរបស់ពលរដ្ឋក្នុងមូលដ្ឋានខ្លួន

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្ដសៀមរាប បានបង្ហាញពីមោទនភាពចំពោះការបង្កើនផលដំណាំរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះថា ទីតាំងចម្ការតាង៉ែន បន្ទាយស្រីផ្អែមមុតឈ្ងុយឆ្ងាញ់ ស្រស់ថ្មីពីធម្មជាតិ សំខាន់អាចទៅលេងដល់ចម្ការ ហើយដើរកាច់ផ្លែតាង៉ែនពីដើម ដោយខ្លួនឯងបានទៀត។ សូមអ្នកសៀមរាបមកសាកភ្លក់រសជាតិ និងគាំទ្រផ្លែតាង៉ែនក្នុងខេត្តយើងម្តង ប្រហែលជានៅមិនទាន់មានអ្នកដឹងច្រើនទេថា នៅជើងភ្នំគូលែនមានចម្ការតាង៉ែន ដ៏គួរឱ្យចង់មកលេងមួយនេះ។

ដើម្បីចូលរួមជំរុញឱ្យមានការរីកចម្រើន និងបង្កើនភាពទាក់ទាញខាងផ្នែកកសិទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី ម្ចាស់ចម្ការបានយល់ព្រមសហការជាមួយរដ្ឋបាលស្រុក ដោយលក់ជូនក្នុងតម្លៃពិសេសត្រឹមតែ ៥.០០០រៀលក្នុងមួយគីឡូក្រាម សម្រាប់ភ្ញៀវទេសចរដែលអញ្ជើញមកទិញដល់ចម្ការផ្ទាល់ ហើយអនុញ្ញាតឱ្យដើរបេះផ្លែតាង៉ែនយកខ្លួនឯង និងអាចបេះហូបពីដើមដោយសេរីដោយមិនគិតថ្លៃបន្ថែមទៀតផង។

លោកអភិបាលស្រុកបានលើកឡើងថា ខ្ញុំពិតជាចង់ឃើញបងប្អូនប្រជាកសិករនៅក្នុងស្រុកបន្ទាយស្រី និងអ្នកវិនិយោគនាំគ្នាដាំដំណាំហូបផ្លែឱ្យបានច្រើន ជាពិសេសប្រភេទដំណាំដែលលក់បានថ្លៃ មានភាពទាក់ទាញ និងមានទីផ្សារទូលំទូលាយសម្រាប់វិស័យទេសចរណ៍ ហើយរៀបចំចម្ការ និងកសិដ្ឋានរបស់ខ្លួនឱ្យទៅជារមណីយដ្ឋានសម្រាប់មកលេងកម្សាន្តផង។ បើធ្វើបែបនេះបាន ខ្ញុំជឿថាយើងនឹងអាចជំរុញឱ្យភ្ញៀវទេសចរមកលេងស្រុករបស់យើងកាន់តែច្រើន ព្រមទាំងអាចនាំចេញនៅនឹងកន្លែងនូវកសិផលទាំងនេះ ទៅផ្គត់ផ្គង់ដល់ក្នុងក្រុងសៀមរាបទៀតផង។ រដ្ឋបាលស្រុកត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញទីផ្សារ និងផ្តល់ការគាំទ្រគ្រប់រូបភាព ធ្វើយ៉ាងណាដើម្បីឱ្យស្រុកបន្ទាយស្រី សម្រេចបាននូវចក្ខុវិស័យជាដែនដីកសិទេសចរណ៍ ដ៏គួរឱ្យទាក់ទាញមួយនៅក្នុងពេលអនាគត។

លោកបន្តថា តាង៉ែនបន្ទាយស្រី បើបងប្អូនទៅលេងបន្ទាយស្រី បងប្អូននឹងឃើញពាក្យស្លោក មានន័យសម្រាប់ការលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបានដាំដុះនោះ។ ដើមតាង៉ែនទាំងនេះមិនមានបាញ់ថ្នាំគីមីឡើយ មានសុវត្ថិភាព ១០០ភាគរយ សម្រាប់ការបេះហូបភ្លាមៗពីដើមផ្ទាល់។ តែមានលក្ខខណ្ឌតម្រូវឱ្យបងប្អូនចូលទៅលេង ត្រូវតែទិញចាប់ពី១០គីឡូក្រាមឡើងទៅ ទើបអាចចូលលេងបាន មូលហេតុធ្វើដូច្នេះព្រោះខ្លាចបងប្អូនដើរលេងហួបឆ្អែតហើយ ទិញតែកន្លះគីឡូក្រាម ឬអត់ទិញតែម្ដងក៏ថាបាន។ ចម្ការតាង៉ែននេះមានទីតាំងនៅ ជើងភ្នំគូលែន ចូលតាមច្រកផ្លូវវត្តស្គន់ ក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕

អត្ថបទទាក់ទង