ខ្មែរប៉ុស្ដិ៍ Close

ការនាំចេញ​ម្រេច​កំពត​នៅតែមាន​ស្ថិរភាព​

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ មុខរបរ 39
ការនាំចេញ​ម្រេច​កំពត​នៅតែមាន​ស្ថិរភាព​ ការនាំចេញ​ម្រេច​កំពត​នៅតែមាន​ស្ថិរភាព​

​ការនាំចេញ​ម្រេច​កំពត​ទៅកាន់​ទីផ្សារ​នៅលើ​ពិភពលោក​នៅតែមាន​ស្ថិរភាព​ខណៈ​កូ​វីដ-១៩ បាន​បន្ត​រីក​​រាលដាល។​

​លោក ងួន ឡាយ ប្រធាន​សមាគម​ម្រេច​កំពត​បាន​មានប្រសាសន៍ថា ម្រេច​កំពត​ប្រមាណ​ជា​៥០ តោន​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​បរ​ទេស​រួមមាន​សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងចិន (ហុងកុង​និង​តៃវ៉ាន់)​។​​លោក​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP) តាម​ទូរស័ព្ទ​នៅថ្ងៃនេះ​ថា “​ខ្ញុំ​អាច​និយាយបានថា​ការនាំចេញ​មាន​ស្ថិរភាព​រវាង​ឆ្នាំមុន​និង​ឆ្នាំនេះ​ប្រហែល ៥០ តោន​” ។​

​លោក ងួន ឡាយ បាន​មានប្រសាសន៍ថា ការនាំចេញ​ម្រេច​របស់​ខេត្តកំពត​មិនត្រូវ​បាន​ប៉ះពាល់​ដោយ​កូ​វីដ ១៩ នៅឡើយ​ទេ ប៉ុន្តែ​សម្រាប់​ក្នុងស្រុក​វិញ​បាន​រង​ផលប៉ះពាល់​រួចហើយ​។ លោក​បន្ថែមថា​“ ទិន្នផល​ម្រេច​ដែលមាន​តម្លៃ របស់​យើង​គឺ​ពី ៧០ ទៅ ៨០ តោន​ក្នុង​មួយឆ្នាំ​ហើយ​យើង​បាន​នាំចេញ​ជា​រៀងរាល់ឆ្នាំ​ប្រហែល ៥០ តោន​នៅសល់​ប្រហែល ២០ ទៅ ៣០ តោន​យើង លក់​សម្រាប់​ភ្ញៀវទេសចរ​បរទេស​ដែល​មកលេង​ប្រទេស​កម្ពុជា​ប៉ុន្តែ​ឆ្នាំនេះ​មិនមាន​ភ្ញៀវទេសចរ​” ។​ ​ម្រេច​កំពត​ត្រូវបាន​បញ្ជាក់​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​កម្ពុជា (GI) តាំងពី​ឆ្នាំ ២០១៦ ហើយ​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់ ប៉ុន្តែ​កម្ពុជា​អាច​ដាំ​ម្រេច​នៅតាម​តំបន់​ផ្សេងៗ​នៃ​ប្រទេស​ដូច្នេះ​សរុបមក​កម្ពុជា​អាច​ផលិត​ម្រេច​បាន​ច្រើន​សម្រាប់​នាំចេញ​។​

​យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា​ក្នុង​រយៈពេល ៩ ខែ​ឆ្នាំនេះ​ប្រទេស​កម្ពុជា​បាន​នាំចេញ​ម្រេច​ចំនួន ៤.១២១,៩៥ តោន​កើនឡើង​ចំនួន ១២៣,៧៦ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​ម្រេច​កម្ពុជា​ត្រូវបាន​នាំ​ចេញទៅ ២១ ប្រទេស​និង​ដែនដី​រួមមាន​ប្រទេស​ជប៉ុន ប៊ែ​ល​ហ្សិ​ក ហូ​ឡង់ បារាំង​អាល្លឺម៉ង់ ស្វ៊ី​ស វៀតណាម អាមេរិក រុស្ស៊ី អង់គ្លេស ឥណ្ឌា បេឡា​រុស្ស កូរ៉េ សាធារណរដ្ឋ​ឆែក ណូ​វែ​ល​សេ​ឡង់ អូស្ត្រាលី ថៃ ស៊ុយអែត សិង្ហ​បុរី អូស្ត្រាលី និង​ចិនតៃវ៉ាន់​៕