ក្រុមជម្រើសជាតិមានអាទិភាពក្នុងការទទួលបាននូវការចាក់វ៉ាក់សាំងកូវីដ-១៩
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសម្តែង អំណរគុណដ៏ជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលក្រុមកីឡាករ កីឡា ការិនី ជម្រើសជាតិនឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងចំណោម មនុស្សសំខាន់ៗជាអាទិភាព ដែលប្រឈមខ្ពស់នឹងការឆ្លងជំងឺកូវីដ-១៩។
ឯកឧត្តមបន្ថែមថា អ្នកបម្រើការងារក្នុងវិស័យកីឡាមានបញ្ហាប្រឈមខ្ពស់នឹងហានិភ័យ នៃការឆ្លងជំងឺនេះ ជាពិសេសគឺក្រុមគ្រូបង្វឹក គ្រូជំនួយ មន្ត្រីកីឡា ក្នុងក្រុមជម្រើសជាតិតែម្តង ដែលពួកគាត់ត្រូវការហ្វឹកហាត់ប្រមូលផ្តុំជាប់ជាប្រចាំ ហើយការទទួលបាននូវការចាក់វ៉ាក់សាំងកូវីដ-១៩ នាពេលខាងមុខនេះ គឺជារឿងល្អ ដែលធ្វើឱ្យពួកគាត់លែងខ្វល់ខ្វាយពីការចម្លងជំងឺនេះ។ ទន្ទឹមនេះ ពួកគេប្រមូលអារម្មណ៍តែទៅលើការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេសឱ្យកាន់តែប្រសើរ សម្រាប់ត្រៀមការប្រកួតជាអន្តរជាតិ នៅក្រៅប្រទេសនានា។ ឯកឧត្ដមបានលើកឡើងថា ផលប្រយោជន៍ការចាក់វ៉ាក់សាំងបានមុននេះ គឺមិនមានការផ្អាកការប្រមូលផ្តុំហ្វឹកហាត់ ដោយធ្វើឱ្យក្រុមជម្រើសជាតិកម្ពុជាអាចហ្វឹកហាត់បានជាប់លាប់ ហើយសិទ្ធផលនឹងល្អទៅតាមនោះដែរ។
ឯកឧត្តមរំពឹងថា ក្រោយពីការប្រមូលផ្តុំឡើងវិញ ក្រុមជម្រើសជាតិកម្ពុជានឹងអាចបង្កើនបាននូវគុណភាពបច្ចេកទេសកាន់តែល្អប្រសើរ ឡើងវិញ តាមរយៈការហ្វឹកហាត់ពិសេស ដើម្បីចូលរួមការប្រកួតអន្តរជាតិធំៗ ក្នុងឆ្នាំ២០២១ខាងមុខ ដូចជាការប្រកួត កីឡាអូឡាំពិកហ្គេម ដែលជាព្រឹត្តិការណ៍ធំជាងគេនៅលើពិភពលោករៀងរាល់៤ឆ្នាំម្តង នាខែកក្កដា ឆ្នាំ២០២១ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន, ការប្រកួតកីឡាថ្នាក់តំបន់អាស៊ីអាគ្នេហ៍ ស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងការហ្វឹកហាត់ជាប់ជាប្រចាំត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នៅកម្ពុជា។ ចំពោះការត្រៀមស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម ចុងឆ្នាំ ២០២១ខាងមុខនេះ គឺម្ចាស់ផ្ទះបានកំណត់បង្ហាញនូវប្រភេទកីឡាចំនួន៤០ លើ៥០០វិញ្ញាសា ហើយកម្ពុជាបានត្រៀមជិត៣០ប្រភេទកីឡា។
សូមបញ្ជាក់ថា ដោយសារការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩បានធ្វើឱ្យគ្រប់សកម្មភាពកីឡា ដូចជាការប្រកួតជើងឯកថ្នាក់ជាតិ ការប្រមូលផ្តុំហ្វឹកហាត់លក្ខណៈប្រមូលផ្តុំនៃក្រុមជម្រើសជាតិទាំងអស់ត្រូវបានក្រសួងអប់រំ យុវជន និងកីឡាផ្អាកជាច្រើនលើក គិតចាប់តាំពីខែមីនា ឆ្នាំ២០២០មកម្លេះ ហើយជាបន្តបន្ទាប់សកម្មភាពកីឡាទាំងអស់ត្រូវបានអនុញ្ញាតឱ្យប្រកួត និងហ្វឹកហាត់ឡើងវិញ ប៉ុន្តែសកម្មភាពកីឡាទាំងអស់ក៏ត្រូវផ្អាកម្តងហើយម្តងទៀត ដោយសារវិបត្តិជំងឺកូវីដ-១៩ ជាពិសេសគឺព្រឹត្តិការណ៍៣វិច្ឆិកា និងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលមកដល់ពេលនេះសកម្មភាពកីឡាមិនទាន់អនុញ្ញាតឱ្យដំណើរការឡើងវិញនៅឡើយ។ បច្ចុប្បន្ន ក្រុមជម្រើសជាតិកម្ពុជាទាំងអស់ផ្អាកការហ្វឹកហាត់ប្រមូលផ្តុំ ដោយបន្តការហ្វឹកហាត់ដោយខ្លួនឯង នៅតាមផ្ទះរៀងៗខ្លួនប៉ុណ្ណោះ ដែលនេះគឺជាកង្វល់ធំក្នុងការធ្លាក់ចុះនៃគុណភាពបច្ចេកទេស៕