ខ្មែរប៉ុស្ដិ៍ Close

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​រដ្ឋមន្ត្រី ៤​រូប ជួសជុល​ផ្លូវ ស្ពាន និង​ទំនប់ទឹក ដែល​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​!

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 61
សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​រដ្ឋមន្ត្រី ៤​រូប ជួសជុល​ផ្លូវ ស្ពាន និង​ទំនប់ទឹក ដែល​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​! សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​រដ្ឋមន្ត្រី ៤​រូប ជួសជុល​ផ្លូវ ស្ពាន និង​ទំនប់ទឹក ដែល​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​!

(​ភ្នំពេញ​)៖ ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ ស្ពានបេតុង​ខ្សែកាប ឆ្លងកាត់​ទន្លេបាសាក់ ត​ភ្ជាប់​រាជធានី​ភ្នំពេញ ពី​ទីក្រុង​កោះ​ពេជ្រ ទៅកាន់​ទីក្រុង​រណប​កោះ​ន​រា និង​ពី​កោះនរា ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​សាស្ត្រ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី ៤​រូប រួមមាន​៖ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក រដ្ឋមន្ត្រី​កសិកម្ម​

​រដ្ឋមន្ត្រី​សាធារណការ និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ត្រូវ​ប្រជុំ​ដោះស្រាយ​ភ្លាម ដោយ​ចាត់​កម្លាំង​ចុះ​ជួសជុល​ផ្លូវ ស្ពាន និង​ទំនប់ទឹក ដែល​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​។

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា យើង​មាន​សភាពការណ៍​មិនធម្មតា ដូច្នេះ​យើង​ត្រូវមាន​នីតិវិធី​ដោះស្រាយ តាម​វិធី​មិនធម្មតា​ដែរ ដោយ​មិនត្រូវ​រង់ចាំ​មន្ត្រី​ចុះ​ពិនិត្យ វាយតម្លៃ​អ្វី​នោះទេ គឺ​ត្រូវ​ចាត់​មន្ត្រី​ជំនាញ ចុះ​ជួសជុល​ផ្លូវ ស្ពាន ដែល​ខូច​ដោយ​ទឹកជំនន់​នោះ ភ្លាមៗ​ឡើងវិញ​។ ផ្នែក​ទឹក ក៏ដូចជា ត្រូវ​ទប់ទឹក និង​កន្លែង​បែកបាក់​ទំនប់ទឹក ក៏ត្រូវ​ធ្វើជា​បន្ទាន់ ដើម្បី​ឲ្យ​ប្រជាកសិករ​យើង បង្កបង្កើនផល​បាន​។ ផ្នែក​កសិកម្ម ក៏ត្រូវ​ចែក​ពូជ​បន្លែ ពូជស្រូវ ដល់​កសិករ​ភ្លាម​។ ដើម្បី​ឲ្យ​គាត់​ធ្វើបាន ក៏ត្រូវ​មានទឹក ហើយក៏​ត្រូវមាន​ការដឹក​ជញ្ជូន​កសិផល​ទាំង​នោះដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា «​កុំ​ចាំ​មន្ទីរ​រាយការណ៍ មក​ភ្នំពេញ​។ យើង​ចាត់​រដ្ឋលេខាធិការ ចុះ​ទៅតាម​គោលដៅ​។ កន្លែង​ខ្លះ ត្រូវ​ចាត់​ច្រើន​ក្រុម​ចុះទៅ ពិសេស​នៅ​បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​។ កុំ​ឲ្យ​ប្រជាពលរដ្ឋ​យើង គាត់​លំបាក​មួយ​សា​ហើយ មក​លំបាក​មួយ​សា​ទៀត ក្រោយ​ទឹក​ស្រក​។ ត្រូវ​ការចាយ​ប៉ុន្មាន ស្នើ​ទៅ​ក្រសួង​សេដ្ឋកិច្ច យើង​មាន​ខ្ទង់​ថវិកា មិនទាន់​បែងចែក​។ យើង​មាន​ថវិកា​ត្រៀម​បម្រុង ១៥០​លាន​ដុល្លារ ដើម្បី​ធ្វើ​ការងារ​នេះ​»៕​

អត្ថបទទាក់ទង