ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៧

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 45
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៧ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៧

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានថ្លែងសុន្ទរកថាគន្លឹះមួយតាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៧ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។

ពិព័រណ៍ចិន-អាស៊ាន លើកទី១៧ នៅឆ្នាំ២០២០នេះ ធ្វើឡើងក្រោមមូលបទ «រួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល» ដោយផ្តោតលើការជំរុញការស្តារសេដ្ឋកិច្ចតំបន់ឡើងវិញ ក្រោយពីវិបត្តិជំងឺកូវីដ-១៩ និងការរក្សាសន្ទុះរឹងមាំនៃកិច្ចសហប្រតិបត្តិការកាន់តែស៉ីជម្រៅរវាងចិន និងអាស៊ាន។

ក្នុងសុន្ទរកថាគន្លឹះនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានគូសបញ្ជាក់ពីភាពចាំបាច់ត្រូវពង្រឹងការប្តេជ្ញាទ្រទ្រង់គោលការណ៍ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរលើសេដ្ឋកិច្ច-សង្គម ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។

លោកនាយករដ្ឋមន្រ្ដី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល ដើម្បីសម្របទៅនឹងកាលៈទេសៈប្រក្រតីភាពថី្ម លើកកម្ពស់ភាពរឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព ហើយនិងសម្រេចបានវឌ្ឍនភាពបន្ថែមទៀត។

លោកនាយករដ្ឋមន្រ្ដី ក៏បានមានប្រសាសន៍អំពីការខិតខំរបស់កម្ពុជា សំដៅជំរុញការធ្វើឌីជីថលូបនីយកម្មលើផលិតកម្ម ឧស្សាហកម្ម សេវាកម្ម និងរដ្ឋបាលសាធារណៈ ព្រមគ្នាជាមួយនឹងការអនុវត្តវិធានការកែទម្រង់យ៉ាងមុតស្រួច ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគឲ្យបានកាន់តែប្រសើរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន ជាវេទិកាសំខាន់មួយសម្រាប់ជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច នយោបាយ ទេសចរណ៍ វប្បធម៌ និងទំនាក់ទំនងការទូត។ ជាពិសេសកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសចិន និងប្រទេសជាសមាជិកអាស៊ានទាំង១០។ ពិព័រណ៍ចិន-អាស៊ាន ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០០៤មក នៅទីក្រុងណាននីង តំបន់ស្វយ័តខេត្តក្វាងស៊ី ប្រទេសចិន។

កម្ពុជា បានគាំទ្រពេញទំហឹងចំពោះការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាននេះ។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអញ្ជើញចូលរួមដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះចំនួន ១១លើកកន្លងមកហើយ ដែលចំនួននេះច្រើនជាងថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានដទៃទៀត។

តែសម្រាប់ឆ្នាំ២០២០នេះ ព្រោះតែបញ្ហាជំងឺកូវីដ-១៩ លោកនាយករដ្ឋមន្រ្ដី មិនអាចអញ្ជើញចូលរួមដោយផ្ទាល់នោះឡើយ គឺបានត្រឹមថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូពីចម្ងាយប៉ុណ្ណោះ។

វេទិកានេះ បានផ្តល់នូវកាលានុវត្តភាពធំធេងដល់កម្ពុជា ដើម្បីពង្រីក និងធ្វើពិពិធកម្មទីផ្សារនាំចេញ ទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងពង្រឹងពង្រីកកិច្ចសហការលើគ្រប់វិស័យជាមួយប្រទេសទាំងអស់ដែលចូលរួមពិព័រណ៍។ មិនតែប៉ុណ្ណោះ ទំនិញកម្ពុជា បានជ្រៀតចូលទីផ្សារចិនកាន់តែច្រើន ហើយកម្ពុជាបានបើកមជ្ឈមណ្ឌលពាណិជ្ជកម្មបានចំនួន៤ទីតាំង ក្នុងខេត្តចំនួន ៤ផ្សេងគ្នានៅក្នុងប្រទេសចិន ៕

អត្ថបទទាក់ទង