ខ្មែរប៉ុស្ដិ៍ Close

លោក ឡុង ឌីម៉ង់ សុំឲ្យកូរ៉េ បណ្ដាក់ និងពង្រីកទុនរកស៊ីលើវិស័យធនាគារ បន្ថែមទៀតនៅកម្ពុជា

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 32
លោក ឡុង ឌីម៉ង់ សុំឲ្យកូរ៉េ បណ្ដាក់ និងពង្រីកទុនរកស៊ីលើវិស័យធនាគារ បន្ថែមទៀតនៅកម្ពុជា លោក ឡុង ឌីម៉ង់ សុំឲ្យកូរ៉េ បណ្ដាក់ និងពង្រីកទុនរកស៊ីលើវិស័យធនាគារ បន្ថែមទៀតនៅកម្ពុជា

(កូរ៉េ)៖ ប្រតិភូស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានបំពេញទស្សនកិច្ចនៅទីស្នាក់ការ DGB Financial Group និងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ ដើម្បីសិក្សាស្វែងយល់ និងពង្រីកកិច្ចសហប្រតិបត្តិការ កាលពីចុងសប្តាហ៍កន្លងទៅនេះ។

ឆ្លើយតបតាមការអញ្ជើញ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា និងសហការី បានអញ្ជើញបំពេញទស្សនកិច្ច និងជួបពិភាក្សាការងារ ជាមួយលោក Kim Tae Oh ប្រធានសម្ព័ន្ធ DGB Financial Group និង DGB Bank នៅទីស្នាក់ការនាទីក្រុងថេហ្គូ ដែលបច្ចុប្បន្ន DGB Bank ក៏បាននិងកំពុងមានប្រតិបត្តិការជាច្រើនសាខាផងដែរនៅកម្ពុជា។

លោក Kim Tae Oh ប្រធានសម្ព័ន្ធ DGB Financial Group បានថ្លែងអំណរគុណដល់ប្រតិភូស្ថានទូតកម្ពុជាដែលបានបំពេញទស្សនៈកិច្ចនៅទីស្នាក់ការកណ្ដាល ហើយនិងសូមថ្លែងអំណរគុណ ឯកឧត្តមទូត ដែលបានជួយបង្កលក្ខណៈដល់ធនាគារ ក៏ដូចជា ការគាំទ្រដល់សេវាកម្មធនាគារដែលកំពុងបំពេញប្រតិបត្តិការជាមួយនឹងប្រជាជនកម្ពុជា ក៏ដូចជាសហគមន៍កម្ពុជានៅប្រទេសកូរ៉េ។ ឆ្លៀតក្នុងឱកាសនេះ លោកប្រធានក៏បានស្នើសុំឯកឧត្តមទូត ជួយណែនាំបុគ្គលិកសំខាន់ៗមួយចំនួន ដើម្បីកាន់មុខនាទីសំខាន់ៗក្នុងធនាគារ DGB Bank នៅកម្ពុជា។

លោក ឡុង ឌីម៉ង់ បានទទួលយកសំណើរនេះ និងបានលើកឡើងថា ក្រោយដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី មកកាន់សាធារណរដ្ឋកូរ៉េ ក៏ដូចជាគោលនយោបាយ New Southern policy របស់លោកប្រធានាធិបតី មូន ជេអ៊ីន ប្រទេសកម្ពុជា និងកូរ៉េ បានដំណើរការ និងបញ្ចប់ការចរចាជុំទី៣លើកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី FTA រវាងប្រទេសទាំងពីរ ហើយកាន់តែល្អប្រសើរនោះ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីថ្មីៗកន្លងទៅគឺសម្រេចបានកិច្ចព្រមព្រៀងផ្លាស់ប្ដូរពាណិជ្ជកម្មសេរីរវាងប្រទេសនៃសមាជិកអាស៊ាន និងសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន អូស្រ្តាលី ញ៉ូសឺលេន RSEP។

លោក ឌីម៉ង់ បានថ្លែងថា «នេះជាឱកាស និងកាលានុវត្តភាពពិសេសមួយសម្រាប់វិនិយោគកូរ៉េ និងវិស័យធនាគារ ដើម្បីបណ្ដាក់ និងពង្រីកទុនរកស៊ីនៅកម្ពុជា ហើយក៏ស្នើសុំលោកប្រធាន DGB Financial Group ដើម្បីពិនិត្យសិក្សាលើឱកាសនេះ ដែលស្ថានទូតនឹងគាំទ្របង្កលក្ខណៈ»។

ប្រតិភូទាំងពីរភាគី បានជជែកគ្នាដោយភាពស្និតស្នាល និងទទួលទានអារហាររួមគ្នាផងដែរ៕

អត្ថបទទាក់ទង