ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-ជប៉ុន កំណត់ទិសដៅ ៥ឆ្នាំ​ ក្នុងការជួយយប្រជាពលរដ្ឋកម្ពុជាដាំបន្លែតាមបែបទំនើប ​ដើម្បីផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 40

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនជប៉ុន ម៉ាយ៉ាតុហ្គ្រីន ខូអិលធីឌី បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីភាពជាដៃគូលើការអភិវឌ្ឍខ្សែក្រវាត់បៃតងក្នុងវិស័យទេសចរណ៍ ក្នុងគោលបំណងសំខាន់គឺដើម្បីជួយឱ្យប្រជាពលរដ្ឋកម្ពុជាចេះបច្ចេកទេសដាំបន្លែ និងកសិផលនានាតាមបែបទំនើបរបស់ជប៉ុន ដើម្បីទទួលបានកសិផលដែលមានគុណភាព-សុវត្ថិភាពខ្ពស់យកទៅផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍ និងអាចឈានដល់ការនាំចេញទៅលក់នៅប្រទេសជប៉ុន។

អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ថោង រដ្ឋស័ក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ជាមួយលោក ណាបេស៉ីម៉ា កាតស៊ូហ៉ីតុ (Nabeshima Katsuhito) ប្រធានក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami MASAHIRO) ឯកអគ្គរាជទូជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីក្រសួងទេសចរណ៍។ អនុស្សរណៈនេះផ្តោតលើគោលដៅបួនចំណុច រួមមានក្រវាត់បៃតងក្នុងវិស័យទេសចរណ៍ ឧស្សាហកម្មទេសចរណ៍ កសិទេសចរណ៍ និងទេសចរណ៍ជនបទ។

ឯកឧត្តម​ ថោង រដ្ឋស័ក្តិ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា គោលបំណងនៃការចុះអនុស្សរណៈនេះគឺដើម្បីគាំទ្រលក្ខណៈបច្ចេកទេសដាំបន្លែដែលមានគុណភាព សុវត្ថិភាពខ្ពស់ (គ្មានជាតិគីមី) សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការម្ហូបអាហារនៅតាមគោលដៅទេសចរណ៍នានាក្នុងប្រទេស និងអាចនាំចេញទៅលក់នៅប្រទេសជប៉ុនថែមទៀតផង។ កិច្ចការនេះក៏ជំរុញការយល់ដឹងទៅដល់ប្រជាកសិករកម្ពុជាឱ្យចេះដាំដុះ និងថែទាំបន្លែក្នុងផ្ទះកញ្ចក់ (Green House) តាមលក្ខណៈបច្ចេកទេសថ្មីដែលធានាបាននូវស្ដង់ដាគុណភាព និងសុវត្ថិភាពខ្ពស់។

ឯកឧត្តម​ ថោង រដ្ឋស័ក្តិ បានបន្តថា អនុស្សរណៈនៃការយោគយល់គ្នានេះមានរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០២៥ នៅពេលផុតអាណត្តិនេះ ភាគីទាំងពីរនឹងបន្តពិភាក្សាអំពីការបន្តគម្រោងទៅមុខទៀត។ គម្រោងអភិវឌ្ឍន៍ទ្រង់ទ្រាយធំនេះនឹងចាប់អនុវត្តចេញពីស្រុកបារាយណ៍ ខេត្តកំពង់ធំមុនគេបង្អស់ ​ដោយសារនៅភូមិសាស្ត្រស្រុកនេះសម្បូរទៅដល់ប្រព័ន្ធធារាសាស្ត្រ ដូចជាស្ទឹងជីនិត ប្រឡាយមេ ប្រឡាយរង និងប្រឡាយស្រោចស្រពច្រើនខ្វាត់ខ្វែង។ ចេញពីខេត្តកំពង់ធំនេះទៅ គម្រោងអភិវឌ្ឍន៍នឹងបន្តអនុវត្តនៅទូទាំងប្រទេសកម្ពុជា។

ឯកឧត្តម​បានបន្តទៀតថា នៅពេលផលិតបានជាបន្លែ និងកសិផលផ្សេងទៀតហើយ ក្រុមហ៊ុនចែកចាយដែលជាគ្រុបរបស់ក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីន នឹងនាំយកទៅចែកចាយនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាននានាក្នុងគោលដៅទេសចរណ៍ខេត្តសៀមរាប ខេត្តបាត់ដំបង តំបន់ភូមិភាគឦសាន តំបន់ឆ្នេរសមុទ្រ ក៏ដូចជានៅផ្សារ អ៉ីអន ម៉ល និងនៅតាមបុរីលំនៅដ្ឋានមួយចំនួននៅរាជធានីភ្នំពេញ ដូចជា បុរី ប៉េង ហួត ជាដើម ដែលមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីនមានទីផ្សារលក់បន្លែ និងកសិផលនៅក្នុងដៃរបស់ខ្លួនច្រើនដែរ។

បើតាមឯកឧត្តមអគ្គនាយក ថោង រដ្ឋស័ក្តិ បន្លែដែលនឹងអនុវត្តការដាំដុះដំបូងមានប្រមាណ ១០មុខ ភាគច្រើនដែលជាបន្លែដាំលើដី រយៈពេលខ្លី និងអាស្រ័យទៅតាមតំបន់ដែលអំណោយផងដល់ដំណាំនីមួយៗ។ នៅពេលឈានដល់ការនាំចេញទៅប្រទេសជប៉ុន មុខបន្លែដែលត្រូវដាំ គឺជាបន្លែដែលប្រទេសដាំដុះមិនបាន ឬនៅតាមរដូវ។ ឧទាហរណ៍ដូចជានៅរដូវត្រជាក់ខ្លាំង ប្រទេសជប៉ុនមិនអាចដាំប៉េងបោះបានឡើយ ប៉ុន្តែនៅកម្ពុជាអាចដាំដុះបាន ដូច្នេះដំណាំដែលប្រជាកសិករខ្មែរត្រូវដាំគឺប៉េងបោះ ហើយក្រុមហ៊ុននឹងជូនដំណឹងអំពីតម្រូវការនៅប្រទេសជប៉ុនប្រាប់ដល់កសិករខ្មែរ។

លោក ណាបេស៉ីម៉ា កាតស៊ូហ៉ីតុ បានឱ្យដឹងថា ក្រុមហ៊ុនយ៉ាម៉ាតុហ្គ្រីនរ៉ាប់រងលើការផលិត វេចខ្ចប់ និងចែកចាយនៅប្រទេសកម្ពុជា ព្រមទាំងអាចនាំចេញទៅក្រៅប្រទេសផងដែរ ពិសេសគឺប្រទេសជប៉ុន។ លោកបានបន្តថា ប្រជាជនជប៉ុនបានចាប់អារម្មណ៍ខ្លាំងមកលើប្រទេសកម្ពុជាលើចំណុចដែលប្រជាកសិករដាំដុះបន្លែ និងដំណាំផ្សេងៗនោះមិនសូវប្រើជីគីមី ឬសារធាតុដែលនាំឱ្យប៉ះពាល់ដល់សុខភាព ខណៈផ្ទៃដីកសិកម្មនៅកម្ពុជាក៏ធំទូលាយ និងសម្បូរធនធានទឹកសម្រាប់ស្រោចស្រពច្រើនផងដែរ ដូចជាទន្លេសាប និងបឹងទន្លេសាប ទន្លេមេគង្គជាដើម ដែលប្រការនេះពិតជាអំណោយផលដល់ការដាំដុះដំណាំខ្លាំងណាស់។​ប៉ុន្តែដោយសារប្រជាជនកម្ពុជានិយមធ្វើតែកសិកម្មតាមបែបប្រពៃណី ទិន្នផលក៏បានទាប បញ្ហាសត្វល្អិតក៏តែងតែយាយីដល់ដំណាំរបស់ពួកគាត់ ដូច្នេះទើបក្រុមហ៊ុនយ៉ាម៉ាតុហ្គ្រីនស្ម័គ្រចិត្តដាក់ទុនចូលរួមអភិវឌ្ឍវិស័យកសិកម្មនេះឱ្យកាន់តែទទួលបានទិន្នផលខ្ពស់ មានទីផ្សារលក់ចែកចាយគ្រប់គ្រាន់ កសិផលមានគុណភាព-សុវត្ថិភាពខ្ពស់ ហើយការដាំដុះក៏អាចជៀសផុតពីសត្វល្អិត និងរោគដំណាំនានាផងដែរ។

បើតាមប្រធានក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីនបាននិយាយ ប្រជាពលរដ្ឋជប៉ុនមានការជឿទុកចិត្តចំពោះផលិតផលកសិផលដែលនាំចេញពីកម្ពុជា ឱ្យតែផលិតផលណាដាក់ថា «Made in Cambodia» គឺពួកគេពិតជាមនិយមចូលចិត្តទិញយកទៅទទួលទាន និងប្រើប្រាស់ក្នុងតម្រូវការផ្សេងៗ។ លោកបានបញ្ជាក់ថា ក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីនបាននិងកំពុងរៀបចំកម្មវិធីគ្រប់មុខព្រួញបានជាច្រើនមកហើយដែរ ដើម្បីអនុវត្តកិច្ចការនានាខាងលើនេះ។

ឯកឧត្តម​ ថោង រដ្ឋស័ក្តិ បានលើកឡើងបន្តទៀតថា នៅពេលគម្រោងចាប់អនុវត្ត ប្រជាកសិករអាចទិញសិទ្ធិប្រើប្រាស់បច្ចេកទេសពីក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីន ​ដើម្បីទទួលបានការជួយបណ្ដុះបណ្ដាលបច្ចេកទេសដាំដុះ ថែទាំ និងដោះស្រាយបញ្ហានានាក្នុងពេលដាំដុះ ហើយនៅពេលទទួលបានផល ប្រជាកសិករអាចលក់ទៅឱ្យឈ្មួញ ឬក៏អាចចុះកិច្ចសន្យាលក់ឱ្យក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីនវិញផងដែរ ខណៈក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីនមានការធានាអំពីទីផ្សារ និងតម្លៃត្រឹមត្រូវជូនប្រជាកសិករ ពោលគឺមិនឱ្យប្រជាកសិករព្រួយបារម្ភអំពីបញ្ហាតម្លៃថោកហួសពេក គ្មានទីផ្សារលក់ ឬលើសតម្រូវការនោះឡើយ។

ប្រជាកសិករត្រូវដាំដុះបន្លែ និងដំណាំរបស់ខ្លួននៅក្នុងផ្ទះកញ្ចក់ (Green House) ព្រោះការធ្វើរបៀបនេះនឹងការពារដំណាំពីសត្វល្អិត និងរោគដំណាំផ្សេងៗ ​រក្សាសីតុណ្ហភាពដែលអំណោយផលដល់ការលូតលាស់ដំណាំ និងងាយស្រួលក្នុងការស្រោចស្រព ប្រមូលផល និងដាំដុះឡើងវិញផងដែរ។ ឯកឧត្តម​អគ្គនាយកបានបន្តឱ្យដឹងថា នៅពេលវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ផុតទៅ ស្ថានភាពវិស័យទេសចរណ៍ពិភពលោក ក៏ដូចជាកម្ពុជានឹងវិលមករកប្រក្រតីភាពឡើងវិញ ដូច្នេះតម្រូវការម្ហូបអាហារនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាននានានោះនឹងកាន់តែមានតម្រូវការខ្ពស់ ដូចជាទីផ្សារសម្រាប់លក់ និងចែកចាយបន្លែ កសិផលរបស់កសិករដែលចូលរួមជាមួយក្រុមយ៉ាម៉ាតុហ្គ្រីននេះនឹងកាន់តែធំទូលាយ។

ឯកឧត្តម​ ថោង រដ្ឋស័ក្តិ បានបន្តថា ក្រសួងទេសចរណ៍នឹងចូលរួមលើកទឹកចិត្តដល់ប្រជាកសិករ ឱ្យងាកបង្កបង្កើនផលដំណាំបន្លែតាមបច្ចេកទេសជប៉ុននេះឱ្យបានច្រើន ព្រមទាំងចូលរួមសម្រួលការចែកចាយបន្លែ និងកសិផលរបស់ប្រជាកសិករខាងលើទៅកាន់មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ និងជួយផ្សព្វផ្សាយពីគុណភាព-សុវត្ថិភាពបន្លែ ផ្លែឈើរបស់ពួកគាត់ទៅកាន់គោលដៅទេសចរណ៍ខេត្តសៀមរាប ខេត្តបាត់ដំបង តំបន់ភូមិភាគឦសាន តំបន់ឆ្នេរសមុទ្រជាដើម។

លើសពីនេះ ក្រសួងទេសចរណ៍នឹងសហការរៀបចំតំបន់កសិកម្មទាំងនោះទៅជាតំបន់កសិទេសចរណ៍ ទេសចរណ៍ជនបទ។ នៅពេលភ្ញៀវទេសចរទៅទស្សនាកម្សាន្តនៅតាមកន្លែងទាំងនោះ ពួកគេអាចលម្ហែកម្សាន្ត អាចភ្លក្ស អាចជ្រើសរើសសម្រាប់ឱ្យគេចម្អិនធ្វើម្ហូបទទួលទានភ្លាមៗ អាចថតរូបលេងកម្សាន្ត ពិសេសគឺអាចទិញពីកសិករ និងបេះខ្លួនឯងយកទៅចម្អិនទទួលទាននៅគេហដ្ឋានបានទៀតផងដែរ ដូចដែលក្រសួងទេសចរណ៍ចង់ជំរុញឱ្យមានការចេញចូលនៅនឹងកន្លែង។

គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់កិច្ចចុះអនុស្សរណៈខាងលើ គណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមហ៊ុនជប៉ុនបានធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Nippon Express ស្ថិតនៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ អស់រយៈពេលជាច្រើនម៉ោងផងដែរ។ ក្រុមហ៊ុន Nippon Express ជាក្រុមហ៊ុនចែកចាយផលិតផលនានាដែលនាំចេញពីកម្ពុជាទៅកាន់ប្រទេសជប៉ុន និងប្រទេសនានាជុំវិញពិភពលោក។

នៅក្នុងក្រុមហ៊ុន Nippon Express គេបានធ្វើបទបង្ហាញអំពីការវេចខ្ចប់ដែលមានការគិតគូរដល់ទំនួលខុសត្រូវលើផលប៉ះពាល់បរិស្ថាន ភាពស្អាត និងបៃតង ខណៈផលិតផលដែលនាំចេញទាំងអម្បាលម៉ានសុទ្ធតែឆ្លងកាត់ការត្រួតពិនិត្យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រឹមត្រូវ។ ក្រុមហ៊ុន Nippon Express មានបច្ចេកទេស និងឧបករណ៍បរិក្ខារក្នុងការវេចខ្ចប់ទំនើបតាមបែបស្ដង់ដាជប៉ុន ព្រមទាំងមានដៃគូយ៉ាងច្រើនក្នុងចែកចាយផលិតផលទៅជុំវិញពិភពលោក៕

អត្ថបទទាក់ទង