ខ្មែរប៉ុស្ដិ៍ Close

CAMSOC សម្រេចលើកពេលសិក្ខាសាលាថ្នាក់ជាតិ ដើម្បីបើកយុទ្ធនាការ SEA Games 2023

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី៤ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 39
CAMSOC សម្រេចលើកពេលសិក្ខាសាលាថ្នាក់ជាតិ ដើម្បីបើកយុទ្ធនាការ SEA Games 2023 CAMSOC សម្រេចលើកពេលសិក្ខាសាលាថ្នាក់ជាតិ ដើម្បីបើកយុទ្ធនាការ SEA Games 2023

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានសម្រេចពន្យារពេលរៀបចំសិក្ខាសាលាថ្នាក់ជាតិអប់រំសង្គម និងការបើកយុទ្ធនាការផ្សេងៗ ដែលគ្រោងធ្វើឡើងនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ខាងមុខវិញហើយ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឲ្យដឹងថា ការពន្យារពេលនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បន្ទាប់ពីផ្ទុះព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដែលជាករណីឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍លើកដំបូង។ ដូច្នេះក្រោយស្ថានភាពល្អប្រសើរ ទើបសិក្ខាសាលាថ្នាក់ជាតិនេះរៀបចំឡើងវិញ។

គួរបញ្ជាក់ថា សិក្ខាសាលាថ្នាក់ជាតិអប់រំសង្គមឆ្ពោះទៅ SEA Games 2023 គ្រោងរៀបចំឡើង ដើម្បីផ្សព្វផ្សាយនូវយុទ្ធនាការផ្សេងៗដូចជា «យុទ្ធនាការប្រជាជនម្នាក់លេងកីឡាមួយមុខ» «យុទ្ធនាការកម្ពុជាស្អាត និងបដិសណ្ឋារកិច្ចល្អ» និងយុទ្ធនាការការយល់ដឹងពីបរិស្ថានសង្គម ដូចជាបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ក្រោយចប់សិក្ខាសាលានេះ សម្ដេចពិជ័យសេនា ទៀ បាញ់ នឹងប្រកាសបើកយុទ្ធនាការអប់រំសង្គមទូទាំងប្រទេសតែម្ដង។

ចំពោះសមាសភាពដែលត្រូវចូលរួមសិក្ខាសាលាខាងលើ គឺមានប្រមាណ ៣០០នាក់ ដែលជាមនុស្សគោលដៅគន្លឹះ ក្នុងការរួមចំណែកជំរុញក្នុងការផ្សព្វផ្សាយនូវយុទ្ធនាការនានា ដូចជាអាជ្ញាធរ ឬអភិបាលរាជធានី-ខេត្តទាំង ២៥សហព័ន្ធកីឡាជាតិ អង្គរការកីឡាជាតិ និងអន្ដរជាតិ ពិសេសមន្ទីរជំនាញ រួមមានមន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរទេសចរណ៍ជាដើម៕

អត្ថបទទាក់ទង