ខេត្តសៀមរាប រៀបចំកម្មវិធីជិះកង់ និងដាំកូនឈើប្រណីត ក្រោមប្រធានបទ «សន្តិភាព យុត្តិធម៌ សាសនា បេតិកភណ្ឌ បរិស្ថាន»
ខេត្តសៀមរាប រៀបចំកម្មវិធីជិះកង់ និងដាំកូនឈើប្រណីត ក្រោមប្រធានបទ «សន្តិភាព យុត្តិធម៌ សាសនា បេតិកភណ្ឌ បរិស្ថាន»
ដើមឈើប្រណីតមានធ្នង់ ក្រញូង បេង នាងនួន សុក្រំនិងឈើផ្ការំដួល ថ្កុលមាស សរុបចំនួន៤០០ដើម បានដាំនៅក្នុងបរិវេណប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ក្រោមប្រធានបទ «សន្តិភាព យុត្តិធម៌ សាសនា បេតិកភណ្ឌ បរិស្ថាន»។
ពិធីដាំកូនឈើនេះអញ្ជើញចូលរួមដោយលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលនិងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន លោក ពៅ ពិសិទ្ធិ គណៈអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងមន្ត្រី បុគ្គលិកតាមស្ថាប័ននីមួយៗ សរុប២៣៤នាក់។
លោក ហង់ ពៅ បានលើកឡើងថា អាជ្ញាធរជាតិអប្សរាបានដាំកូនឈើនៅក្នុងឧទ្យានអង្គរចាប់ពីឆ្នាំ២០១៤ ជាប្រយោជន៍សម្រាប់ការរស់នៅនិងការអភិរក្សប្រាង្គប្រាសាទ រួមទាំងបម្រើឱ្យវិស័យទេសចរណ៍ផង។ លោក ក៏បានបញ្ចាក់ថា មុនកាប់ដើមឈើមួយដើមៗ គួរពិចារណាពីផលប្រយោជន៍របស់ដើមឈើ ហើយចូលរួមដាំឡើងវិញទាំងអស់គ្នា និងចងចាំថា «ដើមឈើខ្ញុំនៅក្នុងតំបន់អង្គរ»។ ក្នុងនោះដែរ ជាគោលដៅឆ្នាំនេះ អាជ្ញាធរជាតិអប្សរានឹងចែកជូនកូនឈើជាង១០ម៉ឺនដើមឱ្យទៅសាធារណជនយកទៅដាំនៅតាមសហគមន៍ និងបង្កើតគម្របបៃតងដល់បរិស្ថាន។
លោក ពៅ ពិសិដ្ឋ ក៏បានលើកឡើងថា គ្រប់គ្នាតែងមានគំនិតព្រួយបារម្ភ ពីការរេចរិលព្រៃឈើនៅក្នុងប្រទេសកម្ពុជា នាំឱ្យបាត់បង់ទំនុកចិត្តក្នុងការដាំដើមឈើឡើងវិញ តែសូមតាំងស្មារតីឡើងដើម្បីរួមគ្នាជាថ្មី ប្រយុទ្ធប្រឆាំងការបំផ្លាញព្រៃឈើ ឱ្យស្របតាមប្រសាសន៍របស់សម្តេចតេជោ គឺត្រូវដាំដើមឈើឱ្យបានរាប់ម៉ឺនហិកតា រាប់លានដើមនៅក្នុងប្រទេសកម្ពុជា ខណៈស្រុកទេសមានសុខសន្តិភាព។ សូមកុំឱ្យមានត្រឹមទស្សនៈស្រឡាញ់ដើមឈើ តែមិនដាំ ហើយនាំតែគ្នាបំផ្លាញ។
លោក គី តិច បានថ្លែងអំណរគុណចំពោះការសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរានិងគណៈអភិបាលខេត្តសៀមរាប រួមទាំងប្រជាពលរដ្ឋអនុញ្ញាតឱ្យក្រុមមេធាវីបានដាំដើមឈើនៅក្នុងបរិវេណខាងត្បូងប្រាសាទអង្គរវត្ត ទុកជាកេរតំណែល និងជាគំរូសម្រាប់បំផុសទឹកចិត្តឱ្យសាធារណជនស្រឡាញ់ ព្រមទាំងចូលរួមដាំដើមឈើទាំងតាមទីសាធារណៈ ស្ថាប័ន តំបន់ប្រវត្តិសាស្ត្រ និងសហគមន៍ដែលខ្លួនរស់នៅកាន់តែច្រើន។
លោកក៏បានបញ្ជាក់ពីមូលហេតុនៃការរៀបចំពិធីនេះ គឺក្រោមការដឹកនាំរបស់សម្តេចតេជោ បានធ្វើឱ្យប្រទេសមានសន្តិភាព ដែលនាំមកនូវការអភិវឌ្ឍ យុត្តិធម៌ សាសនាសុខុដុមរមនា ការការពារបេតិកភណ្ឌ និងបរិស្ថានបានល្អ។
ក្រៅពីពិធីដាំកូនឈើ ថ្នាក់ដឹកនាំក្រុមមេធាវីស្ម័គ្រចិត្តរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្តសៀមរាប និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា រួមទាំងសមាជិក សមាជិកា ក៏បានជិះកង់ដើម្បីបរិស្ថាន ហើយនឹងធ្វើពិធីបួងសួងសុំសេចក្តីសុខចម្រើនដល់វត្ថុស័ក្តិសិទ្ធិនៅប្រាសាទអង្គរវត្តថែមទៀតផង៕








