ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ណែនាំឲ្យម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ សហការទប់ស្កាត់កុំឱ្យមានការរាតត្បាតជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំក្នុងសហគមន៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០ ឯកសារ 28
ក្រសួងសុខាភិបាល ណែនាំឲ្យម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ សហការទប់ស្កាត់កុំឱ្យមានការរាតត្បាតជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំក្នុងសហគមន៍ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ បានចេញសេចក្ដីណែនាំដល់ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ឲ្យចូលរួមសហការទប់ស្កាត់ កុំឱ្យមានការរាតត្បាតជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំក្នុងសហគមន៍។

សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលទទួលបាននៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ដើម្បីទប់ស្កាត់កុំឱ្យមាននូវការរាតត្បាតទ្រង់ទ្រាយធំ នៅក្នុងសហគមន៍ ក្រសួងសុខាភិបាល តម្រូវឱ្យម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ចូលរួមពង្រឹងបន្ថែមទៀតក្នុងការអនុវត្តវិធានការណ៍ ការពារកុំឱ្យមានចម្លងជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ និងនៅតាមសេវាពិនិត្យព្យាបាលជំងឺឯកជនរបស់ខ្លួន ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំដូចខាងក្រោមនេះ៖

  1. មិនអនុញ្ញាតឱ្យធ្វើការពិនិត្យ និងព្យាបាលអ្នកជំងឺ ដែលសង្ស័យថា ជាជំងឺកូវីដ-១៩ នៅតាមកន្លែងពិនិត្យព្យាបាលអ្នកជំងឺឯកជនរបស់ខ្លួនឡើយ។
  2. ប្រសិនបើមានអ្នកជំងឺមកពិនិត្យជំងឺនៅកន្លែងពិនិត្យព្យាបាលជំងឺរបស់ខ្លួន ដែលសង្ស័យថាជាជំងឺកូវីដ-១៩ ដូចតាមនៅក្នុងនិយមន័យករណីសង្ស័យជំងឺកូវីដ-១៩ (ឧបសម្ព័ន្ធ១) គឺមិនត្រូវធ្វើការពិនិត្យ និងព្យាបាលឡើយ សូមជួយពន្យល់ និងណែនាំអ្នកជំងឺ ឱ្យគាត់បានដឹងអំពីជំងឺកូវីដ-១៩ រួចដាក់គាត់ឲ្យនៅដាច់ដោយឡែក បន្ទាប់មកជូនព័ត៌មានទៅមន្ទីរសុខាភិបាលរាជធានី-ខេត្ត ដែលនៅជិត ដើម្បី
    សម្របសម្រួលបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យបង្អែករដ្ឋ (ចំពោះអ្នកនៅខេត្តគឺ មន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំពោះអ្នកនៅរាជធានីភ្នំពេញ) ជាបន្ទាន់។
  3. ត្រូវអនុវត្តនូវអនាម័យសម្អាតទីកន្លែង ពិនិត្យព្យាបាលជំងឺ ដោយមានម៉ាស់សម្រាប់ពាក់ មានអាល់កុលសម្រាប់លាងដៃ ឬអាល់កុលដែលសម្រាប់លាងដៃជាប្រចាំ។ ក្នុងករណីដែលមានអ្នកជំងឺសង្ស័យថា ជាជំងឺកូវីដ-១៩ បានមកពិនិត្យក្នុងកន្លែងព្យាបាលរបស់ខ្លួន ម្ចាស់សេវាត្រូវប្រើសូលុស្យុងអូសាវែល ដែលមានកំហាប់ ០,១% ក្នុងការជូតសម្អាតឥដ្ឋ និងបាញ់សម្លាប់មេរោគនៅកន្លែងអ្នកជំងឺដែលបានមកពិនិត្យ និងក្នុងបរិវេណពិនិត្យព្យាបាលអ្នកជំងឺទាំងមូល។
  4. ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងយកសំណាកទៅពិនិត្យ និងតាមដានសុខភាពជាប្រចាំ ចំពោះគ្រូពេទ្យ និងបុគ្គលិកដែលបានប៉ះពាល់ជាមួយនឹងអ្នកជំងឺ ដែលសង្ស័យថាជាជំងឺកូវីដ-១៩ នោះ។
  5. ព័ត៌មានបន្ថែមសូមទាក់ទងមកលេខ ១១៥ ដោយឥតគិតថ្លៃ ឬទាក់ទងមកក្រសួងសុខាភិបាលតាមលេខទូរស័ព្ទ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ។
  6. ការគ្រប់គ្រងសំណល់ពីសេវាថែទាំសុខភាព ការពិនិត្យអ្នកជំងឺម្ចាស់សេវាសុខាភិបាលឯកជន ត្រូវមានធុងសម្រាមពណ៌លឿង ដែលមានស្លាកសញ្ញាគ្រោះថ្នាក់ពណ៌ខ្មៅ សម្រាប់ដាក់សំណល់ឆ្លងរោគ និងសម្ភារអ្នកជំងឺដែលសង្ស័យជំងឺកូវីដ-១៩ ប្រើរួច៖ ម៉ាស់ពាក់ ក្រដាស់ជូតស្លេស។ល។ បន្ទាប់មកត្រូវប្រមូលយកសំណល់នោះ ទៅដុតកំទេចចោលជាមួយឡ ដែលមានសីតុណ្ហភាពខ្ពស់ចាប់ពី៨០០អង្សាសេ។
  7. ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ត្រូវជួយអប់រំផ្សព្វផ្សាយអំពីវិធានការណ៍នៃការចម្លងជំងឺកូដ-១៩ ទៅដល់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ព្រមទាំងឱ្យគាត់ចូលរួមសហការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយការលាងដៃជាមួយទឹក និងសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់ និងពាក់ម៉ាស់ ព្រមទាំងរក្សានូវគម្លាតសុវត្ថិភាពយ៉ាងតិចពី ១ម៉ែត្រកន្លះឡើងទៅ និងត្រូវអនុវត្តនូវវិធានការណ៍ ៣ ការពារ និង ៣កុំ គឺ៖

ក. អនុវត្ត៣ការពារ

  • ពាក់ម៉ាស់
  • លាងដៃឲ្យបានញឹកញាប់
  • គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី១ម៉ែត្រកន្លះឡើងទៅឱ្យបានគ្រប់គ្នា និងនៅគ្រប់ទីកន្លែង។

ខ. អនុវត្ត ៣កុំ

  • កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូលល្អ
  • កុំទៅកន្លែងមនុស្សច្រើនកុះករ
  • កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ-១៩ កុំចេញក្រៅហើយត្រូវទាក់ទងទៅគ្រូពេទ្យ ឬហៅទៅលេខ ១១៥៕

សូមអាននូវសេចក្ដីណែនាំទាំងស្រុងរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង