ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តអំពាវនាវអោយប្រជាពលរដ្ឋអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីឌ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 63

ថ្លែងនៅលើទំព័រហ្វេសប៊ុកផ្លូវការ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីឌ-១៩ ដែលមិនទាន់មានសញ្ញាថមថយនៅឡើយ។

លោកក៏បានស្នើអោយក្រុមការងារគណបក្សប្រជាជនកម្ពុជា រាប់ទាំងសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងមន្រ្តីនៃសមាជិករាជរដ្ឋាភិបាល អជ្ញាធរ ក្រុមការងារយុវជន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បន្តចុះជួយអប់រំផ្សព្វផ្សាយវិធីបង្កាទប់ស្កាត់ជំងឺកូវីឌ-១៩ ជាប្រចាំនៅតាមមូលដ្ឋានដោយនាំទៅជាមួយនូវម៉ាស ឬក្រមា, ទឹកអាកុល, ចឹលសម្លាប់មេរោគ (Hand Sanitizer) អង្ករ, មី, ត្រីខ ចែកជូនប្រជាពលរដ្ឋក្រីក្រ ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមមូលដ្ឋានទូទាំងប្រទេស។

លោកបានបន្តថា «កុំចាំហៅពួកគាត់អោយមកចូលរួមប្រជុំ តែសូមទៅកាន់ទីកន្លែងដែលពួកគាត់រស់នៅតែម្តង ជាពិសេសក្នុងស្ថានភាពដែលយើងទាំងអស់គ្នាកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩ នៅពេលនេះ។ អរគុណមន្រ្តីនៃរាជរដ្ឋាភិបាល សមាជិកសភា និងសមាជិកព្រឹទ្ឋសភា ដែលបានលះបង់ប្រាក់បៀវត្សរ៍ចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីឌ-១៩»

លោកបានគូសបញ្ជាក់ថា «ដើម្បីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន និងសម្រាប់គ្រួសារ សូមបងប្អូនប្រជាពលរដ្ឋសហការជាមួយមន្ទីរសុខាភិបាល។ ក្នុងករណីមានការសង្ស័យ ហើយត្រូវការពិភាក្សាប្រឹក្សាយោបល់ សូមខលមកលេខ ១១៥ ជាបន្ទាន់»

អត្ថបទទាក់ទង