ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្តីក្រសួងកសិកម្ម នឹងជួយរកដំណោះស្រាយទីផ្សារក្រៅប្រទេសសម្រាប់ផ្លែមៀន ខេត្តប៉ៃលិន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 51
រដ្ឋមន្រ្តីក្រសួងកសិកម្ម នឹងជួយរកដំណោះស្រាយទីផ្សារក្រៅប្រទេសសម្រាប់ផ្លែមៀន ខេត្តប៉ៃលិន រដ្ឋមន្រ្តីក្រសួងកសិកម្ម នឹងជួយរកដំណោះស្រាយទីផ្សារក្រៅប្រទេសសម្រាប់ផ្លែមៀន ខេត្តប៉ៃលិន

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានសន្យាជាមួយសហគមន៍ផ្លែមៀនប៉ៃលិនក្នុងការជួយស្វែងរកដំណោះស្រាយលើបញ្ហាទីផ្សារដែលសហគមន៍បានកំពុងជួបប្រទះជាពិសេសទីផ្សារក្រៅប្រទេសប៉ុន្តែកសិករយើងត្រូវខិតខំផលិតផ្លែមៀនប្រកបដោយគុណភាពស្របតាមស្តង់ដាប្រទេសដែលបញ្ជាទិញ។ លោក បានមានប្រសាសន៍លើកឡើងបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយបងប្អូនសមាជិកសមាជិកាសមាគមផ្លែមៀនប៉ៃលិនប្រមាណ១៥០នាក់ ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់លោក ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនផងដែរ។

លោក វេង សាខុន បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអភិបាលខេត្តប៉ៃលិន និងមន្ត្រីជំនាញ ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងដឹកនាំគ្រប់គ្រង និងអភិវឌ្ឍទឹកដីខេត្តប៉ៃលិន ធ្វើឱ្យខេត្តនេះមានការវិវឌ្ឍន៍រីកចម្រើនគួរជាទីមោទន ដោយជាក់ស្តែង ដំណាំកសិ-ឧស្សាហកម្ម ផ្ទៃដី និងទិន្នផលមានការកើនឡើងជាបន្តបន្ទាប់ រហូតឈានទៅផលិតលើសពីសេចក្តីត្រូវការក្នុងស្រុក និងទាមទារធ្វើការនាំចេញហើយទីផ្សារនាំចេញនេះហើយ គឺជាប្រធានបទដែលត្រូវលើកយកមកពិភាក្សាគ្នាធ្វើយ៉ាងណាដោះស្រាយបញ្ហាកកស្ទះកសិផលរបស់បងប្អូនដែលកំពុងប្រឈមនាពេលនេះ។

ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នក្រសួងដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ គឺកំពុងខិតខំពុះពារ ជំរុញ និងចរចារជាមួយភាគីចិន ដោយយកចិត្តទុកដាក់ និងស៊ីជម្រៅទាំងការងារបច្ចេកទេសនិងលក្ខខណ្ឌតម្រូវភូតគាមអនាម័យសំខាន់ៗដែលភាគីនាំចេញ (កម្ពុជា) ត្រូវបំពេញឱ្យខាងតែបាន ហើយថ្មីៗនេះ ក្រសួងបានទទួលចម្លើយបឋមពីភាគីចិនថាករណីសំណើនាំចេញមៀនប៉ៃលិន ភាគីចិនបាននិងកំពុងពិនិត្យលើឯកសារសំណើនេះតាំងពីខែមិថុនាឆ្នាំ២០១៩ ហើយសង្ឃឹមថាឯកសារសំណើនេះនឹងត្រូវបានអនុម័តក្រោយពេលពិធីសារនាំចេញស្វាយស្រស់កម្ពុជាដែលបានផ្លាស់ប្តូររវាងភាគីទាំងពីរកាលពីសប្តាហ៍មុនអនុវត្តន៍បានរលូនជាមុនសិន។

នៅក្នុងឱកាសនោះផងដែរ លោក វេង សាខុន បានមានប្រសាសន៍ផ្តាំផ្ញើដល់សមាគមផ្លែមៀនប៉ៃលិន ត្រូវខិតខំផលិតផ្លែមៀន ឱ្យមានគុណភាពល្អ តាមក្បួនខ្នាតបច្ចេកទេស រួមមាន៖ ការងារដាំដុះ ថែរក្សា ការពារសត្វចង្រៃ ការប្រើជី និងថ្នាំពុលកសិកម្មសម្រាប់កម្ចាត់សត្វល្អិត បច្ចេកទេសក្រោយពេលប្រមូលផល ជាពិសេសការអនុវត្តកសិកម្មល្អ (Good Agricultural Practices, GAP) នៅនឹងចម្ការផ្ទាល់ និងការអនុវត្តកន្លែងកែច្នៃល្អ (Good Manufacturing Practices, GMP) តែម្តង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាំចេញ។

បើតាមរបាយការណ៍ស្វាគមន៍របស់លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា៖ បច្ចុប្បន្នផ្លែមៀនប៉ៃលិនមានផ្ទៃដីដាំដុះសរុបទូទាំងខេត្ត ប្រមាណជា ៣២៥០ ហ.ត បានផ្តល់ទិន្នផលបានជាង ៣២ ៥០០ តោនក្នុងឆ្នាំ ហើយមានបញ្ហាប្រឈមមួយចំនួនដូចជា៖
ទី១- ការលំបាកក្នុងការនាំចេញផលិតផលមៀនប៉ៃលិនកម្ពុជាទៅកាន់ទីផ្សារបរទេស
ទី២- នីតិវិធីក្នុងការចុះបញ្ជីចម្ការមៀនឱ្យស្របតាមគោលការណ៍នៃការអនុវត្តកសិកម្មល្អ
ទី៣- នីតិវិធីស្នើសុំបញ្ជាក់គុណភាព ISO៕

អត្ថបទទាក់ទង