ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា នឹងប្រារព្ធទិវាជាតិ TVET Day លើកដំបូងនៅកោះពេជ្រ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 50
កម្ពុជា នឹងប្រារព្ធទិវាជាតិ TVET Day លើកដំបូងនៅកោះពេជ្រ កម្ពុជា នឹងប្រារព្ធទិវាជាតិ TVET Day លើកដំបូងនៅកោះពេជ្រ

បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកដំបូងបំផុត នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្អែកនេះ នៅអគារពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ ដែលនឹងត្រូវរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ ធ្លាប់បានបញ្ជាក់ថា ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឱ្យបានយល់ដឹងអំពីសារសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

លោកបានបន្តថា សម្រាប់ព្រឹត្តការណ៍ នៃទិវាជាតិខាងមុខនេះ នឹងអាចស្រូបយកអ្នកចូលរួមប្រមាណជាង២ម៉ឺននាក់ ពីសំណាក់យុវជន សិស្ស និស្សិត និងសាធារណជន ឲ្យពួកគាត់បានយល់ ជ្រាបកាន់តែច្រើនអំពីព័ត៌មាន និងសារសំខាន់ពីវិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ និងទទួលបាននូវព័ត៌មានទីផ្សារការងារដែលត្រូវការអ្នកបច្ចេកទេស ពិសេសបង្កើនទំនាក់ទំនង រវាងអ្នកផ្តល់ការបណ្តុះបណ្តាល និងអ្នកប្រើប្រាស់កម្លាំងពលកម្មជំនាញជាដើម ជាពិសេស ក្នុងឱកាសពេលនោះ ក៏មានក្រសួងស្ថានប័នពាក់ព័ន្ធ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន និងក្រុមហ៊ុនជាច្រើននឹងចូលរួមតាំងពិព័រណ៍ផងដែរ ៕

អត្ថបទទាក់ទង