ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ទទួលជួបពិភាក្សាការងារមួយលោកស្រី Alissar Chaker អ្នកតំណាង UNDP ប្រចាំប្រទេសកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 35
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ទទួលជួបពិភាក្សាការងារមួយលោកស្រី Alissar Chaker អ្នកតំណាង UNDP ប្រចាំប្រទេសកម្ពុជា ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ទទួលជួបពិភាក្សាការងារមួយលោកស្រី Alissar Chaker អ្នកតំណាង UNDP ប្រចាំប្រទេសកម្ពុជា

នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យ លោកស្រី Alissar Chaker អ្នកតំណាងប្រចាំប្រទេសកម្ពុជារបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (United Nations Development Programme-UNDP) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនេះ លោកស្រី Alissar Chaker បានអបអរសាទរចំពោះសមិទ្ធផលនានា ដែលប្រទេសកម្ពុជាសម្រេចបានក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សម្គាល់ក្នុងអត្រាជាមធ្យមប្រមាណ ៧,៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាង ២ ទសវត្សកន្លងមក មុនវិបត្តិកូវីដ-១៩ និងជាពិសេសក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនានាដែលកាត់បន្ថយភាពក្រីក្រពហុវិមាត្រ(Multidimensional Poverty) បានលឿនជាងគេ។ ជាមួយគ្នានេះ លោកស្រីក៏បានសម្តែងនូវការប្តេជ្ញាចិត្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងអន្តរកាល ដែលកម្ពុជានឹងចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ក្នុង ឆ្នាំ២០២៧ ខាងមុខនេះ, គាំទ្រដល់ការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា (CSDGs) និងជាពិសេសគាំទ្រដល់ការសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណចំពោះកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដែលតែងតែផ្តល់ជំនួយក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។ ដោយឡែកដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានដឹកនាំការរៀបចំ និងដាក់ឱ្យអនុវត្តនូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដោយផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្ស, ការបង្កើនប្រសិទ្ធភាពអភិបាលកិច្ច និងការលើកកម្ពស់សមត្ថភាពស្ថាប័នសាធារណៈឱ្យកាន់តែប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជា និងនិម្មាបនកម្មសង្គម-សេដ្ឋកិច្ច និងស្ថានភាពភូមិសាស្ត្រនយោបាយសកល។

ពាក់ព័ន្ធនឹងចំណុចនេះ លោកស្រី Alissar Chaker បានសម្តែងនូវស្មារតីសុទិដ្ឋិនិយមសម្រាប់អនាគតនៃប្រទេសកម្ពុជា និងបានបញ្ជាក់ថាកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) កំពុងបញ្ចប់ការរៀបចំ «ឯកសារកម្មវិធីប្រចាំប្រទេសកម្ពុជា ២០២៤-២០២៨» (Cambodia Country Programme Document 2024-2028) ដែលត្រូវបានរៀបចំឡើងឱ្យមានសង្គតិភាពជាមួយនឹងអាទិភាពនានានៅក្នុង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដើម្បីបន្តរួមចំណែកសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្រដែលបានដាក់ចេញក្នុង «យុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១»។ ជាមួយគ្នានេះ UNDP ក៏បានត្រៀមខ្លួនរួចរាល់ក្នុងការគាំទ្រការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការសហការអនុវត្តកម្មវិធីមួយចំនួនជាមួយរាជរដ្ឋាភិបាលកម្ពុជា ដូចជា៖ (១).ការរៀបចំក្របខណ្ឌសមាហរណកម្មហិរញ្ញប្បទានជាតិ (Integrated National Financing Framework – INFF) ដែលជាកម្មវិធីជួយរៀបចំផែនទីបង្ហាញផ្លូវសម្រាប់កៀរគរប្រភពធនធានហិរញ្ញវត្ថុ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអាទិភាព និងការសម្រេចបាននូវគោលដៅប្រកបដោយចីរភាព, (២).កម្មវិធី SDG Budget Tagging ដែលជាកម្មវិធីសម្រាប់សិក្សាអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានហិរញ្ញវត្ថុ, និង (៣).ការប៉ាន់ស្មានសន្ទស្សន៍ភាពងាយរងគ្រោះពហុវិមាត្រ (Multidimensional Vulnerability Index) ដែលត្រូវបានរៀបចំឡើងដើម្បីរួមចំណែកក្នុងការកំណត់អាទិភាពចំពោះមុខ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានជម្រាបជូនលោកស្រីតំណាង UNDP ប្រចាំការកម្ពុជាជ្រាបផងដែរ អំពីអាទិភាពការងារសំខាន់ៗរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងនាមជាសេនាធិការមួយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈរដ្ឋមន្រ្តី។ ក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និង លោកស្រី Alissar Chaker បានឯកភាពគ្នានឹងពិនិត្យលទ្ធភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់ផ្នែកពាក់ព័ន្ធ ជាពិសេសក្នុងការសិក្សាស្រាវជ្រាវលើប្រធានបទដែលជាបញ្ហាប្រឈមសំខាន់សម្រាប់សង្គម-សេដ្ឋកិច្ចកម្ពុជា និងការបន្តពន្រឹងសមត្ថភាពគ្រប់អង្គភាពក្រោមឱវាទ និងការពង្រឹងសម្ថតភាពមន្ត្រីរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។

ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណចំពោះ លោកស្រី Alissar Chaker ចំពោះឆន្ទៈរបស់លោកស្រីក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា និងបានជូនពរឱ្យលោកស្រីទទួលបានជោគជ័យបន្ថែមទៀតក្នុងកិច្ចការដ៏សំខាន់នេះ៕

អត្ថបទទាក់ទង