ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅអាល្លឺម៉ង់កើនដល់៧នាក់ និងច្រើនជាងគេប្រចាំទ្វីបអឺរ៉ុប
FRESH NEWS – អាជ្ញាធរសុខាភិបាលអាល្លឺម៉ង់ បានទទួលស្គាល់ការឆ្លងវីរុសកូរ៉ូណា មួយករណីបន្ថែមទៀត ដែលនេះបានធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ០៧នាក់ ខណៈប្រទេសអឺរ៉ុបចំនួន ០៦ហើយបានរកឃើញករណីឆ្លងវីរុសកូរ៉ូណាថ្មី ពីប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ដ៏ខ្លីមួយ នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) អាជ្ញាធរសុខាភិបាលអាល្លឺម៉ង់ប្រចាំរដ្ឋ បាវ៉ារៀ (Bavaria) បានបញ្ជាក់យ៉ាងដូច្នេះថា «មកទល់នឹងបច្ចុប្បន្ន យើងបានរកឃើញការឆ្លងវីរុសកូរ៉ូណា ០៧ករណីនៅក្នុងរដ្ឋ Bavaria»។ ប៉ុន្តែអាជ្ញាធរមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ ដោយគ្រាន់តែបង្ហើបថា ព័ត៌មានលម្អិតអាចនឹងចេញផ្សាយនៅចុងសប្ដាហ៍នេះ ខណៈករណីឆ្លងខាងលើ ត្រូវបានរកឃើញលើបុរសម្នាក់ ដែលធ្វើការនៅឯក្នុងក្រុមហ៊ុនមួយនៃរដ្ឋ Bavaria។
គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារ វីរុសកូរ៉ូណាថ្មីបានកើនឡើងដល់ ២៥៩នាក់ហើយ និងបានឆ្លងដល់មនុស្ស ១១,៨២១នាក់នៅប្រទេសចិន និង ១២៤ករណីទៀតនៅទូទាំងពិភពលោក។ ខាងក្រោមនេះគឺជាតួលេខនៃចំនួនអ្នកស្លាប់ និងឆ្លងវីរុសកូរ៉ូណាថ្មី ព្រមទាំងប្រទេស និងតំបន់នានាទូទាំងពិភពលោក ដែលមានវត្តមានវីរុសដ៏កាចសាហាវនេះ៖
១៖ ប្រទេសចិនឆ្លង ១១,៨២១ករណី និងបាត់បង់ជីវិត ២៥៩នាក់
២៖ ទីក្រុងហុងកុង ១៥ករណីឆ្លង
៣៖ ប្រទេសជប៉ុន ១៤ករណីឆ្លង
៤៖ ប្រទេសថៃ ១៩ករណីឆ្លង
៥៖ ប្រទេសសិង្ហបុរី ១៣ករណីឆ្លង
៦៖ ប្រទេសអូស្ត្រាលី ០៩ករណីឆ្លង
៧៖ កោះតៃវ៉ាន់ ០៩ករណីឆ្លង
៨៖ ប្រទេសម៉ាឡេស៊ី ០៨ករណីឆ្លង
៩៖ ទីក្រុងម៉ាកាវ ០៧ករណីឆ្លង
១០៖ ប្រទេសកូរ៉េខាងត្បូង ០៧ករណីឆ្លង
១១៖ ប្រទេសបារាំង ០៦ករណីឆ្លង
១២៖ សហរដ្ឋអាមេរិក ០៦ករណីឆ្លង
១៣៖ ប្រទេសអាល្លឺម៉ង់ ០៧ករណីឆ្លង
១៤៖ ប្រទេសវៀតណាម ០៥ករណីឆ្លង
១៥៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ០៤ករណីឆ្លង
១៦៖ ប្រទេសកាណាដា ០៣ករណីឆ្លង
១៧៖ ប្រទេសអ៊ីតាលី ០២ករណីឆ្លង
១៨៖ ប្រទេសកម្ពុជា ០១ករណីឆ្លង
១៩៖ ប្រទេសហ្វាំងឡង់ ០១ករណីឆ្លង
២០៖ ប្រទេសឥណ្ឌា ០១ករណីឆ្លង
២១៖ ប្រទេសនេប៉ាល់ ០១ករណីឆ្លង
២២៖ ប្រទេសហ្វីលីពីន ០១ករណីឆ្លង
២៣៖ ប្រទេសស្រីលង្កា ០១ករណីឆ្លង
២៤៖ ចក្រភពអង់គ្លេស ០២ករណីឆ្លង
២៥៖ រុស្ស៉ី ០២ករណីឆ្លង
២៦៖ ស៊ុយអែត ០១ករណីឆ្លង
២៧៖ អេស្ប៉ាញ ០១ករណីឆ្លង
តួលេខខាងលើ គិតត្រឹមវេលាម៉ោង ១០៖៤៥នាទីព្រឹកថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០៕