ខ្មែរប៉ុស្ដិ៍ Close

ព្រឹទ្ធសភា កម្ពុជាផ្តល់សច្ចាប័នឱ្យកម្ពុជាមានសំឡេងប្រឆាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 39
ព្រឹទ្ធសភា កម្ពុជាផ្តល់សច្ចាប័នឱ្យកម្ពុជាមានសំឡេងប្រឆាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ព្រឹទ្ធសភា កម្ពុជាផ្តល់សច្ចាប័នឱ្យកម្ពុជាមានសំឡេងប្រឆាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ

ព្រឹទ្ធសភា ឯកភាពទៅលើការផ្តល់សច្ចាប័នឱ្យប្រទេសកម្ពុជា មានសំឡេងក្នុងការប្រឆាំងទៅនឹងការ ប្រើប្រាស់ អាវុធនុយក្លេអ៊ែរ ដែលត្រូវបានហាមឃាត់ដោយអង្គការសហប្រជាជាតិ។ បើតាមការអះអាងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងការចូលជារដ្ឋភាគីនៃសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។

ថ្លែងក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា ដែលដឹកនាំដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គាំទ្រ លើសន្ធិសញ្ញានេះ ដោយមិនអនុញ្ញាតឱ្យប្រទេសណាមួយមានអាវុធនុយក្លេអ៊ែរ និងផ្តល់ជំនួយទ្រទ្រង់លើកទឹកចិត្ត ដល់បណ្តាប្រទេសហត្ថលេខីនៃតំបន់គ្មានអាវុធនុយក្លេអ៊ែរជាដាច់ខាត។

សម្តេចពិជ័យសេនា បានបន្តថា បន្ទាប់ពីចូលជារដ្ឋភាគីពេញសិទ្ធិនៃសន្ធិសញ្ញានេះ កម្ពុជានឹងទទួលបានជំនួយ ផ្នែកបច្ចេកទេស និងការពង្រឹងសមត្ថភាពពីភ្នាក់ងារថាមពលបរមាណូអន្តរជាតិរបស់អង្គការសហប្រជាជាតិ ព្រមទាំងជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់ការសិក្សាស្រាវជ្រាវកម្មវិធីអាវុធនុយក្លេអ៊ែរ បម្រើគោលបំណងសន្តិភាព ជំនួយជនរងគ្រោះនិងការស្តារបរិស្ថានលើផលប៉ះពាល់បណ្តាលមកពីអាវុធនុយក្លេអ៊ែរ ក៏ដូចជាកិច្ចសហប្រតិបត្តិការ ពីអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ក្នុងការហាមឃាត់ នាំចូលនិងឆ្លងកាត់ និងទប់ស្កាត់ការរីកសាយភាយ នៃអាវុធនុយក្លេអ៊ែរ។ សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា «ការប្រកាន់ជំហរមិនពាក់ព័ន្ធនឹងការផលិត អាវុធនុយក្លេអ៊ែរ ជាវិធានការរួមចំណែករបស់ប្រទេសកម្ពុជា ក្នុងការរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាព និងទប់ស្កាត់ នូវការរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ។»

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរនេះ ត្រូវបានអង្គព្រឹទ្ធសភាឱ្យយោបល់ឯកភាពទាំងស្រុង ក្នុងសំឡេងគាំទ្រចំនួន៥២សំឡេង នៃចំនួនសមាជិកសរុប បន្ទាប់ពីអង្គរដ្ឋសភាអនុម័តជាឯកច្ឆន្ទ ដោយមិនអនុញ្ញាតឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរដែលសម្លាប់រង្គាលទៅលើមនុស្ស សត្វ និងបរិស្ថាន។

បើតាមការអះអាងពីគណៈកម្មការជំនាញរបស់ព្រឹទ្ធសភា បានឱ្យដឹងថា មកដល់បច្ចុប្បន្ន មានប្រទេសចំនួន៨៤ហើយ ដែលបានចុះហត្ថលេខាគាំទ្រលើសន្ធិសញ្ញានេះ ប៉ុន្តែប្រទេសដែលបានផ្តល់សច្ចាប័នទើបតែមានចំនួន៤៥ប្រទេសប៉ុណ្ណោះ ខណៈសន្ធិសញ្ញានេះនឹងចូលជាធរមាននៅពេលដែលមានប្រទេសចំនួន៥០ បានតម្កល់ទុកលិខិតុបករណ៍ណាមួយដូចជា លិខិតុបករណ៍សច្ចាប័ន លិខិតុបករណ៍ទទួលស្គាល់ លិខិតុបករណ៍យល់ព្រម ឬលិខិតុបករណ៍នៃការសុំចូលជាភាគីណាមួយ នៅអគ្គលេខាធិការអង្គការសហប្រជាជាតិ៕

អត្ថបទទាក់ទង