ខ្មែរប៉ុស្ដិ៍ Close

UNDP ថ្លែងសាររំលែកទុក្ខចំពោះការស្លាប់ របស់កងទ័ពមួកខៀវរបស់ខ្មែរនៅប្រទេសម៉ាលី ដោយសារជំងឺកូវីដ-១៩

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 14
UNDP ថ្លែងសាររំលែកទុក្ខចំពោះការស្លាប់ របស់កងទ័ពមួកខៀវរបស់ខ្មែរនៅប្រទេសម៉ាលី ដោយសារជំងឺកូវីដ-១៩ UNDP ថ្លែងសាររំលែកទុក្ខចំពោះការស្លាប់ របស់កងទ័ពមួកខៀវរបស់ខ្មែរនៅប្រទេសម៉ាលី ដោយសារជំងឺកូវីដ-១៩

(ភ្នំពេញ)៖ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP Cambodia) នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ចេញសាររំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយរាជរដ្ឋាភិបាល និងក្រុមគ្រួសារ ចំពោះការស្លាប់របស់ឧត្តមសេនីយ៍ទោ ស សាវី ដោយសារជំងឺកូវីដ-១៩ ពេលបំពេញបេសកកម្មរក្សាសន្តិភាព នៅប្រទេសម៉ាលី។

UNDP បានថ្លែងសាររំលែកទុក្ខតាមរយៈ Facebook របស់ខ្លួនយ៉ាងដូច្នេះថា៖ «ក្នុងទិវាអន្តរជាតិនៃកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ យើងចងចាំមិនភ្លេចនូវវីរៈភាពរបស់កងកម្លាំងរក្សាសន្តិភាពមួកខៀវរបស់កម្ពុជាទាំងអស់ ដែលបានលះបង់ជីវិតខ ណៈពេលបំពេញបេសកកម្មរក្សាសន្តិភាព។ ជាមួយគ្នានេះ យើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយនឹងប្រជាជនកម្ពុជាទាំងអស់ ជាពិសេសសហការី មិត្តភក្តិ និងក្រុមគ្រួសារនៃសពរបស់ឧត្តមសេនីយ៍ទោស សាវី ដែលបានទទួលមរណភាពកាលពីម្សិលមិញ ដោយជំងឺកូវីដ-១៩ នៅប្រទេសម៉ាលី»។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ស សាវី បានទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមស្លាកអង្គការសហប្រជាជាតិ បានស្លាប់នៅក្នុងមន្ទីរពេទ្យក្នុងប្រទេសម៉ាលី កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ បន្ទាប់ពីឆ្លងជំងឺកូវីដ-១៩។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហាញអារម្មណ៍សោកស្តាយយ៉ាងជ្រាលជ្រៅចំពោះមរណភាពរបស់លោក ស សាវី។ សម្តេចពិជ័យសេនា បានចាត់ទុកការបាត់បង់ជីវិតរបស់យុទ្ធជនខ្មែរនៅបរទេសនេះ ជាការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានចំពោះជាតិមាតុភូមិ ជាពិសេសកិច្ចមនុស្សធម៌ក្រោមឆត្រអង្គការសហប្រជាជាតិ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ដែរថា សពយុទ្ធជនពលីរូបនេះ ភាគីកម្ពុជា បានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ ដើម្បីរៀបចំសពយុទ្ធជនរបស់កម្ពុជា ឱ្យសាកសមនឹងការលះបង់ ដើម្បីបុព្វហេតុមនុស្សធម៌។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះកងកម្លាំងមួកខៀវរបស់កម្ពុជា ចំនួន៥ កងធំៗ សរុបជិត ៧៨៧នាក់ ក្នុងនោះនារីចំនួន ៧៦នាក់ បាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសចំនួន៦រួមមាន៖ លីបង់, ស៊ូដង់, ស៊ូដង់ខាងត្បូង, ម៉ាលី, សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងយ៉េមែន។

កាលពីពេលថ្មីៗនេះ មានកងកម្លាំងយោធាមួកខៀវកម្ពុជា ៧នាក់ ដែលបំពេញបេសកកម្ម នៅប្រទេសម៉ាលី បានឆ្លងជំងឺកូវីដ-១៩។ ក្នុងនោះស្លាប់ ១នាក់ ជាសះស្បើយ ២នាក់ និង ៤នាក់ផ្សេងទៀត កំពុងព្យាបាល។

លោកឧត្តមសេនីយ៍ឯក ផល សាម៉ន អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានកងកម្លាំងកំពុងបំពេញការងារនៅប្រទេសម៉ាលី ២៩៨នាក់ នារី ៣០នាក់។

លោកឧត្តមសេនីយ៍ឯក ផល សាម៉ន បានឱ្យដឹងដែរថា បច្ចុប្បន្ននៅប្រទេសម៉ាលី មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ១,១៩៤នាក់ ក្នុងនោះមន្ត្រីរបស់អង្គការសហប្រជាជាតិដែលឆ្លងមានចំនួន ៧៣នាក់ រាប់ទាំងកម្ពុជា៧នាក់ផងដែរ៕

អត្ថបទទាក់ទង