ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការងារ បន្តជូនដំណឹងអំពីការបើកប្រាក់ឧបត្ថម្ភ ដល់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 3
ក្រសួងការងារ បន្តជូនដំណឹងអំពីការបើកប្រាក់ឧបត្ថម្ភ ដល់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ក្រសួងការងារ បន្តជូនដំណឹងអំពីការបើកប្រាក់ឧបត្ថម្ភ ដល់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនដំណឹងដល់កម្មករនិយោជិតចំនួន ៧៦១២នាក់ នៃរោងចក្រសហគ្រាសចំនួន៨ នៃវិស័យកាត់ដេរ ដែលត្រូវបានការព្យួរកិច្ចសន្យាការងារ សូមទៅបើកប្រាក់ឧបត្ថម្ភ របស់រាជរដ្ឋាភិបាល នៅភ្នាក់ងារវីង បន្ទាប់ពីទទួលការផ្ញើសារទៅក្នុងទូរស័ព្ទដៃ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ចុះនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាម២០២០។

សេចក្តីជូនដំណឹង បានឲ្យដឹងថា ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យាការងារ ក្រោយការបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញទន់ ក្នុងនោះរួមមាន៖

* ១៥៣ ៩០០រៀល (៣៨ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១ខែ
* ៣០៧ ៨០០រៀល (៧៦ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ២ខែ។

បើតាមសេចក្តីជូនដំណឹងដដែល ក្រសួងបានរំឮកថា ធនាគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាកម្មករខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារឯកទេសវីង។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ កម្មករនិយោជិតត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុត។

សូមបញ្ជាក់ថា កម្មករនិយោជិត មិនតម្រូវឲ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយ ពេលបើកប្រាក់ឧបត្ថម្ភនេះ។ ក្នុងករណីកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាសទាំង៨នេះ មិនបានទទួលសារទូរសព្ទពីធនាគារឯកទេសវីងនោះ សូមទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួន។

ក្រសួងការងារនឹងបន្តជូនដំណឹងដល់កម្មកររោងចក្រ សហគ្រាសដទៃផ្សេងទៀត អំពីការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះផងដែរ៕

អត្ថបទទាក់ទង