ខ្មែរប៉ុស្ដិ៍ Close

ដំណាំដូងក្រអូបជាង៤០ហិកតាអាចរកប្រាក់ចំណូលបានជាង២០ម៉ឺនដុល្លារក្នុង១ឆ្នាំ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០ មុខរបរ 46
ដំណាំដូងក្រអូបជាង៤០ហិកតាអាចរកប្រាក់ចំណូលបានជាង២០ម៉ឺនដុល្លារក្នុង១ឆ្នាំ ដំណាំដូងក្រអូបជាង៤០ហិកតាអាចរកប្រាក់ចំណូលបានជាង២០ម៉ឺនដុល្លារក្នុង១ឆ្នាំ

ដំណាំដូងក្រអូបរបស់លោក បុត្រ គឹមឆាយជាង៤០ហិកតាអាចរកប្រាក់ចំណូលបានជាង២០ម៉ឺនដុល្លារក្នុង១ឆ្នាំ ដោយសារដំណាំនេះកំពុងមានតម្រូវការទីផ្សារ ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម លោក បុត្រ គឹមឆាយ ម្ចាស់ចម្ការដូងក្រអូប នៅខេត្តព្រះសីហនុ បានបញ្ជាក់ថា ការដាំដូងក្រអូបនេះ បានចាប់ផ្តើមតាំងពីឆ្នាំ២០០២ ដាំលើផ្ទៃដីជាង ៤០ហិកតា ។ លោកបញ្ជាក់ថា ឈ្មួញ បានមកប្រមូលទិញផ្លែដូងស្ទើរជារៀងរាល់ថ្ងៃ ដោយមួយផ្លែអាចលក់បានតម្លៃចន្លោះពី២៣០០រៀលទៅ៣៥០០រៀលទៅតាមរដូវកាល។

លោកបន្តថា ដូងក្រអូបជាដំណាំមួយប្រភេទដែលងាយស្រួលដាំ អាចប្រមូលផលបានរាប់ឆ្នាំ លក់បានតម្លៃថ្លៃ ហើយនៅពេលវាទុំអាចយកទៅបណ្តុះកូនលក់បានទៀត។ មួយវិញទៀត កូនដូងដែល បណ្តុះបានអាយុពី ២ទៅ៣ឆ្នាំ មានឈ្មួញ មកទទួលទិញ ដើម្បីយកទៅដាំបន្តនៅតាមបុរី ផ្ទះសំណាក់ និងសណ្ឋាគារក៏មាន ។

សំឡេង៖ «ដូងក្រអូបគេហៅថាចំណូលមួយរាងខ្ពស់ដែរបើយើងលក់បានតាំងពីដូងខ្ចីហូបទឹករហូតដល់ពូជដូង។ ពីមួយដំណាក់ទៅមួយដំណាក់គឺយើងអាចរកចំណូលបានច្រើនគួរសមដែរ ពីព្រោះដោយសារទីតាំងខ្ញុំវាធំទូលាយដែរដី៤០ហិកតា ដាំដើមដូងទាំងអស់។ ជាទូទៅដូងក្រអូបក្នុងមួយហិកតាក្នុងមួយឆ្នាំយើងអាចរកប្រាក់ចំណូលបានចន្លោះ៤ពាន់ដុល្លារ។ ផ្ទៃដីខ្ញុំសព្វថ្ងៃគឺមានចំនួន៤០ហិកតា។ ដី៤០ហិក​តាក្នុងមួយឆ្នាំខ្ញុំអាចរកចំណូលបានចន្លោះពី ១២ ម៉ឺនទៅ ១៤ ម៉ឺនដុល្លារ គិតតែផ្លែដូងខ្ចីហូបទឹកធម្មតា មិនទាន់គិតពូជដូងទេ។ ពូជដូងក្រអូប ខ្ញុំអាចរកចំណូលបានចន្លោះពី ៦ម៉ឺនទៅ ៧ ម៉ឺនក្នុងមួយឆ្នាំ អ៉ីចឹងសរុបទៅវិញទៅមកវាជាង២០ម៉ឺន។ បើយើងដកថ្លៃកម្មករ ជី កម្លាំងពលកម្ម ថ្នាំសង្កូវយើងអាចនៅសល់បានចន្លោះ ១០ ម៉ឺនជាងតិចតួច»។

លោកបានបន្ថែមទៀតថា ដូងក្រអូបជាដំណាំមួយប្រភេទមានលក្ខណៈងាយស្រួលដាំ ឆាប់បានផល ហើយនៅពេលវាកាន់តែចាស់ដើម ផ្លែកាន់តែច្រើន រកចំណូលបានរាប់សិបឆ្នាំឯណោះ។ បើគិតចាប់ពីពេលដាក់ដាំរហូតមកដល់ពេលនេះ មានអាយុប្រមាណជាង ៣ឆ្នាំ គឺអាចប្រមូលផលបានបណ្តើរៗហើយ ប៉ុន្តែឆ្នាំដែលចាប់ផ្តើមឱ្យផលច្រើនគឺឆ្នាំទី៤ និងទី៥៕

អត្ថបទទាក់ទង