ខ្មែរប៉ុស្ដិ៍ Close

កម្មករ កម្មការិនី បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយពាក់ម៉ាស់និងអនុវត្តវិធានការការពារជំងឺកូវីដ-១៩យ៉ាងខ្ជាប់ខ្ជួន

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី៥ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 46
កម្មករ កម្មការិនី បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយពាក់ម៉ាស់និងអនុវត្តវិធានការការពារជំងឺកូវីដ-១៩យ៉ាងខ្ជាប់ខ្ជួន កម្មករ កម្មការិនី បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយពាក់ម៉ាស់និងអនុវត្តវិធានការការពារជំងឺកូវីដ-១៩យ៉ាងខ្ជាប់ខ្ជួន

កម្មករ កម្មការិនី នៅតាមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង បាន បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយពាក់ម៉ាស់និងអនុវត្តតាមវិធានការការពារជំងឺកូវីដ-១៩យ៉ាងខ្ជាប់ខ្ជួន ដើម្បីចូលរួមក្នុងការទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ កុំឱ្យមានការរីករាលដាលកាន់តែខ្លាំង ។

លោក ភោក សម្បត្តិ កម្មកររោងចក្រក្រុមសុិកផ្លាស់ (6plus) បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា កម្មករ កម្មការិនី ដែលបម្រើការក្នុងរោងចក្រទាំងអស់ បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីត-១៩ ដោយពាក់ម៉ាស់ គ្រប់ពេលវេលា ហើយចេញចូលបានលាងដៃជាមួយសាប៊ូឬទឹកអាកុល និង ព្យាយាមរក្សាគម្លាតសុវត្ថិភាព ព្រោះមិនដឹងថា អ្នកណាកើតមាន ហើយខាងរោងចក្រក៏មានការវាស់កម្តៅមួយថ្ងៃ៣ដង ផងដែរ ។
លោកបានបន្តថា ប្រសិនបើមានកម្មករ កម្មការិនីណាមួយដែលមានជំងឺផ្តាសាយ គឺពួកគាត់នឹងទៅពិគ្រោះជាមួយនឹ លោក គ្រូពេទ្យ ដែលនៅប្រចាំការក្នុងរោងចក្រផ្ទាល់ ។ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ប្រសិនបើគ្មានភារកិច្ចអ្វីទេ គួរតែស្នាក់នៅផ្ទះឱ្យបានច្រើន បើសិនជាទៅណាមកណាត្រូវមានទឹកអាកុលឬជែលលាងដៃដាក់តាមខ្លួន ត្រូវពាក់ម៉ាស់ ឱ្យបានខ្ជាប់ខ្ជួន ចៀសវាងការប្រមូលផ្តុំគ្នាច្រើន ។
លោកបានបន្តថា ការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩នេះ គឺជារឿងមួយដ៏សំខាន់ ដែលប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវតែធ្វើ ឱ្យបានត្រឹមត្រូវ។
សំឡេង«ការទប់ស្កាត់គឺយើងយល់ថាល្អ និយាយរួមសម្រាប់ជំងឺកូវីដ-១៩គឺយើងមិនអាចដឹងថា អ្នកផ្ទុកឬក៏មានទេ ព្រោះយើងមើលមិនដឹងទេ ណាមួយជំងឺនេះវាស្រដៀងនឹងផ្តាសាយ អ៊ីចឹងខាងរោងចក្រគាត់ធ្វើបែបនេះ គឺគាត់គិតពី សុខភាពរបស់កម្មករនិយោជិតក្នុងរោងចក្រ ។ ឱ្យយើងថែរក្សាខ្លួនឯងធ្វើយ៉ាងណាកុំឱ្យកើតមានជំងឺនេះព្រោះថា ជំងឺនេះងាយឆ្លងខ្លាំងបំផុត ។ អ៊ឺចឹងនៅពេលដែលយើងអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល គឺធ្វើឱ្យយើងមានសុវត្ថិភាពសម្រាប់ខ្លួនឯង ទី២ សម្រាប់ក្រុមគ្រួសារនិងមជ្ឈដ្ឋានជុំវិញខ្លួន » ។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវជ្ជាជីវៈ បានចេញសេចក្តីណែនាំបន្ថែម អំពីវិធានការ បង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស ដើម្បីធានាសុវត្ថិភាពសុខភាពរបស់កម្មករ និងដំណើរការ សង្វាក់ផលិតកម្មនៅកម្ពុជា។
សេចក្តីណែនាំក៏បានប្រាប់ដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស មិនត្រូវអនុញ្ញាតឱ្យ បុគ្គលដែលមានប្រវត្តិនៃការ ធ្វើដំណើរ និងស្នាក់នៅមិនច្បាស់លាស់ ចេញចូលបរិវេណរោងចក្រ សហគ្រាស ជាពិសេសក្នុងបរិវេណផលិតកម្មជាដាច់ខាត ត្រូវក្ដាប់ឱ្យបាននូវប្រវត្តិនៃការធ្វើចត្តាឡីស័ក ត្រូវស្នើសុំ និងតម្រូវឱ្យភ្ញៀវ និងមន្ត្រីមានសមត្ថកិច្ច លាងដៃនឹងទឹកអាល់កុល ឬជែល ឬសាប៊ូ វាស់កម្ដៅ និងពាក់ម៉ាស់ មុននឹងអនុញ្ញាតឱ្យចូលក្នុងបរិវេណរោងចក្រ សហគ្រាស។
ត្រូវវាស់កម្ដៅគ្រប់កម្មករនិយោជិតទាំងអស់ មុននឹងអនុញ្ញាតឱ្យចូលក្នុងបរិវេណរោងចក្រ សហគ្រាស និងត្រូវផ្តល់ទឹកអាល់កុល ឬជែលលាងដៃ ឬសាប៊ូលាងដៃ នៅមាត់ច្រកចេញចូលអគារផលិតកម្ម សម្រាប់កម្មករនិយោជិតលាងសម្អាតដៃមុនពេលចូលធ្វើការ និងត្រូវផ្តល់ឈ្មោះ លេខទូរសព្ទ និងទីតាំងមួយច្បាស់លាស់ដល់កម្មករនិយោជិត ដើម្បីរាយការណ៍ និងជូនដំណឹងអំពីករណីសង្ស័យ ឬកម្មករនិយោជិតណាម្នាក់មានកម្តៅលើសពី ៣៧,៥អង្សា និងមានរោគសញ្ញាមួយយ៉ាងតិចដូចជាក្អក ហៀរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរទៅតំបន់ដែលមានករណ៍វិជ្ជមានកូវីដ-១៩ ឬបានប៉ះពាល់ជាមួយអ្នកមានវិជ្ជមានកូវីដ-១៩ ឬអ្នកស្លាប់ដោយសារជំងឺស្រួចស្រាល់ ដោយមិនដឹងពីមូលហេតុច្បាស់លាស់ ក្នុងអំឡុងពេល ១៤ថ្ងៃ មុនចេញរោគសញ្ញា៕

អត្ថបទទាក់ទង