ខ្មែរប៉ុស្ដិ៍ Close

អគ្គនាយកដ្ឋានកសិកម្មទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និង ទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិនជាបន្តបន្ទាប់

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី៥ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 38
អគ្គនាយកដ្ឋានកសិកម្មទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និង ទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិនជាបន្តបន្ទាប់ អគ្គនាយកដ្ឋានកសិកម្មទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និង ទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិនជាបន្តបន្ទាប់

អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម ទទួលបានពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយនិងទីតាំងវេចខ្ចប់ សម្រាប់ការនាំចេញ ផ្លែស្វាយស្រស់ ពីកម្ពុជាទៅកាន់ប្រទេសចិនជាបន្តបន្ទាប់ ដែលមានចំនួនរហូតដល់៤៨ក្រុមហ៊ុន/ម្ចាស់ចម្ការ/សហគមន៍កសិកម្ម ។

យោងតាមរយ:ហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទចេញផ្សាយកាលពី ថ្ងៃ ទី ៣ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ដំណាក់កាលដំបូង អគ្គនាយកដ្ឋានកសិកម្មបានចាត់មន្រ្តីជំនាញ ចុះពិនិត្យវាយតម្លៃ លើកសិដ្ឋានដែលមានសក្តានុពលខ្ពស់ និងស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិនចំនួន០៥ និងទីតាំង វេចខ្ចប់ ដែលបានសាងសង់រួចរាល់ចំនួន០១ទីតំាង និងបានផ្ញើជូន GACC កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ។ឯកឧត្តមបានបញ្ជាក់ថា ដើម្បីបំពេញតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យឱ្យបានល្អ សម្រាប់ការនាំចេញផ្លែស្វាយស្រស់ ពីកម្ពុជាទៅកាន់ប្រទេសចិន អគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងអនុវត្តសកម្មភាពមួយចំនួន នៅតាមទីតាំងចម្ការដែលបាន ដាក់ពាក្យស្នើសុំ ឱ្យបំពេញនូវលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិនទើបអាចនាំចេញបាន ។

ឯកឧត្តមបញ្ជាក់ថាៈសកម្មភាពទាំងនោះរួមមានបណ្តុះបណ្តាលបច្ចេកទេសស្តីពីការអនុវត្តកសិកម្មល្អ បណ្តុះបណ្តាល បច្ចេកទេសស្តីពីការគ្រប់គ្រងសមាសភាពចង្រៃ, បណ្តុះបណ្តាលបច្ចេកទេសស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ នាំចេញផ្លែស្វាយស្រស់ អង្កេតតាមដាននិងរៀបចំប្រព័ន្ធព្យាករណ៍សមាសភាពចង្រៃនៅតាមចម្ការដែលបានចុះបញ្ជីនាំចេញ និងត្រួតពិនិត្យ គុណភាព និងសុវត្ថិភាពដំណាំស្វាយ។ ឯកឧត្តមបញ្ជាក់ថា បន្ទាប់ពីអនុវត្តសកម្មភាពទំាងអស់នេះ ចប់សព្វគ្រប់មក ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម នឹងវាយតម្លៃចម្ការស្វាយដើម្បីចុះបញ្ជីកសិដ្ឋានដែលមាន ការអនុវត្តកសិកម្មល្អ និងចុះបញ្ជីជាកសិដ្ឋានសម្រាប់នាំចេញស្វាយទៅកាន់ប្រទេសចិន រួចផ្ញើជូនភាគីចិនដើម្បីពិនិត្យ និង វាយតម្លៃបញ្ចប់ចុងក្រោយ។

ម្យ៉ាងវិញទៀត គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ មានក្រុមហ៊ុនចំនួន០៤ បាននិងកំពុងប្រតិបត្តិការ សាងសង់ទីតាំងវេចខ្ចប់ ដោយមានបំពាក់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់កម្ចាត់ពងរុយចោះផ្លែស្វាយ ដែលក្នុងនោះរួមមាន ៖

១. ក្រុមហ៊ុនបឹងកេតផ្លេនធីង & អ៊ិនដាសស្ទ្រៀល មានទីតាំងនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាននិងកំពុង តម្លើងម៉ាស៊ីន Hot Water Treatment ដែលគ្រោងនឹងបញ្ចប់នៅអំឡុងខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ,

២. ក្រុមហ៊ុន បាមីន អេហ្រ្គីខលឈ័រ ហាយ-ថេក ឌីវេឡុបម៉ិន មានទីតាំងនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បាននិងកំពុងតម្លើងម៉ាស៊ីន Vapor Heat Treatment ដែលគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២០នេះ,

៣. ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd មានទីតាំងនៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាននិងកំពុងដឹកសម្ភារពីប្រទេសចិនមកសាងសង់ ដែលគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២១,

៤. ក្រុមហ៊ុន អាល់ ហ្សាហ្ស៊ីលេន ហ្វ៊ូដ ភីធីអ៊ី (ម្ចាស់ក្រុមហ៊ុន HUNTY CO., LTD)មានទីតាំងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននិងកំពុងតម្លើងម៉ាស៊ីន Hot Water Treatment គ្រោងនឹងបញ្ចប់ នៅអំឡុងខែធ្នូ ឆ្នាំ២០២០នេះ។

ដោយឡែកក្រុមហ៊ុនចំនួន៧ផ្សេងទៀតដែលមានផែនការបំពាក់ឧបករណ៍/សម្ភារឱ្យបានមុនដំណាច់ឆ្នាំ២០២០នេះ បានផ្អាកជាបណ្តោះអាសន្នដោយសារវិបត្តិជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា ពិធីសាររវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងអគ្គរដ្ឋបាលគយចិន ស្តីពីលក្ខខណ្ឌ តម្រូវ ភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ខណៈកាលពីថ្ងៃទី៣ ខែធ្នូឆ្នាំ២០២០ ក្រុមហ៊ុន ហ៊ុន ទី បានចាប់ផ្តើមដឹកជញ្ជូនផ្លែស្វាយស្រស់ពីកម្ពុជា ទៅកាន់ ប្រទេសចិនហើយចំនួនមួយកុងតឺន័រ(Container)ដោយត្រូវដឹកជញ្ជូនឆ្លងកាត់ប្រទេសវៀតណាម៕