ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា -វៀតណាម ប្តេជ្ញារួមគ្នាពង្រឹងវិស័យសេដ្ឋកិច្ចនៅតាមតំបន់ព្រំដែនអន្តរជាតិឲ្យទៅជាតំបន់ព្រំដែនដែលមានសុខសន្តិភាព និងការអភិវឌ្ឍកាន់តែរីកចម្រើន

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី៦ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 49
កម្ពុជា -វៀតណាម  ប្តេជ្ញារួមគ្នាពង្រឹងវិស័យសេដ្ឋកិច្ចនៅតាមតំបន់ព្រំដែនអន្តរជាតិឲ្យទៅជាតំបន់ព្រំដែនដែលមានសុខសន្តិភាព និងការអភិវឌ្ឍកាន់តែរីកចម្រើន កម្ពុជា -វៀតណាម ប្តេជ្ញារួមគ្នាពង្រឹងវិស័យសេដ្ឋកិច្ចនៅតាមតំបន់ព្រំដែនអន្តរជាតិឲ្យទៅជាតំបន់ព្រំដែនដែលមានសុខសន្តិភាព និងការអភិវឌ្ឍកាន់តែរីកចម្រើន

នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយលោកស្រី ង្វៀន ធី គីម ងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភាវៀតណាម។ ក្នុងជំនួបនោះលោកស្រី ប្រធានរដ្ឋសភាវៀតណាម បានស្វាគមន៍ លោកនាយករដ្ឋមន្ត្រី ក្នុងឱកាសដែលលោកអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមនាពេលនេះ។

លោកស្រី បានចាត់ទុកថាដំណើរបំពេញទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្រ្ដី នៅពេលនេះគឺជាប្រវត្តិសាស្ត្រសំខាន់មួយសម្រាប់ប្រទេសទាំងពីរ។ លោកស្រី បានបន្តថា អ្វីដែលវៀតណាមចង់បានគឺចង់បន្តទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ លោកស្រីប្រធានរដ្ឋសភាវៀតណាម ក៏បានអបអរសាទរចំពោះភាពជោគជ័យនូវដំណើរបំពេញទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូមកកាន់ប្រទេសវៀតណាមនាពេលនេះ ដោយក្នុងនោះលោកនាយករដ្ឋមន្រ្ដី ក៏បានជួបជាមួយនឹងលោកអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម និងលោកនាយករដ្ឋមន្ត្រី នៃប្រទេសវៀតណាម។

ជាពិសេសការចុះហត្ថលេខាលើឯកសារមួយចំនួនក្នុងគោលបំណងដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការដូចជាទាក់ទងទៅនឹងពង្រីកការវិនិយោគ និងការធ្វើពាណិជ្ជកម្មថ្មីបន្ថែមទៀតនៃប្រទេសទាំងពីរ ជាពិសេសលោកជំទាវ ក៏បានអបអរសាទរចំពោះការចុះហត្ថលេខាព្រមព្រៀងទៅលើការឯកភាពទៅលើការបោះបង្គោលខណ្ឌសីមាព្រំដែនដីគោកនៃប្រទេសទាំងពីរដែលកន្លងមកនេះបានសម្រេច ៨៤% និងនៅសេសសល់១៦% ទៀតដែលថ្នាក់ដឹកនាំទាំងពីរនឹងបន្តដោះស្រាយជាបន្តបន្ទាប់ទៀត។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រីក៏បានអរគុណដល់លោកស្រី ដែលបានទទួលស្វាគមន៍និងចំពោះលោក និងគណៈប្រតិភូកម្ពុជាក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនាពេលនេះ។ លោកក៏បានមានប្រសាសន៍ថា តាមរយៈដំណើរទស្សនកិច្ចនេះគឺជាប្រវត្តិសាស្ត្រមួយសំខាន់សម្រាប់ប្រទេសទាំងពីរក្នុងការបង្កើននូវទំនាក់ទំនង ពង្រឹងនូវកិច្ចសហប្រតិបត្តិការគ្នានឹងគ្នា។ លោកក៏បានបន្តទៀតថា រឿងព្រំដែននៃប្រទេសទាំងពីរគឺជារឿងដ៏សំខាន់ ហើយការងារនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានធ្វើការជាមួយគ្នាជាច្រើនឆ្នាំមកហើយ ហើយលោកចង់ឃើញមានកិច្ចសហប្រតិបត្តិការគ្នា និងគ្នាជាពិសេសតាមតំបន់ព្រំដែនដែលនឹងប្រែក្លាយតំបន់ព្រំដែននេះ ឲ្យទៅជាតំបន់ព្រំដែនអន្តរជាតិ ជាតំបន់ព្រំដែនដែលមានសុខសន្តិភាព និងមានការអភិវឌ្ឍ ។

លោកនាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថាលោកបានខិតខំណាស់ក្នុងការជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីធ្វើយ៉ាងណាប្រជាជន និងប្រជាជននៃប្រទេសទាំងពីរមានទំនាក់ទំនងនឹងគ្នាល្អ និងជីវភាពរស់នៅកាន់តែមានភាពប្រសើរឡើងផងដែរ។ ក្នុងឱកាសនោះផងដែរ លោកនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់វៀតណាមដែលបានជំរុញឲ្យមានការវិនិយោគមកកាន់ប្រទេសកម្ពុជា ។

លោកនាយករដ្ឋមន្រ្ដី ក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងលោក ហេង សំរិន ប្រធានរដ្ឋសភា ជូនចំពោះលោកស្រី ប្រធានរដ្ឋសភាវៀតណាមផងដែរ។ ហើយលោកស្រី ប្រធានរដ្ឋសភាវៀតណាម ក៏បានផ្ដាំផ្ញើត្រឡប់មកវិញនូវការសួរសុខទុក្ខចំពោះលោកប្រធានសភាកម្ពុជា នឹងលោកប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ។

ក្នុងឱកាសនោះផងដែរលោកស្រី ក៏បានជំរុញឲ្យថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបង្កើននូវការចរចាបញ្ហាព្រំដែនដែលនៅសេសសល់១៦ទៀតឲ្យចប់សព្វគ្រប់ក្នុងពេលដ៏ខ្លីខាងមុខ ។ លោកស្រី ប្រធានរដ្ឋសភា ក៏បានកោតសរសើរចំពោះលោកនាយករដ្ឋមន្ត្រីដែលបានដឹកនាំប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនឆាប់រហ័សទាំងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មមានការរីកលូតលាស់ជឿនលឿន និងទាក់ទាញការវិនិយោគច្រើនពីបរទេស នឹងធ្វើអោយជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពល្អប្រសើរជាបន្តបន្ទាប់ ៕

អត្ថបទទាក់ទង