ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរចំពោះការខិតខំរបស់ក្រសួងកសិកម្ម ក្នុងការបើកទីផ្សារស្វាយស្រស់កម្ពុជានាំទៅកាន់ប្រទេសចិន

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 8
សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរចំពោះការខិតខំរបស់ក្រសួងកសិកម្ម ក្នុងការបើកទីផ្សារស្វាយស្រស់កម្ពុជានាំទៅកាន់ប្រទេសចិន សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរចំពោះការខិតខំរបស់ក្រសួងកសិកម្ម ក្នុងការបើកទីផ្សារស្វាយស្រស់កម្ពុជានាំទៅកាន់ប្រទេសចិន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ បានបង្ហោះសារអបអរសាទរ និងកោតសរសើរចំពោះការខិតខំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការបើកទីផ្សារស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន តាមរយៈការចុះពិធីសារផ្លូវការ លើ «លក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយស្រស់ ពីកម្ពុជាទៅកាន់ប្រទេសចិន» នៅព្រឹកមិញនេះ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងមន្រ្តីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមជំរុញការងារនេះ រហូតឈានដល់កិច្ចព្រមព្រៀងគ្នាជាផ្លូវការ។

សម្តេចតេជោ ហ៊ុន សែន ចាក់ទុកការចុះពិធីសារនេះ គឺជាដំណឹងល្អសម្រាប់បងប្អូនប្រជាកសិករ ម្ចាស់ចំការ និងពាណិជ្ជករ ដែលកំពុងវិនិយោគលើដំណាំស្វាយ ហើយមានក្តីកង្វល់ ព្រោះមានចំការជាច្រើនដែលមានស្វាយទុំជ្រុះចោល ខណៈតម្លៃស្វាយបានធ្លាក់ចុះយ៉ាងច្រើន។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា តាមរយៈការនាំផ្លែស្វាយចេញទៅប្រទេសចិន នឹងផ្តល់ការងារ និងប្រាក់ចំណូលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងដំណាក់កាល ដែលប្រទេសយើងកំពុងប្រឈមនឹងជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «ខ្ញុំសូមអបអរសាទរ និងកោតសរសើរ ចំពោះការខិតខំរបស់ក្រសួងកសិកម្ម ក្នុងការបើកទីផ្សារស្វាយស្រស់កម្ពុជា ទៅកាន់ប្រទេសចិន ដែលនៅថ្ងៃទី៩ ខែ មិថុនា ២០២០ នេះគឺកម្ពុជានិងមិត្តចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការលើ លក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន។

អរគុណចំពោះលោកអគ្គរដ្ឋទូតចិន និងមន្រ្តីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមជំរុញការងារនេះ រហូតឈានដល់កិច្ចព្រមព្រៀងគ្នាជាផ្លូវការនៅថ្ងៃនេះ។ នេះជាដំណឹងល្អសម្រាប់បងប្អូនប្រជាកសិករ ម្ចាស់ចំការ និងពាណិជ្ជករ ដែលកំពុងវិនិយោគលើដំណាំស្វាយ ដែលកំពុងមានក្តីកង្វល់ ព្រោះមានចំការជាច្រើន ដែលមានស្វាយទុំជ្រុះចោល ហើយតម្លៃស្វាយបានធ្លាក់ចុះយ៉ាងច្រើន។ បើតាមព័ត៌មានទទួលបាន គឺមានអាជីវករបានដាក់ពាក្យស្នើសុំ ចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ ទៅកាន់ប្រទេសចិនចំនួន ២០លើផ្ទៃដី ២១,២៨៦ហិកតា។ យើងសង្ឃឹមថា ក្រោយពីអគ្គនាយកដ្ឋានកសិកម្ម ចុះត្រួតពិនិត្យនិងវាយតម្លៃលើចំការស្វាយ និងទីតាំងវេចខ្ចប់រួចហើយ គឺនឹងឈានដល់ការនាំចេញ ផលិតផលស្វាយខ្មែរ នៅពេលឆាប់នេះមិនខាន។

តាមរយៈការនាំផ្លែស្វាយ ចេញទៅប្រទេសចិន នឹងផ្តល់ការងារ និងប្រាក់ចំណូលកាន់តែច្រើន សម្រាប់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងដំណាក់កាល ដែលប្រទេសយើងកំពុងប្រឈមនឹងជំងឺកូវីដ-១៩។

សូមបងប្អូនប្រជាកសិករ និងពាណិជ្ជករ ពង្រឹងបច្ចេកទេសដាំដុះឲ្យ មានគុណភាពកាន់តែខ្ពស់ និងបង្កើតរោងចក្រវេចខ្ចប់ឲ្យបានត្រឹមត្រូវ ដើម្បីយើងអាចមានលទ្ធភាពកែឆ្នៃផ្លែស្វាយ ដើម្បីទទួលបានផលប្រយោជន៍កាន់តែច្រើន។ អ្វីដែលសំខាន់បំផុត ក្នុងការនាំផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន គឺត្រូវតែមានអនាម័យ និងភូតគាមអនាម័យ (SPS) អោយបានល្អដែលអាចទទួលយកបាន នៅក្រៅប្រទេស»។

សូមជម្រាបថា នៅព្រឹកថ្ងៃទី០៩ ខែមីថុនា ឆ្នាំ២០២០នេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើពិធីសារផ្លូវការ ក្នុងការនាំចេញផ្លែស្វាយស្រស់ ទៅប្រទេសចិន។

លោក Wang Wentain ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានថ្លែងថា ការសហការគ្នារវាងកម្ពុជា និងចិន ដោយតម្រូវឲ្យកម្ពុជានាំចេញផ្លែស្វាយស្រស់ ទៅកាន់ទីផ្សារប្រទេសចិននាពេលនេះ ប្រាកដជានឹងជួយសេដ្ឋកិច្ចកម្ពុជា ដែលទទួលរងនូវជំងឺកូវីដ-១៩ ឱ្យមានកំណើនប្រសើរឡើងវិញក្នុងពេលឆាប់ៗ។

បន្ទាប់ចុះហត្ថលេខាលើពិធីសារនាំផ្លែស្វាយកម្ពុជា ទៅកាន់ប្រទេសចិននេះ កម្ពុជាអាចនាំចេញផ្លែស្វាយមានគុណភាពខ្ពស់ ៥០ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិនជារៀងរាល់ឆ្នាំ។

នេះជាជោគជ័យលើកទី២ លើការចរចា ក្នុងការនាំចេញផ្លែឈើស្រស់ ពីកម្ពុជាទៅចិនដោយផ្ទាល់ ដោយជោគជ័យលើកទី១ លើការនាំចេញផ្លែចេកស្រស់ ទៅកាន់ប្រទេសចិន។

ក្រៅពីផ្លែស្វាយនេះ កម្ពុជា ក៏កំពុងចរចាជាមួយចិន ក្នុងការនាំចេញ តាងែន (មៀនប៉ែលិន) ស្រការនាគ និងទឹកមាត់ត្រចៀកកាំ ទៅកាន់ប្រទេសចិន ដោយផ្ទាល់ ផងដែរ។ បច្ចុប្បន្នផលិតផលកសិកម្មរបស់កម្ពុជាចំនួន៥មុខ ត្រូវបានភាគីចិនអនុញ្ញាតឲ្យនាំចេញ ដោយផ្ទាល់គឺ អង្ករ ចំណិតដំឡូងមីក្រៀម ស្វាយចន្ទី និងចេក។

តាមស្ថិតិចុងក្រោយនាឆ្នាំ២០១៩ បានបង្ហាញថា ផ្ទៃដីដាំដុះដំណាំស្វាយមានចំនួន ១២៤,៣១៩ហិកតា ផ្ទៃដីដែលអាចប្រមូលផលមានចំនួន៩១,៣៩៨ហិកតា និងទិន្នផលជាមធ្យមទទួលបាន១៥.៨៥តោនក្នុងមួយហិកតាក្នុងរដូវ ដែលជាមធ្យម កម្ពុជាអាចមានផលិតផលស្វាយស្រស់ប្រមាណ១,៤៤៨,៦៧៧តោន ក្នុងមួយរដូវ៕

អត្ថបទទាក់ទង