ការស្នើសុំបើកកាសែត វិទ្យុ តម្រូវឲ្យចុះបញ្ជីទាំងនៅក្រសួងព័ត៌មាន និងក្រសួងពាណិជ្ជកម្ម
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លើកឡើងថា ការស្នើសុំបើកកាសែត វិទ្យុ តម្រូវឲ្យចុះបញ្ជីទាំងនៅក្រសួងព័ត៌មាន និងក្រសួងពាណិជ្ជកម្ម ទើបអាចដំណើរការបាន។
ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការនីតិកម្មក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា កាលពីមុន ការស្នើសុំបើកកាសែត វិទ្យុ តម្រូវតែត្រឹមក្រសួងព័ត៌មាន គឺអាចបើកដំណើរការបានហើយ តែឥឡូវជាគោលការណ៍ត្រូវចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មមួយទៀត។
លោកបានជំរុញឱ្យអង្គភាពនីតិកម្មក្រសួងព័ត៌មាន ពិនិត្យឡើងវិញនូវអង្គភាពសារព័ត៌មានមួយចំនួនចំពោះការអនុវត្តនីតិវិធីខាងលើ ព្រមទាំងការអនុវត្តវិជ្ជាជីវៈ ដើម្បីធានាដល់សិទ្ធិរបស់បុគ្គលិក និងបុគ្គលិកដែលបំពេញការងារក្រោមឱវាទអង្គភាពស្ថាប័នសារព័ត៌មាន។
លោក សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការនីតិកម្ម ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងក្រសួងព័ត៌មាន មានមេធាវីប្រចាំការចំនួន ៩រូប ដើម្បីជាជំនួយការដល់កិច្ចការងារច្បាប់ សម្របសម្រួល បណ្តឹងពាក់ព័ន្ធផលប្រយោជន៍នានា។ ជាមួយគ្នានេះ ក៏បានបង្កើតគណ:កម្មាធិការនីតិកម្ម ដើម្បីជាគុណតម្លៃដល់ការតាក់តែងសេចក្តីព្រាងច្បាប់ផ្សេងៗផងដែរ៕