ខ្មែរប៉ុស្ដិ៍ Close

ខេត្តកំពង់ឆ្នាំងរៀបចំពិធីតែងតាំងប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 54
ខេត្តកំពង់ឆ្នាំងរៀបចំពិធីតែងតាំងប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ឆ្នាំងរៀបចំពិធីតែងតាំងប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម

កំពង់ឆ្នាំង៖ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ បានរៀបចំពិធីប្រកាសតែងតាំងប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។

លោក ទិត្យ ណាន ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម បានគូសបញ្ជាក់អោយដឹងថាកន្លងមកនេះ បុគ្គលិក និងមន្រ្តីនៃមន្ទីរឧស្សហកម្ម និងសិប្បកម្ម បានខិតខំបំពេញការងារ ដោយយកចិត្តទុកដាក់ ដោយចុះត្រួតពិនិត្យ និងផ្សព្វផ្សាយច្បាប់គតិយុត្តិនានា ដល់ម្ចាស់សហគ្រាស និងសិប្បកម្ម ទូទាំងខេត្ត អំពីនីតិវិធីនៃដំណើរការធ្វើសិប្បកម្មស្របទៅ និងលក្ខខណ្ឌដែលច្បាប់បានកំណត់។

ចំពោះបញ្ហាទឹកស្អាតនៅក្នុងខេត្តកំពង់ឆ្នាំង បច្ចុប្បន្ននេះគឺបានគ្រប់គ្រងដោយក្រុមហ៊ុនឯកជន ជាអ្នកផ្តល់សេវាទឹកស្អាតបានគ្រប់ដណ្តប់ដល់ក្នុងក្រុងកំពង់ឆ្នាំង និងតំបន់មួយចំនួននៅក្នុងស្រុករលាប្អៀរ ដែលធ្វើអោយប្រជាពលរដ្ឋនៅតំបន់ទាំងនេះ ងាយស្រួលទទួលបាននូវភាពងាយស្រួលក្នុងប្រើប្រាស់។ ដោយឡែកស្រុកផ្សេងៗទៀត ក៏មានការផ្គត់ផ្គង់ពីសហគ្រាស និងសិប្បកម្មផ្សេងទៀតផងដែរ។

តាមប្រកាសរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានសម្រេចតែងតាំងលោក ទិត្យ វង្សវិសាល បច្ចុប្បន្នជាអនុប្រធានមន្ទីរ អោយបំពេញមុខងារជាប្រធានមន្ទីរឧស្សហកម្ម និងសិប្បកម្មខេត្តកំពង់ឆ្នាំង ជំនួសលោក ទិត្យ ណាន ដែលត្រូវទទួលភារកិច្ចថ្មី។
បន្ទាប់ពីលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានរាយការណ៍អំពីកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងខេត្តកំពង់ឆ្នាំងរួចមក លោក ចម ប្រសិទ្ធ បានបញ្ជាក់ថា ការផ្លាស់ប្តូរមុខតំណែងមន្រ្តីរាជការគឺជាដំណើរការមួយជាធម្មតា ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងអង្គភាព អោយកាន់តែមានការរីកចម្រើនបន្ថែមទៀត ទៅតាមជំនាញនីមួយៗរបស់អង្គភាព។ ដូចនេះប្រធានមន្ទីរដែលទើបបានទទួលដំណែងថ្មី ត្រូវចេះសហការអោយបានជិតស្និទ្ធ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងចេះសាមគ្គីភាពផ្ទៃក្នុងអោយបានល្អក្នុងអង្គភាព ដើម្បីអោយដំណើរការនៅក្នុងអង្គភាពមានភាពរលូន និងមាននិរន្តរភាព។

អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ទៀតថា នៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង មានសក្តានុពលច្រើន ដែលអាចផ្តល់ឱកាសអោយអ្នកវិនិយោគិន ដាក់ទុនវិនិយោគបានច្រើនក្នុងការបង្កើតនូវរោងចក្រ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ដែលបង្កើតឱកាសការងារធ្វើដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានអោយបានច្រើន និងលើកទឹកចិត្តអោយម្ចាស់សិប្បកម្ម ទាំងអស់បង្កើនគុណភាពនៃការផលិត ដើម្បីប្រកួតប្រជែងនូវផលិតផលដែលនាំចូលពីក្រៅស្រុក ព្រោះថាពេលនេះ ប្រជាពលរដ្ឋបានងាកមកគាំទ្រនូវផលិតផលរបស់ខ្មែរយ៉ាងច្រើនផងដែរ។

បន្ថែមពីនោះ លោកក៏បានផ្តាំផ្ញើរដល់អង្គភាពផលិតទឹកស្អាត ត្រូវពង្រីកបណ្តាញទឹកស្អាតបន្តទៀត ជូនប្រជាជនអោយបានច្រើនកន្លែងបន្ថែមទៀត ដើម្បីបំពេញនូវសេចក្តីត្រូវការរបស់ពួកគាត់៕

អត្ថបទទាក់ទង