ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ប្រកាសជូនជនរួមជាតិថា នឹងចាក់វ៉ាក់សាំងកូវីដ-១៩ដែលជាជំនួយរបស់ចិនមុនគេ ដើម្បីបង្កើតជំនឿចិត្ត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 82
សម្តេចតេជោ ហ៊ុន សែន ប្រកាសជូនជនរួមជាតិថា នឹងចាក់វ៉ាក់សាំងកូវីដ-១៩ដែលជាជំនួយរបស់ចិនមុនគេ ដើម្បីបង្កើតជំនឿចិត្ត សម្តេចតេជោ ហ៊ុន សែន ប្រកាសជូនជនរួមជាតិថា នឹងចាក់វ៉ាក់សាំងកូវីដ-១៩ដែលជាជំនួយរបស់ចិនមុនគេ ដើម្បីបង្កើតជំនឿចិត្ត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសជូនជនរួមជាតិថា សម្តេចនឹងចាក់វ៉ាក់សាំងដែលជំនួយរបស់មិត្តចិនមុនគេ ដើម្បីដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំង និងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសលើ Facebook ផ្លូវការរបស់សម្តេចទាំងស្រុងយ៉ាងដូច្នេះថា «ពីរថ្ងៃមុននេះ ខ្ញុំព្រះករុណា ខ្ញុំបានទូលប្រគេន និងជំរាបជូនបងប្អូនជនរួមជាតិយើងហើយថា យើងបានទទួលពីសាធារណរដ្ឋប្រជាមានិតចិន នូវជំនួយវ៉ាក់សាំងលើកដំបូងចំនួន១លានដូស។ ថ្ងៃនេះ ដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំង និងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ-១៩ ខ្ញុំព្រះករុណា ខ្ញុំសូមប្រកាស់ថា វ៉ាក់សាំងដែលនឹងចាក់លើកទីមួយ និងមុនគេ គឺរូបខ្ញុំព្រះករុណាខ្ញុំនេះតែ។ ខ្ញុំព្រះករុណា ខ្ញុំត្រូវតែស្ថិតនៅខ្សែត្រៀមជួរមុខ ដែលជាទម្លាប់ធម្មតារបស់ខ្ញុំ ព្រះករុណាខ្ញុំ រាប់សឹបឆ្នាំមកហើយ។ អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ!»

សូមជម្រាបថា កាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារសំឡេងពិសេសមួយ ជូនជនរួមជាតិ ដោយប្រកាសឱ្យដឹងថា រដ្ឋាភិបាលចិនបានផ្តល់វ៉ាក់សាជំងឺកូវីដ-១៩ ចំនួន ១លានដូសដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។

ជាមួយនឹងការប្រកាសពីការទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលចិនចំនួន ១លានដូសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ការចាក់វ៉ាក់សាំងនេះ នឹងធ្វើឡើងដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត។

សម្តេចតេជោ បានបញ្ជាក់ដែរថា ក្រៅពីការវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួន ១លានដូសជាជំនួយរបស់ចិននេះទៅ កម្ពុជានឹងបន្តស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជនឱ្យបាន ១០លាននាក់ ឬរហូតដល់ ១៣លាន បើមានតម្រូវការឱ្យចាក់វ៉ាក់សាំង ដល់ ៨០ភាគរយ នៃចំនួនប្រជាពលរដ្ឋនោះ។

ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើមឡើយសម្តេចបានប្រកាសពីការទទួលវ៉ាក់សាំង ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO)។ តែក្នុងបរិបទកម្ពុជា កំពុងទទួលរងការរីករាលដាលដូចពេលបច្ចុប្បន្ន គឺមិនអាចរង់ចាំបានទៀតនោះទេ អាស្រ័យហេតុនេះទើបកម្ពុជា សម្រេចប្រើវ៉ាក់សាំងជំងឺកូវីដ-១៩។

មិនត្រឹមតែហេតុផលមួយនេះទេ បើតាមសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩នេះ ត្រូវបានថ្នាក់ដឹកនាំរដ្ឋាភិបាលចិន ប្រធានាធិបតី និងប្រជាជនឥណ្ឌូណេស៊ី និងមនុស្សរាប់លាននាក់ លើពិភពលោកបានប្រើប្រាស់វ៉ាក់សាំងនេះរួចហើយ។

បើតាមសម្តេចតេជោ ហ៊ុន សែន មកដល់ពេលនេះ មិនថា តែវ៉ាក់សាំងចិនទេ វ៉ាក់សាំងប្រទេសដទៃទៀត ក៏មិនទាន់ដឹងពីសុពលភាព ឬប្រសិទ្ធភាពនៅឡើយទេ។ ប៉ុន្តែសម្រាប់មេដឹកនាំចិន បានប្រើប្រាស់វ៉ាក់សាំងចិននេះ តាំងពីខែតុលា ឆ្នាំ២០២០មកម្ល៉េះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលចិន ដែលកម្ពុជាយកមកប្រើប្រាស់នេះ គឺជាវ៉ាក់សាំងស៊ីណូហ្វាម។

សម្តេចតេជោ បានបញ្ជាក់ពីមូលហេតុ ដែលប្រើវ៉ាក់សាំងស៊ីណូហ្វាមនេះ ដោយសារវាអាចរក្សានៅក្នុងសីតុណ្ហភាព ២ ទៅ៨អង្សាលើសូន្យ ងាយស្រួលក្នុងការរក្សាទុក បើធៀបជាមួយវ៉ាក់សាំងប្រទេសខ្លះ តម្រូវឱ្យរក្សានៅក្នុងសីតុណ្ហភាព ៧០អង្សាក្រោមសូន្យ។ បន្ថែមពីលើនោះ ការប្រើប្រាស់វ៉ាក់សាំងរបស់ចិន ងាយស្រួលក្នុងការដឹកជញ្ជូនផងដែរ៕

អត្ថបទទាក់ទង