ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «មរតកតេជោ» ចាប់ផ្តើមពីជ័យជម្នះ ៧ មករា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 31
លិខិតមិត្តអ្នកអាន៖ «មរតកតេជោ» ចាប់ផ្តើមពីជ័យជម្នះ ៧ មករា លិខិតមិត្តអ្នកអាន៖ «មរតកតេជោ» ចាប់ផ្តើមពីជ័យជម្នះ ៧ មករា

ស្មារតី ៧មករា បានស្ថិតនៅក្នុងដួងចិត្ត និងការចងចាំជាប្រវត្តិសាស្រ្តនៃរបបប្រល័យពូជសាសន៍ និងចាប់ផ្តើមរស់ឡើងវិញនៃជាតិសាសន៍ខ្មែរ គឺរស់ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរជាមនុស្ស និងកេរ្តិ៍ឈ្មោះរបស់ខ្មែរបានល្បីរន្ទឺលើឆាកអន្តរជាតិ ក្នុងកិត្យានុភាពជាតិ ប្រជាជនកម្ពុជាទាំងមូលមានមោទនភាពបំផុត និងមានជោគវាសនាបានរស់ក្នុងសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ការរីកចម្រើនស្ទើរគ្រប់វិស័យ ជីវភាពប្រជាជនខ្មែរម្នាក់ៗបានកាន់តែល្អប្រសើរឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខ អស់រយៈពេល៤២ឆ្នាំមកហើយ បន្ទាប់ពីប្រជាជនកម្ពុជា និងជាតិមាតុភូមិទាំងមូល ត្រូវបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ ៧ មករា ឆ្នាំ១៩៧៩។

មាតុភូមិអង្គរជាទីស្នេហានៃយើងបានផ្លាស់ប្តូរមុខមាត់ថ្មីយ៉ាងស្រស់បំព្រង ក្នុងស្មារតីមហាសាមគ្គីជាកម្លាំងរបស់ប្រជាជន និងការជឿទុកចិត្ត បន្តគាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ស្មារតី ៧ មករា ពិតជាបានធ្វើឲ្យប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសប្រជាជនវ័យក្មេង កាន់តែយល់ជ្រួតជ្រាបច្បាស់អំពីប្រវត្តិ និងអត្ថន័យជាប្រវត្តិសាស្ត្រនៃទិវាជ័យជម្នះ ៧ មករា ព្រមទាំងសមិទ្ធផលធំៗ ដែលប្រជាជនកម្ពុជា សម្រេចបានក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល៤២ ឆ្នាំ មកនេះ។

ស្មារតី ៧មករា បានធ្វើឲ្យប្រជាជនយល់ដឹងពីតម្លៃដែលពុំអាចកាត់ថ្លៃបាននៃសុខសន្តិភាព ដែលបានមកពីការបូជាសាច់ស្រស់ ឈាមស្រស់របស់ថ្នាក់ដឹកនាំ យុទ្ធជន យុទ្ធនារី និងប្រជាជនយើងច្រើនឥតគណនា ប្រកបដោយវីរភាពក្នុងការតស៊ូសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ និងថែរក្សាការពារការរស់ឡើងវិញរបស់ប្រជាជាតិ។ ស្មារតី ៧ មករា បានធ្វើឱ្យអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមត្រូវបានរំលាយទាំងស្រុង ហើយបានប្រែក្លាយប្រទេសកម្ពុជាទាំងមូលមានសុខសន្តិភាព ឯកភាពទឹកដីទាំងស្រុង ដែលពុំធ្លាប់កើតមានក្នុងប្រវត្តិសាស្រ្តខ្មែររយៈពេលជាងប្រាំរយឆ្នាំ។

ប្រជាជនកម្ពុជាយើងពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះសមិទ្ធផលដ៏ច្រើនឥតគណនា ដែលបានកើតឡើងពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាក្នុងការស្តារ និងកសាងប្រទេសជាតិមួយដែលត្រូវបំផ្លាញខ្ទេចខ្ទីអស់នៅសល់តែគំនរផេះផង់ឲ្យក្លាយទៅជាទឹកដីដែលមានការរីកចម្រើនរស់រវើក ស្រស់បំព្រងដូចសព្វថ្ងៃ និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ ឆ្ពោះទៅកាន់អនាគតដ៏រុងរឿង។ សមិទ្ធផលធំៗជាប្រវត្តិសាស្ត្រដែលត្រូវបានគេប្រសិទ្ធនាមថាជា «មរតកតេជោ» ទាំងនោះរួមមានដូចជា៖

  • ទី១- ការរំដោះអាយុជីវិតប្រជាជនចេញពីរបបប្រល័យពូជសាសន៍ និងការទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍អាចវិលត្រឡប់មកវិញ ហើយដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព កិត្តិយស សេចក្តីថ្លៃថ្នូរ និងលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប្រល័យពូជសាសន៍។
  • ទី២- ការទទួលបានមកវិញនូវសិទ្ធិ សេរីភាពគ្រប់យ៉ាង ជាពិសេសសិទ្ធិមានជីវិតរស់នៅ និងបានក្លាយជាអ្នកធ្វើជាម្ចាស់លើជោគវាសនារបស់ជាតិខ្លួនពិតប្រាកដ ហើយបានចូលរួមយ៉ាងសកម្មក្នុងការការពារ និងការស្តារ និងកសាងជាតិលើគ្រប់វិស័យ ដោយចាប់ផ្តើមកសាងជាតិឡើងវិញចេញពីបាតដៃទទេ។
  • ទី៣- សន្តិភាព និងការបង្រួបបង្រួមជាតិ ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជាដែលបានឆ្លងកាត់គ្រោះមហន្តរាយដោយសារសង្គ្រាមដ៏រ៉ាំរ៉ៃ និងរបបប្រល័យពូជសាសន៍។ តាំងពីក្រោយថ្ងៃរំដោះ ៧ មករា មក រដ្ឋអំណាចនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានពុះពារជំរុញការអនុវត្តមាគ៌ាមហាសាមគ្គីជាតិដើម្បីផ្សះផ្សារជម្លោះផ្ទៃក្នុងបង្រួបបង្រួមខ្មែរពីគ្រប់និន្នាការនយោបាយរួមគ្នាបង្កើតសន្តិភាពឡើងវិញតាមរយៈគោលនយោបាយប្រកបដោយមនុស្សធម៌ ហើយបានដាក់ចេញគោលនយោបាយបង្រួបបង្រួមជាតិនៅឆ្នាំ១៩៨៧ ជាមួយនឹងសម្តេចព្រះនរោតត្តម សីហនុ នៅ Fère-en-Tardenois ប្រទេសបារាំង។ ឈរលើមូលដ្ឋាននៃជំនួបចរចាដើម្បីស្វែងរកសន្តិភាព រវាងសម្តេចព្រះនរោត្តម សីហនុ និងលោក ហ៊ុន សែន បានចាប់ផ្តើមនៅថ្ងៃ ២ ធ្នូ ឆ្នាំ១៩៨៧ ហើយបានបន្តនូវដំណើរការចរចាច្រើនលើកច្រើនសារឆ្លងកាត់ការលំបាកស្មុគស្មាញយ៉ាងច្រើន រហូតសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១។
  • ទី៤- ការបោះឆ្នោតជាតិលើកទី១ តាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្រោមការចាត់ចែង និងត្រួតពិនិត្យរបស់អាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC) បានប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣ ដែលបង្កើតបាននូវសភាធម្មនុញ្ញ ហើយសភាធម្មនុញ្ញបានអនុម័តរដ្ឋធម្មនុញ្ញថ្មី ដែលបានកំណត់ថា ប្រទេសកម្ពុជាប្រកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរី ពហុបក្ស។ ក្រោយពេលសភាធម្មនុញ្ញបានអនុម័តរដ្ឋធម្មនុញ្ញថ្មីហើយ សភាធម្មនុញ្ញបានប្រែក្លាយជាស្វ័យប្រវត្តិទៅជារដ្ឋសភានីតិកាលទី១។ បន្ទាប់ពីរដ្ឋសភា និងរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី១ ត្រូវបានបង្កើតឡើង កម្ពុជាបានឈានចូលដំណាក់ថ្មីមួយទៀត គឺសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ សហប្រតិបត្តិការ និងការអភិវឌ្ឍ។
  • ទី៥- នយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញ និងឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨ តាមរយៈជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់លោក ហ៊ុន សែន ដែលមានខ្លឹមសារស្នួល ៣៖ គឺ «ជីវិត កម្មសិទ្ធិ និងអាជីព» ដោយធានាសុវត្ថិភាពទាំងផ្លូវកាយ និងអាយុជីវិត ធានាអាជីព និងមុខរបរ និងធានាកម្មសិទ្ធិ ទ្រព្យសម្បត្តិ ដែលបានធ្វើឲ្យអង្គការចាត់តាំងទាំងខាងនយោបាយ និងយោធារបស់ពួកឧទ្ទាមខ្មែរក្រហមត្រូវរលំរលាយជាស្ថាពរ បង្កើតបានសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨មក។ សន្តិភាព និងស្ថិរភាពនយោបាយ បានផ្តល់ឱកាសដ៏មានតម្លៃបំផុតដែលពុំធ្លាប់មានដល់ប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍសង្គមជាតិ។
  • ទី៦- ហេដ្ឋារចនាសម្ព័ន្ធសង្គម និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដែលបម្រើដល់ផលប្រយោជន៍រួមរប ស់ជាតិនិងប្រជាជនកកម្ពុជារូមមានដូចជា ស្ពាន ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ វារីអគ្គីសនី សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ។ល។ បានរីកដេរដាសពាសពេញទឹកដីអង្គរនៃយើង។

សរុបមកវិញ ដូចចំណុចដែលបានរៀបរាប់សង្ខេបត្រួសៗទាំងនេះហើយ ដែលអាចគូសបញ្ជាក់ពីការដឹកនាំត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនជាប្រមុខ បានពុះពារជម្នះរាល់ឧបសគ្គទាំងពួងទម្រាំ ទទួលបាននូវអ្វីៗដូចសព្វថ្ងៃនេះ។ ដូចនេះ ខ្មែរគ្រប់រូប ទាំងយុវជន យុវនារីកម្ពុជាជំនាន់ក្រោយត្រូវចេះសាមគ្គីគ្នាស្រឡាញ់សន្តិភាព និងការអភិវឌ្ឍដែលកំពុងកើតមាននៅលើទឹកដីរបស់ខ្លួន និងចូលរួមថែរក្សាការពារមរតកទាំងអស់នេះសម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត៕

ដោយ៖ តាំង ករុណា

អត្ថបទទាក់ទង