កម្ពុជាមានអ្នកប្រើអ៊ីនធើណិតជាង១៥លាននាក់ និងអ្នកប្រើប្រាស់គណនី Facebook ជាង១០លានគណនី គិតត្រឹមឆមាសទី១ឆ្នាំនេះ
(ភ្នំពេញ)៖ លោក អ៉ឹម វុត្ថា សមាជិក និងជាអ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២០នេះ នៅក្នុងប្រទេសកម្ពុជា មានអ្នកប្រើប្រាស់ទូរស័ព្ទចល័ត សរុបជាង២០លានស៊ីមកាត, អ្នកប្រើអ៊ីនធើណិតសរុបជាង១៥លាននាក់ និងអ្នកប្រើប្រាស់គណនី Facebook សរុបជាង១០លានគណនី។
លោក អ៉ឹម វុត្ថា បានបញ្ជាក់ពីស្ថិតិនៃវិស័យសេវាទូរគមនាគមន៍ (គិតត្រឹមចុងខែឧសភា ឆ្នាំ២០២០) ឆមាសទី១ ឆ្នាំ២០២០៖
១៖ អ្នកជួលជាវសេវាទូរស័ព្ទចល័ត (ប្រតិបត្តិករចំនួន៦) សរុប២០,៤៨១,០៥៤នាក់ (ឬស៊ីមកាត) ត្រូវនឹង១២៤.០៩% នៃចំនួនប្រជាជនសរុប ថយចុះ -០.០៨% បើធៀបនឹង៥ខែ ឆមាសទី១ ឆ្នាំ២០១៩។
២៖ អ្នកជួលជាវសេវាទូរស័ព្ទអចល័ត មានខ្សែនិងគ្មានខ្សែ (ប្រតិបត្តិករចំនួន៦) សរុប៥២,៤៨០នាក់ ត្រូវនឹង០.៣២% នៃចំនួនប្រជាជនសរុប ថយចុះ -២១.៦២% បើធៀបនឹង៥ខែ ឆមាសទី១ ឆ្នាំ២០១៩។
៣៖ អ្នកជួលជាវសេវាអ៊ីនធឺណិតចល័ត (ប្រតិបត្តិករចំនួន៧) សរុប១៤,៨៦៣,៤៣៥នាក់ (ឬស៊ីមកាត) ត្រូវនឹង៩០.០៥% នៃចំនួនប្រជាជនសរុប
ថយចុះ -២.៣៦% បើធៀបនឹង៥ខែ ឆមាសទី១ ឆ្នាំ២០១៩។
៤៖ អ្នកជួលជាវសេវាអ៊ីនធឺណិតអចល័ត (ប្រតិបត្តិករចំនួន៣៧) សរុប២៤៩,១៣២នាក់ ត្រូវនឹងចំនួន១.៥១% នៃចំនួនប្រជាជនសរុប កើនឡើង៣៣.០៧% បើធៀបនឹង៥ខែ ឆមាសទី១ ឆ្នាំ២០១៩។
៥៖ ចំនួនអ្នកប្រើប្រាស់គណនីហ្វេសបុកនៅកម្ពុជា មានចំនួនសរុប១០,៩៥០,០០០គណនី។
៦៖ ការគ្របដណ្តប់សេវាតាមបច្ចេកវិទ្យា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២០៖
* បច្ចេកវិទ្យា 2G មាន៩៩.២% នៃចំនួនប្រជាជនសរុប និងមានតំបន់គ្របដណ្តប់សេវា៨៥.៧% នៃផ្ទៃប្រទេសកម្ពុជា។
* បច្ចេកវិទ្យា 3G មាន៨៥.១% នៃចំនួនប្រជាជនសរុប និងមានតំបន់គ្របដណ្តប់សេវា ៦០% នៃផ្ទៃប្រទេសកម្ពុជា។
* បច្ចេកវិទ្យា 4G-LTE មាន៨០.៣% នៃចំនួនប្រជាជនសរុប និងមានតំបន់គ្របដណ្តប់សេវា ៥២.៧% នៃផ្ទៃប្រទេសកម្ពុជា។
៧៖ បណ្តាញខ្សែកាប្លិ៍អុបទិកក្នុងប្រទេស (ប្រតិបត្តិករចំនួន៣ មានសហគ្រាសរដ្ឋ១ គឺទូរគមនាគមន៍កម្ពុជា) សរុបប្រវែង៤៤,២៥១.៦គីឡូម៉ែត្រ៕