លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បបួលស្បថឱ្យស្លាប់ចំពោះអ្នកដែលខំមិនក្នុងទំព័រហ្វេសប៊ុករបស់លោកដែលថាលោកដឹកនាំកម្ពុជាយូរទៅក្រទៅ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា មានបុគ្គលមួយចំនួនបានផ្ញើសារខំមិនចូលទៅក្នុងទំព័រហ្វេសប៊ុករបស់លោកដែលបានចោទប្រកាន់ថា លោកដឹកនាំយូរទៅក្រទៅៗ ដែលប្រការនេះដែរធ្វើឱ្យលោកនាយករដ្ឋមន្រ្តី បានបបួលបុគ្គលទាំងនោះស្បថឱ្យស្លាប់ប្រសិនបើដូចការខំមិននោះ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ដែលមានតម្លៃជិត ៥០លានដុល្លារអាមេរិក ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា អ្នកដែលចូលខំមិនក្នុងទំព័រហ្វេសប៊ុកស្រែកថាក្រទៅៗនោះ បែរជាមានស្មាតហ្វូនប្រើប្រាស់ថែមទៀត។ លោកបានបន្តថា ពុំមានពេលណាដែលកម្ពុជាក្រជាងឆ្នាំ១៩៧៩ ក្រោយពេលដែលរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនោះឡើយ៕