ខ្មែរប៉ុស្ដិ៍ Close

ការប្រមូលផលស្រូវវស្សារបស់ប្រជាកសិករខេត្តសៀមរាបសម្រេចបានជិត១០០%ហើយ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 50
ការប្រមូលផលស្រូវវស្សារបស់ប្រជាកសិករខេត្តសៀមរាបសម្រេចបានជិត១០០%ហើយ ការប្រមូលផលស្រូវវស្សារបស់ប្រជាកសិករខេត្តសៀមរាបសម្រេចបានជិត១០០%ហើយ

សៀមរាប៖ ការប្រមូលផលស្រូវវស្សារបស់ប្រជាកសិករខេត្តសៀមរាបឆ្នាំនេះសម្រេចបានជិត១០០%ហើយ ដោយទិន្នផលមានការកើនឡើងបើប្រៀបធៀបទៅនឹងឆ្នាំមុន ។ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានថ្លែងប្រាប់ អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ការងារ ប្រមូលផលស្រូវវស្សារហូតមកដល់ថ្ងៃទី២៦ ខែវិច្ឆិកានេះ សម្រេចបាន១២០ពាន់៦២៥ហិកតា ក្នុងនោះមានស្រូវស្រាលសម្រេចបាន៤០ពាន់២៣០ហិកតា បើគិតជាភាគរយ សម្រេចបានប្រមាណ៩៦%ហើយ។

ចំពោះទិន្នផលវិញ គឺកើនឡើងជាងឆ្នាំមុន ដោយជាមធ្យមក្នុងមួយហិកតា ទទួលបានប្រមាណជាង២៨០០គីឡូក្រាម ខណៈឆ្នាំ២០១៩ទទួលបានប្រមាណជាង២៧០០គីឡូក្រាមក្នុងមួយហិកតា។ «ប្រមូលផលសរុបបាន១២០ពាន់៦២៥ហិកតា ក្នុងនោះស្រូវស្រាល៤០ពាន់២៣០ហិកតា ប្រមូលផលបានស្មើ៩៦,៦៣ភាគរយនៃផ្ទៃដីសរុប។ទិន្នផលមានការកើនឡើង គិតទៅឆ្នាំមុនទិន្នផលមធ្យមបាន២តោន៧០០ជាង ឥឡូវយើងបាន២តោន៨០០ជាង ស្រូវសើមតម្លៃ១១០០រៀលទៅ១១៥០រៀលមួយគីឡូ ស្រូវចម្រុះសើមអត់ក្រអូបពី៨៥០រៀលទៅ៩៥០រៀលក្នុងមួយគីឡូនៅថេ មិនចុះប៉ុន្មានទេ »។
លោកបានណែនាំដល់ប្រជាពលរដ្ឋថា បើមានបញ្ហាប្រឈមណាមួយពីតម្លៃស្រូវដែលលក់ចេញ ត្រូវធ្វើទំនាក់ទំនងមកមន្ទីរកសិកម្មខេត្តឬការិយាល័យកសិកម្មតាមស្រុកដែលនៅជិតបំផុតដើម្បីជួយអន្តរាគមន៍។

គួរជម្រាបផងដែរថា ឆ្នាំ២០២០ឆ្នាំនេះផ្ទៃដីបង្កបង្កើន ផលស្រូវនៅក្នុងខេត្តសៀម រាបបានចំនួនសរុប១៨៩ពាន់៣០០ហិកតា ស្មើនឹង១០១,៤៧% លើផែនការ១៨៦ពាន់៥៦០ហិកតា ក្នុងនោះស្រូវស្រាល ចំនួន៤០ពាន់២៤០ហិកតា ស្រូវកណ្តាល ចំនួន ១០៥ពាន់៤៦០ហិកតា ស្រូវធ្ងន់ ចំនួន៣៥ពាន់៥៦០ហិកតា ស្រូវ ចំការ ១ពាន់៦៩០ហិកតា និងស្រូវឡើងទឹក ៦ពាន់៣៥០ហិកតា៕.

អត្ថបទទាក់ទង