សម្ដេចពិជ័យសេនា ដាច់ចេញយុទ្ធសាស្ដ្រស៊ីជម្រៅមួយចំនួន ដើម្បីឆ្ពោះទៅរកជោគជ័យត្រចះត្រចង់ ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មាធិ ការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានផ្ដល់អនុសាសន៍ស៊ីជម្រៅមួយចំនួន សម្រាប់ថ្នាក់ដឹកនាំ និងមន្ដ្រី CAMSOC ដើម្បីអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព ឆ្ពោះទៅរកភាពជោគជ័យដ៏ត្រចះត្រចង់ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នៅកម្ពុជា នាឆ្នាំ២០២៣។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២-២០២៣ និងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីអភិបាលកិច្ចល្អ នៃការគ្រប់គ្រងព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា តាមលទ្ធផលសន្និបាត CAMSOC ពិតជាទទួលបានស្មារតីទទួលខុសត្រូវរួមគ្នា បទពិសោធន៍ជំនាញ និងលក្ខខណ្ឌតម្រូវមួយចំនួន ជាធាតុចូលដ៏សំខាន់ក្នុងការដោះស្រាយរាល់បញ្ហាប្រឈម និងការរាំងស្ទះនានា ដើម្បីឈានទៅ ការសម្រេចបានសមិទ្ធផលដ៏ល្អ នាព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
សម្ដេចពិជ័យសេនា បានផ្ដល់អនុសាសន៍ និងដាក់ចេញនូវយុទ្ធសាស្ត្រស៊ីជម្រៅមួយចំនួន តាមអភិក្រមតម្រង់ទិសដូចជា ថ្នាក់ដឹកនាំ មន្ដ្រី អគ្គលេខាធិការដ្ឋាន និងគណៈកម្មការជំនាញ CAMSOC ត្រូវប្រមូលកម្លាំងសរុប លះបង់ពេលវេលា និងការ ទទួលខុសត្រូវនៅតាមក្រសួង ស្ថាប័នរបស់ខ្លួន ដោយផ្ដោតការយកចិត្តទុកដាក់តួនាទីភារកិច្ចរបស់ខ្លួន ដែល CAMSOC បានប្រគល់ជូន ។
សម្ដេចពិជ័យសេនា បន្តថា គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយរបស់ CAMSOC រួមជាមួយក្រសួង ស្ថាប័ន អង្គភាពរដ្ឋបាល រាជធានី-ខេត្ត ត្រូវជំរុញការផ្សព្វផ្សាយឱ្យបានផុលផុសតាមផែនការរបស់ CAMSOC ពិសេសយោងតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក្នុងការបំផុសចលនាគាំទ្រដល់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងចូលរួម បំផុសចលនាយុទ្ធនាការអប់រំសង្គមឱ្យមានប្រសិទ្ធភាពខ្ពស់ គឺ យុទ្ធនាការ កីឡារស់ក្នុងសន្ដិភា, ប្រជាជនម្នាក់ លេងកីឡាមួយមុខ , កម្ពុជាស្អាត និងកម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឥទ្ធិពលគ្រឿងញៀន ។
សម្តេចពិជ័យសេនាក៏បានជំរុញឱ្យ គ្រប់ទីលានប្រកួតទាំងអស់ ត្រូវពិនិត្យ វាយតម្លៃ និងចាប់ផ្ដើមជួសជុលកែលម្អ ឬសាងសង់ថ្មី ឱ្យបានរួចរាល់ ៦ខែមុនព្រឹត្តិការណ៍ប្រកួត។ ត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF Council) ឱ្យទទួលបានការគាំទ្រពេញទំហឹងពីបណ្ដាប្រទេសសមាជិក SEA Games។
សូមបញ្ជាក់ថា កម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ចាប់ពីថ្ងៃទី០៥ដល់ ១៧ ខែឧសភា ឆ្នាំ២០២៣៕ វិទ្យុជាតិកម្ពុជា