ជប៉ុន និង UNDP គាំទ្រកម្ពុជាលើគម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រ
ស្ថានទូតជប៉ុន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ហៅកាត់ UNDP បានគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាលើគម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រ ខណៈកាកសំណល់នេះ កំពុងក្លាយជាវិបត្តិបរិស្ថានដ៏ធំបំផុតមួយនៅក្នុងពិភពលោក។
កិច្ចគាំទ្រនេះ នឹងជំរុញឱ្យមានការអនុវត្តន៏តាមគោលការណ៍4Rsជាភាសាអង់គ្លេស ដែលសម្រាយជាភាសាខ្មែរមានន័យថា កុំប្រើប្រាស់ប្លាស្ទិក(Refuse) កាត់បន្ថយការប្រើប្លាស្ទិក(Reduce) ប្រើឡើងវិញនូវប្លាស្ទិក(Reuse) និងកែច្នៃយកមកប្រើប្រាស់នូវសំណល់ប្លាស្ទិក (Recycle) បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃការអនុវត្តន៍នេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកានេះ។ គម្រោងថ្មីនេះ នឹងរៀបចំលិខិតបទដ្ឋានគតិយុត្ត បង្កើនការយល់ដឹង និងកាត់បន្ថយសំណល់ប្លាស្ទិកនៅតាមតំបន់គោលដៅ ព្រមទាំងជំរុញឱ្យមានការកែច្នៃសំណល់ និងការប្រើប្រាស់សម្ភារផ្សេងក្រៅតែពីប្លាស្ទិក។ តំបន់គោលដៅរួមមានក្រុងធំៗ និងខេត្តដែលនៅតាមតំបន់ឆ្នេរដូចជា៖ សៀមរាប ព្រះសីហនុ ភ្នំពេញ កែប កំពត និងកោះកុង នឹងត្រូវដាក់ឱ្យអនុវត្ត ដើម្បីកាត់បន្ថយការបំពុលប្លាស្ទិកនៅតាមសមុទ្រឱ្យមានប្រសិទ្ធភាពនៅតាមតំបន់ប្រភពសំណល់តែម្ដង។
ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា មានប្រសាសន៍ថា ការបំពុលប្លាស្ទិកនៅតាមសមុទ្របានក្លាយជាវិបត្តិបរិស្ថានដ៏ធំបំផុតមួយនៅក្នុងពិភពលោក ដែលទាមទារនូវការជំរុញឱ្យមានការចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីប្រឆាំងទៅនឹងការបំពុលប្លាស្ទិកនៅតាមសមុទ្រ។
ដូចគ្នានេះ លោក Nick Beresford អ្នកតំណាងនិវាសនដ្ឋាននៃUNDPប្រចាំកម្ពុជា បានលើកឡើងថា ការប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទិក គឺជាការកិច្ចការដ៏សែនពិបាកមួយ។ ប៉ុន្តែគម្រោងនេះ នឹងនាំមកនូវការផ្លាស់ប្តូរ និងបង្ហាញឱ្យឃើញពីអនុភាពនៃការងាកទៅរកសេដ្ឋកិច្ចវិលជុំបែបបៃតង។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន សង្ឃឹមថា តាមរយៈគម្រោងនេះ នឹងអាចបង្ហាញឱ្យឃើញពីឧត្តមានុវត្តន៍នៃអន្តរាគមន៍កាត់បន្ថយប្លាស្ទិក ដែលអាចជួយឱ្យបណ្ដាប្រទេសនានានៅអាស៊ានយកគំរូតាមកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការបំពុលប្លាស្ទិកនៅតាមសមុទ្រ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ការកាត់បន្ថយសំណល់ប្លាស្ទិកឱ្យមានប្រសិទ្ធភាព ទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគី។
គួរកត់សម្គាល់ថា សម្ភារប្រើប្រាស់ដែលធ្វើពីប្លាស្ទិកដូចជា៖ ថង់ ដប និងប្រដាប់ដាក់វត្ថុនានា ក្នុងពេលបច្ចុប្បន្ន មានវត្តមាននៅគ្រប់ទិសទី ទាំងក្នុងផ្ទះ ក្នុងសាលារៀន និងក្នុងកន្លែងធ្វើការ។ ការប្រើប្រាស់ឥតសំចៃបែបនេះ បានបង្កផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់បរិស្ថាន៕