ខ្មែរប៉ុស្ដិ៍ Close

សម្តេច ហេង សំរិន ដឹកនាំគណៈប្រតិភូសភាចូលរួម មហាសន្និបាតអន្តរសភា អាស៊ាន លើកទី៤១ តាមប្រព័ន្ធវីដេអូ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២០ ព័ត៌មានទូទៅ 144

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់សភា​នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី​៤១ តាមប្រព័ន្ធវីដេអូ ដែលផ្សាយចេញពីទីក្រុងហាណូយ សាធារណរដ្ឋសង្គម​និយម​វៀតណាម នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០។

ការអញ្ជើញចូលរួមក្នុងមហាសន្និបាតនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកជំទាវ ង្វៀន ធីគីមងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋ​សង្គមនិយមវៀតណាម និងជាប្រធានអន្តរសភាអាស៊ាន(AIPA) លើកទី៤១ សម្តេច​អគ្គ​មហា​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្ដេច​ប្រធានបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និ​បាត​អន្តរសភាអាស៊ាន(AIPA) លើកទី៤១ ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ(Video Conference) ផ្សាយចេញពីទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤១ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ការទូតសភា ដើម្បីសម្រេចបានសហគមន៍អាស៊ាន ប្រកបដោយភាពស្អិតរមួត និងឆ្លើយ​តប”។ នៅក្នុងកំឡុងពេលនៃមហាសន្និបាតនេះ នឹងមានកិច្ចប្រជុំតាមគណៈកម្មាធិការ​ជាច្រើនរបស់ AIPA ដែលសម្តេចប្រធានរដ្ឋសភា និងសមាជិកគណៈប្រតិភូ ចូលរួមប្រជុំ​មានដូចជា កិច្ចប្រជុំពេញអង្គ កិច្ចប្រជុំគណៈកម្មាធិការស្រ្តី(WAIPA) កិច្ចប្រជុំសមាជិក​សភា AIPA វ័យក្មេង កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ច​ប្រជុំគណៈកម្មាធិការសង្គមកិច្ច និងកិច្ចប្រជុំគណៈកម្មាធិការរៀបចំជាដើម។

សូមជម្រាបថា អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) ជាអង្គការអន្តរ​សភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិកសមាគមប្រជា​ជាតិអាស៊ី​អាគ្នេយ៍(ASEAN) ដែលមានប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។ អន្តរសភាអាស៊ាន ជាការប្រមូលផ្តុំ សំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេច បាន​នូវគោលដៅសហគមន៍អាស៊ានតែមួយ។ មហាសន្និបាតអន្តរសភាអាស៊ាន បាន ប្រារព្ធ ធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកផ្លាស់វេនគ្នាតាមលំដាប់អក្ខរក្រមនៃ ឈ្មោះប្រទេសតាមអក្សរឡាតំាង៕

អត្ថបទទាក់ទង