ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យក្រសួងសុខាភិបាល បំភ្លឺ ៥ចំណុច ជុំវិញករណីអនិកជនខ្មែរអាមេរិកាំងគេចវេសពីការធ្វើចត្តាឡីស័ក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 19
អ្នកនាំពាក្យក្រសួងសុខាភិបាល បំភ្លឺ ៥ចំណុច ជុំវិញករណីអនិកជនខ្មែរអាមេរិកាំងគេចវេសពីការធ្វើចត្តាឡីស័ក អ្នកនាំពាក្យក្រសួងសុខាភិបាល បំភ្លឺ ៥ចំណុច ជុំវិញករណីអនិកជនខ្មែរអាមេរិកាំងគេចវេសពីការធ្វើចត្តាឡីស័ក

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ តាមរយៈបណ្តាញសង្គមតេឡេក្រាម លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបំភ្លឺជូនសាធារណជនទាំងអស់ ដោយឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានជាច្រើនដែលបានសាកសួរមកកាន់លោកស្រី ដូចខាងក្រោមនេះ៖

សំណួរទី១. តើស្ត្រីអនិកជនខ្មែរ-អាមេរិកាំងនោះ នៅបន្តធ្វើចត្តាឡីស័កនៅខេត្តកំពង់ចាម ឬយកមកភ្នំពេញ? ព្រោះឮថា ក្រសួងសុខាភិបាលយកគាត់មកធ្វើចត្តាឡីស័កនៅភ្នំពេញ?
ចម្លើយសំណួរទី១. ស្ត្រីរូបនោះ ត្រូវបានដាក់ធ្វើចត្តាឡីស័កនៅខេត្តកំពង់ចាមចំនួន១៤ថ្ងៃ នៅក្នុងសណ្ឋាគារមួយដែលបានរៀបចំឡើងដោយអាជ្ញាធរខេត្ត។

សំណួរទី២៖ តើកន្លងមកធ្លាប់មានករណីរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័កនេះដែរឫទេ? បើមានតើសរុបប៉ុន្មានករណីដែរ?
ចម្លើយសំណួរទី២. កន្លងមកក៏មានការគេចវេសក្នុងការធ្វើតេស្តរកវីរុសកូវីដ-១៩ ក្នុងចំនួនតិចតួចណាស់ តែមិនមានការគេចវេសធ្វើចត្តាឡីស័កបែបដូចករណីស្ត្រីខ្មែរ-អាមេរិកាំងនេះទេ។យើងបានអប់រំណែនាំពួកគាត់ដើម្បីព្រមព្រៀងធ្វើតេស្ត និងតាមដានសុខភាពបន្ត។

សំណួរទី៣៖ តើក្រសួងសុខាភិបាលនឹងមានវិធានការបែបណា សម្រាប់ស្ត្រីរូបនេះ ឬអ្នករត់ចេញពីមណ្ឌលចត្តាឡីស័ក្តដោយដាក់ទោសទណ្ឌ ឬពិន័យអ្វីទេដើម្បីការពារកុំឱ្យមានការរត់ចេញបែបនេះទៀត?
ចម្លើយសំណួរទី៣. នេះជាករណីដែលបានចាកចេញពីកន្លែងធ្វើចត្តាឡីស័កដោយមិនបានស្នើសុំត្រឹមត្រូវដែលជាទង្វើលួចចេញដោយមិនគោរពតាមវិធានការចត្តាឡីស័កសម្រាប់គ្រប់គ្រងប្រទេសក្នុងគ្រាមានការរាតត្បាតជំងឺឆ្លងជាអន្តរជាតិនេះ។ ករណីនេះ ទាមទារពេលវេលាបន្តិចសិនដើម្បីក្រុមការងារ ថ្នាក់ក្រោមជាតិដែលមានអាជ្ញាធរខេត្តដឹកនាំ កំពុងធ្វើការងារបន្តទៀតសិន។

សំណួរទី៤៖ ប្រជាពលរដ្ឋខ្មែរដែលនឹងត្រូវធ្វើដំណើរពីប្រទេសរុស្ស៊ី និងអេហ្ស៊ីប ឆ្លងតាមប្រទេសម៉ាឡេស៊ី តើក្រសួងសុខាភិបាលនឹងមានវិធានការនិងធ្វើចត្តាឡីស័កពួកគាត់នៅឯណា?
ចម្លើយសំណួរទី៤. ក្រសួងបានត្រៀមលក្ខណ:ជួយសម្របសម្រួលអនុវត្តវិធានការត្រួតពិនិត្យសុខភាព ជូនដល់អ្នកដំណើរទាំងអស់ដែលត្រូវចូលមកកម្ពុជា ដូចដែលបាននិងកំពុងធ្វើហើយ។ ប្រសិនបើមានព័ត៌មានអ្វីបន្ថែមទៀតក្រសួងសុខាភិបាលនឹងជូនព័ត៌មានដល់សាធារណជនដូចធ្លាប់បានធ្វើកន្លងមកអញ្ចឹង។

សំណួរទី៥. តើលោកជំទាវមានជាសារឬការណែនាំអ្វីចង់បញ្ជាក់បន្ថែមទៀតអ្វីខ្លះដែរទេ?
ចម្លើយសំណួរទី៥. ថ្ងៃនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីណែនាំតាមរយ:ទំព័រហ្វេសប៊ុករបស់សម្តេចរួចហើយ ដូច្នេះខ្ញុំសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួនក្នុងការការពារការចម្លងវីរុសកូវីដ-១៩ តាមការអំពាវនាវ និងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងរបស់ក្រសួងសុខាភិបាល ដូចដែលធ្លាប់បានពន្យល់និងលើកឡើងជារឿយៗ និងច្រើនលើកមកហើយដែរ។ សម្រាប់បុគ្គលដែលត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ៖ ចាំបាច់ត្រូវតែគោរពអនុវត្តវិធានការចត្តាឡីស័កនេះឲ្យបានហ្មត់ចត់ត្រឹមត្រូវ ទាំងជនជាតិខ្មែរ ទាំងជនបរទេសទាំងអស់ដែលរស់នៅ និងចូលមកកម្ពុជា។ ប្រសិនបើមិនប្រតិបត្តិតាមវិធានការដែលក្រសួងសុខាភិបាលដាក់ចេញឲ្យអនុវត្តនោះទេបុគ្គលដែលមិនគោរព និងមិនប្រតិបត្តិតាមវិធានការសុខាភិបាលឬរត់គេចវេស ពីការអនុវត្តវិធានការនេះ ដោយចេតនាតែអចេតនាក្តីនឹងត្រូវទទួលទោសឬទទួលការផាកពិន័យស្របតាមផ្លូវច្បាប់មានជាធរមាននៅកម្ពុជា ដូចជាអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូល ជាដើម៕

អត្ថបទទាក់ទង