អគ្គស្នងការរងនគរបាលជាតិថ្លែងថា រាជរដ្ឋាភិបាលនៅតែគិតគូរពីជីវភាពរស់នៅ ដោយមិនឲ្យមន្ត្រីចូលនិវត្តន៍ឯកោនោះទេ
ស្វាយរៀង៖ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយដ្ឋានបុគ្គលិក តំណាងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីប្រកាស ផ្ទេរភារកិច្ចតែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្កិ គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនមន្ត្រីនគរបាលជាតិ នៃស្នងការ នគរបាលខេត្តស្វាយរៀង និងលោក ពេជ សាវ៉ាន់ អភិបាលរងខេត្តស្វាយរៀង។ ក្នុងនោះស្នងការរងនគរបាលចំនួន៣រូប ត្រូវបានប្រកាសឲ្យចូលនិវត្តន៍ និងប្រកាសតែងតាំងស្នងការរង៤រូបទៀត ចូលកាន់មុខតំណែងនៅព្រឹកនេះផងដែរ។
នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានថ្លែងនូវការផ្តាំផ្ញើរសាកសួរសុខពីសំណាក់លោកឧបនាយករដ្ឋមន្រ្ដី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនមន្ត្រីនគរបាលទាំងអស់នៅខេត្តស្វាយរៀង។ នាយឧត្តមសេនីយ៍ បានថ្លែងបន្តទៀត ជាការធម្មតាទេសំរាប់មន្ត្រីនគរបាលជាតិយើង ដែលដល់អាយុដាក់ឲ្យចូលនិវត្តន៍ ដើម្បីដាក់ឲ្យមន្ត្រីនគរបាល ជំនាន់ក្រោយកាន់នូវមុខតំណែង ឬជាមន្ត្រីនគរបាលម្តងនោះ ទោះបីចូលនិវត្តន៍ក៏ពិតមែន តែរាជរដ្ឋាភិបាលនៅតែគិតគូរជានិច្ច ចំពោះជីវភាពរស់នៅមិនឲ្យមន្ត្រីចូលនិវត្តន៍ណាម្នាក់ឯកោនោះទេ។ ចំណែកមន្ត្រីនគរបាល ដែលចូលកាន់មុខតំណែងថ្មី ត្រូវខិតខំយកចិត្តទុកដាក់បំពេញការងារឲ្យបានល្អប្រសើរបន្ថែមទៀត និងទទួលយកបទពិសោធន៍ល្អៗ ពីរៀមច្បងដែលចូលនិវត្តន៍ មកអនុវត្តន៍ការងារផងដែរ។
សូមបញ្ជាក់ថា ស្នងការរងនគរបាលខេត្តស្វាយរៀង ដែលដាក់ឲ្យចូលនិវត្តន៍រួមមាន៖ ទី១-លោក ណុប គឹមហេង, ទី២-លោក ហែម សាបាន និងទី៣ លោក ឡឹក ចំរើន។ ចំណែកនាយនគរបាលដែលត្រូវប្រកាសជាស្នងការរងនគរបាលខេត្តថ្មីចំនួន៤រូបរួមមាន៖ ទី១-លោក កែវ សុថា, ទី២ លោក ម៉ែន កល្យាន ទី៣ លោក ហូ សុងរចនា និងទី៤ លោក ប្រាក់ សុជាតិ ៕