កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១ករណីទៀត គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ និងមិនមានករណីជាសះស្បើយថ្មីនោះទេ
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ១ករណីបន្ថែមទៀត និងមិនមានករណីជាសះស្បើយថ្មីនោះទេ ខណៈអ្នកដែលប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មប្រទេសហុងគ្រី ដែលបានធ្វើតេស្តរកវីរុសកូវីដ-១៩ដំណាក់កាលទីមួយ សរុបកើនដល់ ៨៩២នាក់ ។
អ្នកដែលរកឃើញមានផ្ទុកវីរុសកូវីដ-១៩ថ្មីនោះ គឺបុរសជនជាតិខ្មែរអាយុ ៣១ឆ្នាំ ជាអង្គរក្សការពារផ្ទាល់ជូនគណប្រតិភូប្រទេស ហុង គ្រី មានអាសយដ្ឋាននៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បុរសនេះទទួលបានលទ្ធផលវិជ្ជមានបន្ទាប់ពីការធ្វើតេស្តលើកទី២របស់គាត់ ដោយសារគាត់មានអាការៈរមាស់បំពង់ក និងក្អក។
ក្រសួងបានអំពាវនាវអោយអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយនិងគណប្រតិភូប្រទេស ហុង គ្រី និងទទួលបានលទ្ធផលតេស្តអវិជ្ជមាននៅលើកទីមួយ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះអោយបានត្រឹមត្រូវ និងនៅសណ្ឋាគារឡឺរ៉េស៊ីដង់ដែលក្រសួង និងអាជ្ញាធរបានកំណត់សម្រាប់អ្នកដែលពុំមានលទ្ធភាពធ្វើចត្តាឡីស័កនៅផ្ទះបាន។
សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកម្ពុជា អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៩៥នាក់ (ស្រី ៦០នាក់ និងបុរស ២៣៥នាក់) ក្នុងនោះ ចំនួនអ្នកដែលបានព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៨នាក់ និង អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ កើនដល់ ៧នាក់៕