ខ្មែរប៉ុស្ដិ៍ Close

កិច្ចប្រជុំគណៈកម្មាធិការនយោបាយអន្តរសភាអាស៊ាន មិនឯកភាពយកសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី «ការគាំទ្ររបស់សភាលើស្ថានភាពនៅមីយ៉ាន់ម៉ា» មកពិភាក្សាទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 19
កិច្ចប្រជុំគណៈកម្មាធិការនយោបាយអន្តរសភាអាស៊ាន មិនឯកភាពយកសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី «ការគាំទ្ររបស់សភាលើស្ថានភាពនៅមីយ៉ាន់ម៉ា» មកពិភាក្សាទេ កិច្ចប្រជុំគណៈកម្មាធិការនយោបាយអន្តរសភាអាស៊ាន មិនឯកភាពយកសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី «ការគាំទ្ររបស់សភាលើស្ថានភាពនៅមីយ៉ាន់ម៉ា» មកពិភាក្សាទេ

កិច្ចប្រជុំគណៈកម្មាធិការនយោបាយអន្តរសភាអាស៊ាន (AIPA) បានបង្ហាញឆន្ទៈមិនឯកភាព យកសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពី «ការគាំទ្ររបស់សភា លើស្ថានភាពនៅមីយ៉ាន់ម៉ា» មកពិភាក្សានោះទេ ខណៈរបៀបវារៈចំនួន ៤ ក្នុងចំណោមរបៀបវារៈចំនួន៥ ត្រូវបានយកមកពិភាក្សា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានដឹកនាំប្រតិភូគណៈកម្មាធិការនយោបាយកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការនយោបាយអន្តរសភាអាស៊ាន (AIPA) តាមរយៈប្រព័ន្ធវីដេអូ ភ្ជាប់ពីវិមានរដ្ឋសភាកម្ពុជា ទៅកាន់ទីក្រុងបាន់ដា បេហ្គាវ៉ាន់ ប្រទេសព្រុយណេដារូស្សាឡឹម ក្នុងឱកាសនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤២ ដែលសភាប្រទេសព្រុយណេដារូស្សាឡឹម ធ្វើជាម្ចាស់ផ្ទះ។

សមាសភាពសមាជិកគណៈប្រតិភូគណៈកម្មាធិការនយោបាយអាយប៉ាកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំនេះដែរមាន លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា, លោក ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា, លោក កែប ជុតិមា អនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា, លោក នឹម ច័ន្ទតារា លេខាធិការគណៈកម្មការទី៥ នៃរដ្ឋសភា និងលោក ព្រហ្ម វិរៈ អគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន និងមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋានសភាកម្ពុជា។

កិច្ចប្រជុំគណៈកម្មាធិការនយោបាយអន្តរសភាអាស៊ាននាពេលនេះ ដឹកនាំដោយ លោកស្រី Nik Hafimi Abdul Haadii សមាជិកក្រុមប្រឹក្សានីតិប្បញ្ញត្តិ នៃព្រុយណេដារូស្សាឡឹម និងជាប្រធានគណៈកម្មាធិការនយោបាយនៃអន្តរសភាអាស៊ាន (AIPA) លើកទី៤២ ដោយបានធ្វើការពិភាក្សាគ្នាលើរបៀបវារៈចំនួន៥ ដូចខាងក្រោម៖

  1. របាយការណ៍កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមអ្នកយោបាយអាយប៉ាលើកទី១២
  2. សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី «ការលើកកម្ពស់ការការពារសន្តិសុខតាមប្រព័ន្ធអ៉ីនធឺណែត ដើម្បីធន់នឹងលំហអ៉ីនធឺណែតនៅក្នុងអាស៊ាន» (ស្នើដោយប្រ៊ុយណេ)
  3. សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី «ការលើកកម្ពស់ការសន្តិសុខមនុស្សជាតិ នៅក្នុងបរិយាប័ន្នឌីជីថល សម្រាប់អាស៊ាន» (ស្នើដោយម៉ាឡេស៉ី)
  4. សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី «ជំរុញការទូតសភា ដើម្បីឆ្ពោះទៅសគមន៍អាស៊ាន» (ស្នើដោយប្រទេសថៃ)
  5. សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី «ការគាំទ្ររបស់សភា លើស្ថានភាពនៅមីយ៉ាន់ម៉ា» (ស្នើដោយ ឥណ្ឌូនេស៉ី)

លោក ឈាង វុន បានផ្ដល់បទអន្តរាគមន៍ទៅកាន់កិច្ចប្រជុំ ដោយបានលើកឡើងពីសារៈសំខាន់នៃការធ្វើឌីជីថលូបនីយកម្ម ដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបំពេញការងារយ៉ាងសកម្ម ក្នុងការរៀបចំសេចក្ដីព្រាងច្បាប់ពាក់ព័ន្ធនានាទាក់ទងទៅនឹងការធ្វើឌីជីថលូបនីយកម្ម ក្រោមក្របខណ្ឌនៃគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដើម្បីឆ្លើយតបទៅនឹងជីវភាពនៃការរីកចម្រើនក្នុងតំបន់ និងសកលលោកនាពេលបច្ចុប្បន្ននេះ។

លោកប្រធានគណៈប្រតិភូ បានថ្លែងថា គណៈប្រតិភូកម្ពុជាឯកភាពចំពោះការពិភាក្សាទៅលើរបៀបវារៈទាំង៤ ខាងដើម។ ចំណែករបៀបវារៈចុងក្រោយ គឺសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពី «ការគាំទ្ររបស់សភា លើស្ថានភាពនៅមីយ៉ាន់ម៉ា» ដែលស្នើឡើងដោយឥណ្ឌូនេស៉ី គណៈប្រតិភូគណៈកម្មាធិការនយោបាយកម្ពុជា ក៏ដូចជាគណៈប្រតិភូសមាជិកសភាអាយប៉ាមួយចំនួនផ្សេងទៀត មិនទាន់មានការឯកភាពគ្នាសម្រាប់ការពិភាក្សាទេ។

លោក ឈាង វុន បានលើកឡើងថា គណៈប្រតិភូសភាអាយប៉ាកម្ពុជាបានស្នើថា គួរបន្តទុកពេលវេលាជូនអាស៊ាន ដើម្បីអនុវត្តចំណុចដែលបានឯកភាពគ្នាជាឯកច្ឆ័ន្ទទាំង៥ នៅក្នុងកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ានកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១កន្លងមក នៅឥណ្ឌូនេស៉ី។

លោកបានបន្ថែមថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចែករំលែកគោលនយោបាយឈ្នះ ឈ្នះរបស់កម្ពុជាប្រកបដោយជោគជ័យ ក្នុងការនាំមកនូវសន្តិភាព និងការផ្សះផ្សាយូរអង្វែង ដែលរួមចំណែកដល់ការអនុវត្តចំណុចឯកភាពទាំង៥ខាងលើ។

លោក ឈាង វុន បានបញ្ជាក់ថា សភាកម្ពុជាលើកទឹកចិត្តឲ្យមានកិច្ចសន្ទនាប្រកបដោយន័យស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធនានា និងសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាយប៉ា ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យ និងបំណងប្រាថ្នារបស់អាស៊ាន។

សម្រាប់កិច្ចប្រជុំគណៈកម្មាធិការនយោបាយអន្តរសភាអាស៊ាននៅពេលនេះ បានឯកភាពគ្នាទៅលើរបៀបវារៈ តែ៤ប៉ុណ្ណោះ ចំណែករបៀបវារៈទី៥ (ចុងក្រោយ) គឺសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពី «ការគាំទ្ររបស់សភា លើស្ថានភាពនៅមីយ៉ាន់ម៉ា» អង្គប្រជុំមិនទាន់មានការឯកភាពលើកយកមកពិភាក្សានោះទេ៕ Fresh News

អត្ថបទទាក់ទង