ខ្មែរប៉ុស្ដិ៍ Close

    ឧទ្យានជាតិវីរៈជ័យ ជាតំបន់ទេសចរណ៍ ដែលមានទេសភាពស្រស់ស្អាត គួរជាទីគយគន់គ្រប់រដូវកាល នៅខេត្តរតនគិរី

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 3749
    ឧទ្យានជាតិវីរៈជ័យ ជាតំបន់ទេសចរណ៍ ដែលមានទេសភាពស្រស់ស្អាត គួរជាទីគយគន់គ្រប់រដូវកាល នៅខេត្តរតនគិរីឧទ្យានជាតិវីរៈជ័យ ជាតំបន់ទេសចរណ៍ ដែលមានទេសភាពស្រស់ស្អាត គួរជាទីគយគន់គ្រប់រដូវកាល នៅខេត្តរតនគិរី

    តំបន់ទេសចរណ៍ភ្នំវាលធំ នៃឧទ្យានជាតិវីរជ័យ ខេត្តរតនគិរី មានទេសភាពស្រស់ស្អាតគួរជាទីគយគន់គ្រប់រដូវកាល ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តមិនចេះដាច់។

    លោកស្រី ឡយ ហង្សដា មន្ត្រីនៃការិយាល័យឧទ្យានជាតិវីរៈជ័យ បានប្រាប់ឲ្យដឹងថា ភ្នំវាលធំជាតំបន់មានវាលស្មៅខៀវខ្ចីស្រងាត់ បង្កើតជាទេសភាពស្រស់ស្អាតនៅតាមជួរជ្រលងភ្នំ ព្រមទាំងមានបរិយាកាសស្រស់ស្រាយ នឹងត្រជាក់ មិនចាញ់ខេត្តមណ្ឌលគិរីឡើយ ជាពិសេសជាកន្លែងទេសចរណ៍បែបផ្សងព្រេង។ លោកស្រីបានបន្តថា ភ្ញៀវទេសចរអាចឡើងទៅលេងទីនោះបាន តាមរយៈការធ្វើដំណើរដោយថ្មើរជើងប្រហែល ៦ម៉ោង ឬការជិះម៉ូតូកែច្នៃ ហើយអាចបោះតង់សំរាកលំហែនៅទីនោះបាន។ លើសពីនេះ ភ្ញៀវទេសចរអាចថតរូបទុកជាអនុស្សាវរីយ៍ ស្តាប់ឮសំឡេងសត្វព្រៃតូចធំ និងបានឃើញសត្វទាំងនោះដូចជា៖ ឈ្លូស ក្តាន់ ប្រើស និងសត្វព្រៃជាច្រើនទៀត ក្នុងឧទ្យាននេះផងដែរ។

    លោកស្រីបានបន្តថា ៖ «ខែហ្នឹងនិយាយពីទេសភាពគឺស្អាត ហើយបើសត្វគឺក៏សំបូរដែរ នៅខាងនោះគ្រាន់តែវាពិបាករឿងផ្លូវឡើងទៅ បើសិនជាខែភ្លៀង វាមានការពិបាកក្នុងការឡើង ប៉ុន្តែជនជាតិបារាំងគាត់ចូលចិត្តទៅ ខែហ្នឹងស្អាតនិយាយថាស្អាត ហើយនៅទីហ្នឹងមានតំបន់ប្រវត្តិសាស្រ្ត ច្រើនមានជ្រោះក៍មាន ភ្នំក៏មាន ហើយសត្វក៏មាន គាត់អាចលឺសម្លេងសត្វទោចយំអញ្ចឹង ពេលខ្លះគាត់បានជួបទៀត គាត់បានឃើញដូចជាប្រើសអីជាដើម ចំណែកឯជ្រូកព្រៃភាគច្រើន គាត់ឃើញតែស្នាមដានជើងក៏ពួកគាត់សប្បាយចិត្តដែរ»។

    លោកស្រីបានបន្ថែមទៀតថា ប្រសិនបើភ្ញៀវទេសចរ ចង់ទៅលេងកម្សាន្ត ឬបោះតង់សម្រាកលំហែ នៅក្នុងឧទ្យាននេះ គឺត្រូវទាក់ទងមកការិយាល័យអេកូទេសចរណ៍ធម្មជាតិ នៃមន្ទីរបរិស្ថានខេត្តរតនគិរី ជាមុនសិន ព្រោះតែកន្លែងទេសចរណ៍នេះ ជាតំបន់គ្រប់គ្រងដោយឧទ្យានុរក្សបរិស្ថាន ពោលជាកន្លែងដែលអភិរក្សយ៉ាងមុតមាំក្នុងការការពារព្រៃឈើ និងដែនជំរកសត្វព្រៃ ហើយបានចុះបញ្ជីជាតំបន់ការពារបេតិកភ័ណ្ឌរបស់អាស៊ានទៀតផង។

    គួរបញ្ជាក់ថា តំបន់ទេសចរណ៍វាលធំ ស្ថិតក្នុងឃុំកោះប៉ង ស្រុកវើនសៃនិងឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគីរី នៃឧទ្យានជាតិវីរៈជ័យ ដែលជាជម្រកធម្មជាតិយ៉ាងសំខាន់សម្រាប់សត្វស្លាប ២០០ប្រភេទ ថនិកសត្វ ១៥ប្រភេទ ល្មូន៣៥ប្រភេទ មច្ឆា ៣៧ប្រភេទ កណ្តូប១៩ប្រភេទ និងប្រភេទសត្វផ្សេងៗទៀត៕

    អត្ថបទទាក់ទង