ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តរតនគិរី អះអាងថា គិតមកទល់ពេលនេះនៅក្នុងខេត្តរតនគិរី ពុំទាន់មានករណីវិជ្ជមានកូវីដ-១៩ ចូលក្នុងសហគមន៍ឡើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 40
អភិបាលខេត្តរតនគិរី អះអាងថា គិតមកទល់ពេលនេះនៅក្នុងខេត្តរតនគិរី ពុំទាន់មានករណីវិជ្ជមានកូវីដ-១៩ ចូលក្នុងសហគមន៍ឡើយ អភិបាលខេត្តរតនគិរី អះអាងថា គិតមកទល់ពេលនេះនៅក្នុងខេត្តរតនគិរី ពុំទាន់មានករណីវិជ្ជមានកូវីដ-១៩ ចូលក្នុងសហគមន៍ឡើយ

លោក ថង សាវុន អភិបាលខេត្តរតនគិរី បានបញ្ជាក់ថា គិតមកទល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២១នេះ នៅក្នុងខេត្តរតនគិរី ពុំទាន់មានករណីវិជ្ជមានកូវីដ-១៩ ចូលក្នុងសហគមន៍ឡើយ។ ទាំងនេះអាស្រ័យដោយបងប្អូនប្រជាពលរដ្ឋ មានការយល់ដឹង និងសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងអនុវត្តបាននូវវិធានការ «៣កុំ ៣ការពារ» របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិតនៃយើង។

លោក បានបន្តថា នាពេលខាងមុខនេះតាមប្រពៃណី ទំនៀមទម្លាប់បងប្អូនកាត់សែស្រឡាយចិន នឹងត្រូវធ្វើដំណើរទៅជួបជុំបងប្អូនសាច់ញាតិនៅស្រុកកំណើត ឬទីកន្លែងផ្សេងៗទៀតក្នុងប្រទេស។

ដើម្បីបង្ការបានពីហានិភ័យ និងកុំឲ្យមានវិប្បដិសារី លោក ថង សាវុន បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ គិតគូរឡើងវិញអំពីភាពចាំបាច់នៃការសែនព្រេនតាមប្រពៃណី និងហានិភ័យនៃជំងឺកូវីដ-១៩ ដោយផ្អាកការធ្វើដំណើរទៅសែនផ្នូរ(ឆេងម៉េង) ដើម្បីបង្ការការចម្លង ព្រោះយើងមិនអាចមើលឃើញថា ជំងឺកូវីដ-១៩ នៅទីណាខ្លះនោះឡើយ។ ក្នុងករណីបងប្អូនធ្វើដំណើរទៅដោយខានពុំបាន ពេលត្រឡប់មកវិញ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចផ្តល់ព័ត៌មានពិតប្រាកដអំពីទីតាំងដែលបានទៅ និងត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះរយៈពេល ១៤ថ្ងៃ ក្រោមការតាមដានសុខភាពពីមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានជាកំហិត។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានណែនាំដល់ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងវិធានការត្រួតពិនិត្យចលនាប្រជាពលរដ្ឋចេញ-ចូល នៅដើមទី លើផ្លូវជាតិលេខ៧៦ ស្រុកលំផាត់ និងផ្លូវជាតិលេ៧៨ ស្រុកកូនមុំ និងនៅគ្រប់មូលដ្ឋានទាំងអស់។

លោកអភិបាលខេត្តជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងមានការសហការល្អ ចូលរួមដើម្បីការពារអាយុជីវិតយើង និងមនុស្សជាទីស្រលាញ់របស់យើង ហើយយើងនឹងឆ្លងផុតពីជំងឺរាតត្បាតដ៏អាក្រក់ទាំងអស់នេះទាំងអស់គ្នា៕

អត្ថបទទាក់ទង