អគ្គនាយកស៊ីម៉ាក់៖ ការហ្វិកហ្វឺនសុនខស្វែងរកអ្នកផ្ទុកវីរុសកូវីដ-១៩ នៅកម្ពុជាបាននិងកំពុងដំណើរការល្អ
បន្ទាប់ពីបានធ្វើការហ្វឹកហ្វឺនសត្វសុនខជាច្រើនក្បាល ដើម្បីស្វែងរកអ្នកផ្ទុកវីរុសកូវីដ-១៩ អង្គភាពស៊ីម៉ាក់បានអះអាងថា ការងារនេះកំពុងដំណើរការល្អឆ្ពោះទៅមុខ។ នេះបើតាមអគ្គនាយកអង្គភាពស៊ីម៉ាក់។
ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់)បានបញ្ជាក់ នៅលើបណ្តាញសង្គមនៅថ្ងៃ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១ថា ដំណើរឆ្ពោះទៅមុខនៃសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ -១៩ នៅកម្ពុជាកំពុងមានដំណើរការល្អប្រសើរ។
ឯកឧត្តម បន្តថា អង្គភាពស៊ីម៉ាក់មានសុនខ មានឯកសារ និងសម្ភារហ្វឹកហ្វឺន មានអ្នកមានសមត្ថភាពកាន់សុនខ និងមានគ្រូបច្ចេកទេសមានសមត្ថភាពបង្ហាត់បង្រៀនសុនខ រួមគ្នាជាមួយសាស្ត្រាចារ្យវេជ្ជសាស្ត្រ នៃសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ព្រមទាំងមានការគាំទ្រទាំងស្មារតី និងសម្ភារពីមិត្តភ័ក្តជាតិ និងអន្តរជាតិ ទាំងអស់គ្នាបន្តខិតខំនិងប្តេជ្ញាអនុវត្តន៍តាមគំនិតផ្តួចផ្តើម និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សមេ្តចតេជោនាយករដ្ឋមន្ត្រី ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍សុនខហិតរកអ្នកផ្ទុកវីរុសកូវីដ-១៩ ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នៅកម្ពុជា ទាំងស្ថានភាពចំពោះមុខ និងអនាគតវែងឆ្ងាយទៅមុខទៀត។
ឯកឧត្តម អគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា បច្ចុប្បន្ននេះ សុនខហិតរកអ្នកផ្ទុកវីរុសកូវីដ-១៩ បានហ្វឹកហ្វឺន និងកំពុងប្រើប្រាស់នៅប្រទេសមួយចំនួន ។
សូមជម្រាបថា កាលពេលកន្លងមក អង្គភាពស៊ីម៉ាក់ធ្លាប់លើកឡើងថា នឹងត្រៀមប្រើប្រាស់សត្វសុនខចំនួន១០ក្បាល ដើម្បីស្វែងរកអ្នកផ្ទុកជំងឺកូវីដ-១៩។
ឯកឧត្តម ហេង រតនា បានលើកឡើងថា ការត្រៀមសត្វសុនខ (ឆ្កែ) ចំនួន១០ក្បាល រួមទាំងអ្នកជំនាញពីក្រសួងសុខាភិបាល និងឯកសារសម្រាប់ហ្វឹកហ្វឺន ដើម្បីត្រៀមហ្វឹកហ្វឺនសត្វឆ្កែទាំងនោះ។ ឯកឧត្តម បានបន្តថា ការហ្វឹកហាត់សត្វឆ្កែទាំង១០ក្បាលនេះ ឱ្យហិតក្លិនរកអ្នកដែលមានជំងឺកូវីដ-១៩ អាចប្រើរយៈពេលប្រហែល ពី៣ទៅ៤ខែ។
ឯកឧត្តម ហេង រតនា បញ្ជាក់ថា «ក្រោយពីសត្វសុនខ (ឆ្កែ) នេះចេះហិតក្លិនកូវីដ-១៩ ហើយ ត្រូវសាកល្បងឱ្យរកជាក់ស្ដែងមុននឹងចេញឱ្យអនុវត្តន៍ប្រតិបត្តិការបាន។ ក្រោយពីធ្វើការជាមួយអ្នកវិទ្យាសាស្រ្ត ខាងវេជ្ជសាស្ត្រ ហើយធានាសុវត្ថិភាព១០០ភាគរយហើយ មិនឱ្យប៉ះពាល់ទៅលើការឆ្លង ឬហានិភ័យណាមួយដល់សុនខហើយ គឺយើងនឹងចាប់ផ្ដើមអនុវត្តន៍»។
ឯកឧត្តមបានបន្ថែមថា ក្រៅពីហ្វឹកហ្វឺនសត្វឆ្កែទាំង១០ក្បាលនេះហើយ ស៊ីម៉ាក់ក៏បានត្រៀមសត្វឆ្កែ ជាច្រើនក្បាលទៀតដែរ ទុកត្រៀមហ្វឹកហាត់បន្តសម្រាប់ហិតក្លិន និងស្រាវជ្រាវរកអ្នកដែលកើតជំងឺកូវីដ-១៩ បើសិនការអនុវត្តជំហានដំបូងទទួលបានជោគជ័យនោះ។
សួមជម្រាបថា ការបណ្តុះបណ្តាលនេះធ្វើឡើងបន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងសុខាភិបាល និងអង្គភាពស៊ីម៉ាក់ រៀបចំកម្មវិធីសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍សត្វសុនខ(ឆ្កែ) ជាជំនួយហិតរកអ្នកផ្ទុកកូវីដ-១៩ ដើម្បីចូលរួមទប់ស្កាត់ និងប្រឆាំងទៅនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ៕