ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ថ្មីចំនួន ២នាក់បន្ថែមទៀតនៅថ្ងៃចន្ទនេះ ដែលជាករណីនាំចូល

ដោយ៖ លី វិទ្យា​​ | ថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២០​ | កីឡា - សុខភាព |
ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ថ្មីចំនួន ២នាក់បន្ថែមទៀតនៅថ្ងៃចន្ទនេះ ដែលជាករណីនាំចូល ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ថ្មីចំនួន ២នាក់បន្ថែមទៀតនៅថ្ងៃចន្ទនេះ ដែលជាករណីនាំចូល

ក្រសួងសុខាភិបាលបានអោយដឹងនៅព្រឹកថ្ងៃចន្ទ ទី ៥ ខែតុលា ឆ្នាំ ២០២០ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ពីការរកឃើញករណីវិជ្ជមានវីរុសកូរីដ-១៩ ថ្មីចំនួន ២នាក់ ដែលជាករណីនាំចូល និងមិនមានអ្នកជាសះស្បើយថ្មីនោះទេ។

បើតាមក្រសួងសុខាភិបាល អ្នកមានវិជ្ជមានវីរុសកូវីដ-១៩ ថ្មីទាំង ២នាក់នោះគឺ៖

  • បុរសជនជាតិបារាំង អាយុ២៧ឆ្នាំ មានអាសយដ្ឋានស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសបារាំង ឆ្លងកាត់តាមប្រទេសសឹង្ហបុរី តាមជើងហោះហើរ មកដល់កម្ពុជាកាលពីថ្ងៃទី ២០ កញ្ញា ២០២០ ដោយសម្រាករង់ចាំលទ្ធផលតេស្តលើកទី១ចំនួន ២យប់នៅសណ្ឋាគារមួយក្នុងក្រុងភ្នំពេញ។ ក្រោយពីបានទទួលលទ្ធផលអវិជ្ជមាន បុរសរូបនេះ បានធ្វើដំណើរតាមរថយន្តឈ្នួល Larryta Minibus ទៅកាន់អសយដ្ឋានខាងលើក្នុងខេត្តសៀមរាប ដោយមានអ្នករួមដំណើរចំនួន ៤នាក់ រួមទាំងអ្នកបើកបរ។ ដោយឡែក បុរសរូបនេះជិះនៅកៅអីក្រោយគេបង្អស់ និងបានពាក់ម៉ាសជាប់រហូតតាមផ្លូវ។ នៅពេលទៅដល់ផ្ទះ បុរសរូបនេះបានធ្វើចត្តាឡីស័កខ្លួនឯងចំនួន ១៤ថ្ងៃបន្ថែមទៀត។ ហើយនៅថ្ងៃទី ១៣នៃការធ្វើចត្តាឡីស័ករបស់គាត់ ដែលត្រូវនឹងថ្ងៃទី​ ៣ ខែតុលា ឆ្នាំ២០២០ គាត់ទទួលបានលទ្ធផលតេស្តវិជ្ជមានកូវីដ១៩។ បច្ចុប្បន្នបុរសរូបនេះត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
  • ស្ត្រីជនជាតិឥណ្ឌា អាយុ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងភ្នំពេញ ជាអ្នកដែលបានធ្វើដំណើរមកពីទីក្រុងដេលី ប្រទេសឥណ្ឌា តាមជើងហោះហើរ និងមកដល់កម្ពុជាកាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ។ ក្រោយពីលទ្ធផលតេស្តលើកទី ១ អវិជ្ជមាន គាត់បានបន្តធ្វើចត្តាឡីស័កនៅសណ្ឋាគារខាងលើរយៈពេល ១៤ថ្ងៃ ហើយប្អូន និងកូនៗរបស់គាត់ចំនួន ២នាក់ ក៏បានធ្វើចត្តាឡីស័កនៅបន្ទប់ដាច់ដោយឡែកពីគាត់ដែរ។ បន្ទាប់មកនៅថ្ងៃទី ១៣ នៃការធ្វើចត្តាឡីស័ករបស់គាត់ ដែលត្រូវនឹងថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២០ គាត់ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ និងត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ហើយប្អូន និងកូនៗរបស់គាត់ក៏ត្រូវបានបញ្ជូនមកធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យនេះផងដែរ។

គួរជម្រាបថា ក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលបានធ្វើការស្រាវជ្រាវរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងទំនាក់ទំនងជាមួយអ្នកដែលបានរួមដំណើរជាមួយពួកគេខាងលើ និងបានប្រមូលសំណាកតេស្តអ្នកដែលបានរួមដំណើរជាមួយអ្នកជំងឺខាងលើបានជាង ៥០% រួចមកហើយដែរ។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប ២៨០នាក់ (ស្រី្ត ៥៦នាក់ និងបុរស ២២៤នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបនៅទូទាំងប្រទេស មានចំនួន ២៧៥នាក់ (ស្រី ៥៤នាក់ និងបុរស ២២១នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋកើនឡើងដល់ចំនួន ៥នាក់៕

សូមអាននូវសេចក្ដីប្រកាសព័ត៌មានទាំងស្រុករបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង