ខ្មែរប៉ុស្ដិ៍ Close

ដំណឹងល្អ! វៀតណាម ឯកភាពសំណើកម្ពុជា ដាក់បញ្ចូលកីឡាជឺជិតស៊ូ ក្នុងស៊ីហ្គេម-២០២១

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ កីឡា - សុខភាព 35
ដំណឹងល្អ! វៀតណាម ឯកភាពសំណើកម្ពុជា ដាក់បញ្ចូលកីឡាជឺជិតស៊ូ ក្នុងស៊ីហ្គេម-២០២១ ដំណឹងល្អ! វៀតណាម ឯកភាពសំណើកម្ពុជា ដាក់បញ្ចូលកីឡាជឺជិតស៊ូ ក្នុងស៊ីហ្គេម-២០២១

(ភ្នំពេញ)៖ បន្ទាប់ពីកម្ពុជាធ្វើការតវ៉ា និងស្នើសុំដាក់បញ្ចូលប្រភេទកីឡាមានសក្ដានុពលមួយចំនួន ទៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (SEA Games 2021) ពេលនេះម្ចាស់ផ្ទះវៀតណាម បានឯកភាពលើសំណើកម្ពុជា ដោយយល់ព្រមដាក់បញ្ចូលកីឡាមួយប្រភេទហើយ គឺកីឡាជឺជិតស៊ូ ខណៈប្រភេទកីឡាមួយចំនួនទៀត នៅមិនទាន់អនុម័តនោះទេ។

នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្រោយលោកចូលរួមកិច្ចប្រជុំតាមអនឡាញ(Video Conference) ជាមួយគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២១ នៅទីក្រុងហាណូយ និងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាកីឡាស៊ីហ្គេម ឬសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ រយៈពេល ២ថ្ងៃកន្លងទៅ នៅថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំខាងលើ ថ្ងៃដំបូង គឺបានជជែកគ្នាអំពីសាររបស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ ដើម្បីជំរុញសសកម្មភាពកីឡាក្នុងតំបន់ និងពិភពលោក ពិសេសដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ បន្ទាប់មកកិច្ចប្រជុំ ដែលមានការចូលរួមពីសមាជិកទាំង ១១ប្រទេស បានជជែកអំពីវឌ្ឍនភាព និងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម។

ពាក់ព័ន្ធនឹងការប្រកួត SEA Games 2021 នៅវៀតណាម កម្ពុជាបានទទួលនូវដំណឹងល្អមួយ បន្ទាប់ពីម្ចាស់ផ្ទះបានយល់ព្រមដាក់បញ្ចូលកីឡាជឺជិតស៊ូ តាមសំណើរបស់កម្ពុជាកាលពីខែកក្កដាកន្លងទៅ។ ឯប្រភេទកីឡាមួយចំនួន កម្ពុជានៅតែបន្ដតវ៉ា និងស្នើសុំ ហើយវៀតណាម ក៏បានទទួលសំណើទាំងអស់ ដើម្បីដាក់សំណូមពរលើកចុងក្រោយទៅរដ្ឋអំណាចកីឡារបស់ខ្លួន ដើម្បីធ្វើការសម្រេចនាពេលឆាប់ៗផងដែរ។

លោកបន្ដថា «កម្ពុជាបានធ្វើការតវ៉ា និងសំណូមពរជាច្រើន ហើយមកទល់ពេលនេះ យើងមានមោនទភាព ដោយសារយើងទទួលបានជោគជ័យក្នុងការតវ៉ាមួយចំនួន តែក៏មានប្រភេទកីឡាមួយចំនួន យើងតវ៉ាមិនទាន់បានសម្រេចដែរ ។ ឥលូវខាងម្ចាស់ផ្ទះ បានដាក់ប្រភេទកីឡាជឺជិតស៊ូ ដែលយើងស្នើក្នុងកិច្ចប្រជុំលើកមុន គេបានសម្រេចដាក់កីឡាជឺជិតស៊ូចូលហើយ តែនៅសល់កីឡាផ្សេងទៀត ដែលយើងមានសក្ដានុពល ដូចជាសូហ្វតេន្នីស និងកីឡាម៉ូតូទឹក ប៉ុន្ដែគេអត់ទាន់បានអនុម័ត»។

យ៉ាងណាមិញលោកនៅតែមានសុទិដ្ឋិនិយម ចំពោះប្រភេទកីឡាមានសក្ដានុពេលមួយចំនួនរបស់កម្ពុជា ដែលបានដាក់បញ្ជូលរួចហើយ ដូចជាកីឡាប្រដាល់គុនខ្មែរ វ៉ូវីណាម ប៉េតង់ និងកីឡាមួយចំនួនទៀត ពិសេស វត្តមានរបស់កីឡាជឺជិតស៊ូ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ធ្វើឲ្យកម្ពុជាមានលទ្ធភាពខ្ពស់ ក្នុងការដណ្ដើមមេដាយមាសលើប្រភេទកីឡានេះ ដ្បិតស៊ីហ្គេម នៅហ្វីលីពីនកន្លងមក ម្ចាស់មេដាយមាសកីឡាអាស៊ី កញ្ញា ខាន់ ចេសា ក៏ទើបដណ្ដើមបានមេដាយមាសផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម គ្រោងនឹងធ្វើនៅរាជធានីហាណូយ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ។ ក្នុងកិច្ចប្រជុំកាលពីខែកក្កដាកន្លងទៅ វៀតណាមបានប្រកាសកំណត់កីឡា ៣៦ប្រភេទ ក្នុងនាមម្ចាស់ផ្ទះ ដើម្បីដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍ ២ឆ្នាំម្ដងនេះ តែមកទល់ឥលូវ បន្ទាប់ពីមានការស្នើសុំបន្ថែមរបស់ប្រទេសជាសមាជិក ប្រភេទកីឡាទាំងអស់បានកើនដល់ជាង ៤០ប្រភេទកីឡាហើយ៕

អត្ថបទទាក់ទង