ខ្មែរប៉ុស្ដិ៍ Close

លោក នេត្រ ភក្ត្រា៖ ការនាំដំរី ខាវ៉ាន់ មករស់នៅដែនជម្រកសត្វព្រៃធម្មជាតិ បានក្លាយជាព្រឹត្តិការណ៍ថ្មី ធ្វើឱ្យពិភពលោកស្គាល់បេះដូងមនុស្សធម៌កម្ពុជាកាន់តែច្បាស់

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 908
លោក នេត្រ ភក្ត្រា៖ ការនាំដំរី ខាវ៉ាន់ មករស់នៅដែនជម្រកសត្វព្រៃធម្មជាតិ បានក្លាយជាព្រឹត្តិការណ៍ថ្មី ធ្វើឱ្យពិភពលោកស្គាល់បេះដូងមនុស្សធម៌កម្ពុជាកាន់តែច្បាស់ លោក នេត្រ ភក្ត្រា៖ ការនាំដំរី ខាវ៉ាន់ មករស់នៅដែនជម្រកសត្វព្រៃធម្មជាតិ បានក្លាយជាព្រឹត្តិការណ៍ថ្មី ធ្វើឱ្យពិភពលោកស្គាល់បេះដូងមនុស្សធម៌កម្ពុជាកាន់តែច្បាស់

(សៀមរាប)៖ ការនាំយកសត្វដំរីឯកោ «ខាវ៉ាន់» ពីសួនសត្វប្រទេសប៉ាគីស្ថាន ឱ្យមករស់នៅក្នុងដែលជម្រកសត្វព្រៃធម្មជាតិគូលែនព្រហ្មទេព ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានក្លាយជាព្រឹត្តិការណ៍ថ្មីមួយទៀត ដែលធ្វើឱ្យពិភពលោកស្គាល់ពីបេះដូងមនុស្សធម៌របស់កម្ពុជា បន្ទាប់ពីការអនុញ្ញាតឱ្យនាវាទេសចរ Westerdam ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ខណៈប្រទេសមួយចំនួនមិនព្រមទទួលឱ្យចូលចត ដោយខ្លាចជំងឺកូវីដ-១៩។ នេះជាការលើកឡើងរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងឱកាសដឹកនាំក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជិត២០ស្ថាប័ន ចុះធ្វើទស្សនកិច្ចនៅដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ព្រឹត្តិការណ៍ទទួលដំរី ខាវ៉ាន់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បើយើងមើលការចាប់អារម្មណ៍ជាលក្ខណៈពិភពលោក ព្រឹត្តិការណ៍នៃការទទួលនាវាទេសចរណ៍ Westerdam នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកអញ្ជើញទៅស្វាគមន៍ភ្ញៀវទេសចរ ដែលនៅឯកោលើនាវាមិនដឹងកោះត្រើយ ព្រោះប្រទេសមួយចំនួនបដិសេធមិនទទួល…!»។

លោកបានបន្តថា «នៅពេលនោះប្រទេសកម្ពុជាយើងត្រូវបានទទួលស្គាល់ថា ជាប្រទេសតូចមែន ប៉ុន្តែមានបេះដូងទូលាយ ហើយកម្ពុជាមិនមែន ត្រឹមតែទទួលស្វាគមន៍ជួយមនុស្សទេ ប៉ុន្តែ យើងជួយដល់សត្វទៀត អញ្ចឹងថ្ងៃទី៣០ ខែវិច្ឆិកា គឺជាព្រឹត្តិការណ៍ថ្មីមួយទៀត ដែលពិភពលោកស្គាល់កម្ពុជា កាន់តែច្បាស់ ថាកម្ពុជា បានចូលរួមធ្វើឱ្យដំរីដែលឯកោលើពិភពលោក និងអាណិតអាសូរគ្រប់គ្នា មានជម្រកថ្មី មានក្តីសង្ឃឹមថា មានជីវិតថ្មី»។

ក្រោមការយកចិត្តគិតគូរថែទាំពីសំណាក់ក្រសួងបរិស្ថាន និងអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា (CWS) បានជួយឱ្យដំរីឯកោ ខាវ៉ាន់ មានផ្ទះថ្មី មានក្តីសង្ឃឹមថា មានជីវិតថ្មី គឺចេញពីឈ្មោះដំរី ដែលឯកោ ដែលយកតែក្បាលមកទល់នឹងជញ្ចាំងស៊ីម៉ងត៍ រស់នៅក្នុងផ្ទៃដីមិនទំហំ ១ហិកតា និងនៅជុំវិញខ្លួនសុទ្ធតែស៊ីម៉ងត៍ ត្រូវបានយកមករស់នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្ថិតនៅក្នុងភូមិអូតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ សំបូរដោយព្រៃឈើ និងមានដំរីញីចំនួន ៣ក្បាល ក្នុងគោលបំណងបង្កើតប្រសិទ្ធភាពក្នុងការបន្តពូជសត្វដំរីអាស៊ីឱ្យកាន់តែប្រសើរឡើងថែម។

លោកនេត្រ ភក្ត្រា សង្ឃឹមថា ខាវ៉ាន់ នឹងបង្កាត់ពូជជាមួយដំរីអាស៊ីញីទាំង៣ក្បាលនេះឱ្យមានកូនចៅច្រើនបន្ថែមទៀត។ ចំណុចនេះវាជាផ្នែកមួយដែលរាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រសកម្មភាពនេះផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក នេត្រ ភក្ត្រា។

អ្នកនាំពាក្យវ័យក្មេងរូបនេះ ក៏បានបន្ថែមថា ដំរីខាវ៉ាន់ជាដំរីឈ្មោល មានអាយុ៣៥ឆ្នាំ ត្រូវបានក្រុមអភិរក្សសត្វព្រៃជួយសង្គ្រោះពីសួនសត្វមួយ នៃប្រទេសប៉ាគីស្ថាន តាមរយៈការតស៊ូផ្នែកច្បាប់ ហើយចុងក្រោយតុលាកំពូល របស់ប្រទេសប៉ាគីស្ថាន បានសម្រេចឱ្យដំរីខាវ៉ាន់ ត្រូវមានសេរីភាព និងបញ្ជូនមករស់នៅក្នុងព្រៃធម្មជាតិនៃដែនជម្រកសត្វព្រៃ របស់ប្រទេសកម្ពុជា។

ពាក់ព័ន្ធនឹងដំរីខាវ៉ាន់ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ខាវ៉ាន់ គឺជាប្រភេទដំរីអាស៊ី ដែលជាប្រភេទរងការគំរាមកំហែង ហើយកម្ពុជាមានប្រភេទដំរីអាស៊ីនេះចន្លោះពី៤០០ ទៅ៦០០ក្បាល ដែលកំពុងតែរស់នៅក្នុងព្រៃនៃតំបន់ការពារធម្មជាតិ របស់កម្ពុជាក្នុងខេត្តរតនគិរី និងមណ្ឌលគិរី និងនោក្នុងតំបន់ ជួរភ្នំក្រវ៉ាញ។ កម្ពុជាមានដំរីស្រុកប្រមាណជាង ៧០ក្បាលផងដែរ។

បើតាមលោកឧកញ៉ា សុខ ហុង ប្រធានអង្គការដែនជម្រកសត្វព្រៃកម្ពុជា បានឱ្យដឹងថា តាមរយៈការបន្សាំខ្លួនបានយ៉ាងឆាប់រហ័សរបស់ដំរី ខាវ៉ាន់ នៅក្នុងទីជម្រកថ្មីនៃទឹកដីកម្ពុជា ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពនេះ យ៉ាងយូរប្រហែល៣ខែទៀត ខាវ៉ាន់ អាចនឹងត្រូវព្រលែងឱ្យរស់នៅក្រៅទ្រុង ដូចដំរីញីទាំង ៣ក្បាលផ្សេងទៀត ដើម្បីបង្កាត់ពូជ។

លោកឧកញ៉ា បានបន្តថា សម្រាប់ផែនការទៅថ្ងៃអនាគតក្រុមងារជំនាញនឹងអភិរក្សដំរី ខាវ៉ាន់នេះ ឱ្យក្លាយជាប្រភេទដំរីព្រៃ ដោយព្រលែង ខាវ៉ាន់ ចេញពីទ្រុងឱ្យរស់នៅព្រៃធម្មជាតិជាមួយសត្វព្រៃផ្សេងទៀត ដែលមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពនេះផងដែរ។ បន្ថែមពីនេះ ប្រសិនមានការជួយជ្រោមជ្រែងពីសំណាក់អ្នកពាក់ព័ន្ធនានានោះ លោកនឹងយកសត្វដំរី នៅតាមតំបន់មួយចំនួនឱ្យមករស់នៅក្នុងដែនជម្រកធម្មជាតិនេះបន្ថែមទៀត ដើម្បីសត្វទាំងអស់នេះមានសេរីភាពតាមបែបធម្មជាតិ ជាដើម។ល។ និង។ល។

សូមជម្រាបថា ប្រទេសស្រីលង្កា បានជូនដំរីមួយនេះ ដល់ប្រទេសប៉ាគីស្ថាន ដើម្បីភ្ជាប់ទំនាក់ទំនងល្អជាមួយគ្នា។ ខាវ៉ាន ត្រូវបាននាំមកប៉ាគីស្ថាន ដែលពេលនោះមានអាយុត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ។ ដំរីខាវ៉ាន បានចំណាយជីវិតក្នុងភាពអត់ឃ្លាន ក្នុងទីកន្លែងមួយដែលហ៊ុព័ទ្ធដោយរបងក្នុងសួនសត្វដែលមានឈ្មោះថា Islamabad ZOO ដោយជើងដាក់ច្រវាក់ អស់រយៈពេលជាច្រើនឆ្នាំ ហើយត្រូវបានបង្ខំឱ្យសម្តែងទទួលភ្ញៀវ។

ពិភពលោកបានអាណិត ខាវ៉ាន់ កាន់តែខ្លាំង គឺនៅឆ្នាំ២០១២ គាត់បានបាត់បង់ដៃគូដ៏ល្អតែមួយគត់របស់គាត់ គឺដំរីញីដែលមានឈ្មោះថា សាហេលី Saheli ដោយបានងាប់ក្រោយទទួលរង នៃការឆ្លងមេរោគពីច្រវ៉ាក់ដែលបានដាក់នៅជាប់ជើង។ ក្រោយមរណភាពរបស់ Saheli ខាវ៉ាន ត្រូវបានគេប្រសិទ្ធនាមថា ដំរីដែលឯកោបំផុតក្នុងលោក។

កាលពី ៤ឆ្នាំមុន អ្នកចំរៀងប៉ុបអាមេរិក ឈ្មោះថា Cher បានសម្រេចចិត្តបើកយុទ្ធនាការសង្គ្រោះកាវ៉ាន់ (SaveKaavan campaign)។ យុទ្ធនាការនេះ ត្រូវបានចុះហត្ថលេខាដោយមនុស្សចំនួន ២០០,០០០នាក់។ តុលាការប៉ាគីស្ថាន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បានសម្រេចជ្រើសរើសកម្ពុជា ជាជម្រកថ្មីរបស់ដំរី Kaavan បន្ទាប់ពីមានការទាមទាររកសេរីភាពឱ្យដំរី Kaavann តាមរយៈអ៊ីនធឺណិត ដែលដឹកនាំដោយតារាចម្រៀងប៉ុបអាមេរិក Cher តាំងពីឆ្នាំ២០១៦មក។

គួររម្លឹកថា យុទ្ធនាការទាមទារសិទ្ធិសេរីភាព តាមប្រព័ន្ធអ៊ិនធឺណិតរបស់ដំរី ខាវ៉ាន់ ចាប់ផ្តើមពីឆ្នាំ២០១៦ ដោយអ្នកចម្រៀង ប៉ុបអាមេរិក Cher។ នៅថ្ងៃទី១៧ ខែកក្កដា តុលាការកំពូលប៉ាគីស្ថាន បានសម្រេចជ្រើសរើសកម្ពុជា ជាជម្រកថ្មីរបស់ដំរី ខាវ៉ាន់។ វានឹងត្រូវរស់នៅជាមួយដំរីញី ៣ក្បាលទៀត ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្រោយមានការសម្របសម្រួលពីអង្គការ ដែនជម្រកសត្វព្រៃកម្ពុជា (CWS)៕

អត្ថបទទាក់ទង